(អាមេរិក)៖ ជាការពិតណាស់ ផ្កាយ និងកាឡាក់ស៊ីនានាបានកើតចេញពីបន្ទុះប៊ីកប៊ែង (Big Bang) កាលពី ១៣.៨ពាន់លានឆ្នាំមុន ហេតុដូច្នេះបើយើងរកឃើញផ្កាយដែលមានវ័យចំណាស់ ជាងចក្រវាឡមួយនេះទៀតនោះ គឺពិតជារឿងពិបាកឲ្យជឿណាស់ ប៉ុន្តែតារាមួយដែលស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way របស់យើងនេះ ត្រូវបានក្រុមតារាវិទូសង្ស័យថា អាចមានអាយុចាស់ជាងចក្រវាឡនេះទៅទៀត។ នេះបើតាមការចេញផ្សាយដោយ Space នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។
រយៈពេលជាង ១០០ឆ្នាំមកហើយក្រុមតារាវិទូរាប់ជំនាន់ បានព្យាយាមអង្កេតទៅមើលតារាមួយដែលស្ថិតនៅចម្ងាយ ១៩០ឆ្នាំពន្លឺពីភពផែនដី (១ពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ស្ថិតនៅក្នុងកញ្ចុំផ្កាយ Libra ដែលតែងធ្វើដំណើរឲ្យយើងឃើញនៅលើផ្ទៃមេឃពេលរាត្រីក្នុងល្បឿន ១.៣លានគីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែនៅពេលនេះផ្កាយមួយទៀតមានឈ្មោះ HD 140283 ឬ Methuselah គឺកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៀត ព្រោះវាក៏ជាតារាដែលមានវ័យចំណាស់បំផុត នៅក្នុងចក្រវាឡមួយនេះដែរ។
កាលពីឆ្នាំ២០០០ ក្រុមអ្នកវិទ្យាសាស្ត្របានព្យាយាមក្នុងការកំណត់អាយុផ្កាយមួយនេះ ដោយប្រើប្រាស់ការអង្កេតជាមួយនឹងផ្កាយរណប Hipparcos របស់អង្គការអវកាសអឺរ៉ុប ESA ដែលក្រោយមកត្រូវបានគេកំណត់ថា មានអាយុរហូតដល់ទៅ ១៦ពាន់លានឆ្នាំ។ តួលេខបែបនេះ វាពិតជាគួរឲ្យអស់សំណើច និងអាចជាកំហុសផងដែរ។ ដូចអ្វីដែលតារាវិទូលោក Howard Bond នៃសាកលវិទ្យាល័យរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានចង្អុលបង្ហាញអំពីអាយុកាលនៃចក្រវាឡ ដែលត្រូវបានកំណត់តាមរយៈការអង្កេតលើទម្រង់រលកមីក្រូខូស្មិចគឺ ១៣,៨ ពាន់លានឆ្នាំនោះ ដូច្នេះការកំណត់ថា ផ្កាយ HD 140283 ឬ Methuselah មានអាយុកាល ១៦ពាន់លានឆ្នាំ ដែលចាស់ជាងពេលវេលានៃបន្ទុះ Big Bang ទៅទៀតនោះ គឺវាពិតជាកំហុសដ៏ធ្ងន់ធ្ងរមួយ។
ដោយសារលទ្ធផលផ្ទុយគ្នាខាងលើនេះហើយ ទើបធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រកាន់តែមានមន្ទិលអំពីវិធីកំណត់អាយុផ្កាយ និងចក្រវាឡនាពេលកន្លងមក។ យ៉ាងណាក៏ដោយបើយើងឧទាហរណ៍ថា ការគណនាពិតជាមិនខុសទេ ដោយសាររបៀបនៃការគណនា គឺត្រឹមត្រូវតាមក្បួនខ្នាតនោះ តើផ្កាយខាងលើនេះ ពិតជាមានអាយុចាស់ជាងចក្រវាឡមែនឬ? ទោះបីជាការបកស្រាយយ៉ាងណាក៏ដោយ អាយុកាលរបស់ Methuselah ដែលចាស់ជាងចក្រវាឡរហូតដល់ជាង ២ពាន់លានឆ្នាំ តើអាចទៅរួចដោយរបៀបណាទៅ?
យ៉ាងណាក៏ដោយឈានមកដល់ឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១១ លោក Howard Bond និងសហការីរបស់លោក បានចំណាយពេលនោះធ្វើការសិក្សាម្តងទៀត អំពីអាយុកាលរបស់ផ្កាយ HD 140283 ឬ Methuselah ហើយបន្ទាប់មកលទ្ធផលចុងក្រោយក៏បានចេញ នោះគឺវាមានអាយុ ១៤.៤៦ពាន់លានឆ្នាំ (នៅតែចាស់ជាងចក្រវាឡ)។ ការសិក្សាត្រូវបានគណនាទៅលើកម្រិតពន្លឺ ទម្រង់ភាគល្អិតនៃឧស្ម័នផ្សេងៗដែលទ្រទ្រង់ចំហេះ និងចលនាជារួមរបស់វា។
ការគណនាមិនទាន់បញ្ចប់ទេសម្រាប់ HD 140283 ឬ Methuselah ដោយការសិក្សាកាលពីឆ្នាំ២០១៤ វាបានថមថយអាយុមកនៅត្រឹម ១៤.២៧ពាន់លានឆ្នាំ។ យ៉ាងណាក៏ដោយការសិក្សាបន្តបន្ទាប់ទៀត តាមរយៈការស្វែងយល់ទិន្ន័យផ្សេងៗពីគ្នា ជាពិសេសកែវយឺតអវកាស Hubble របស់អង្គការ NASA ផ្កាយមួយនេះបានធ្លាក់ចុះអាយុចុងក្រោយ មកនៅត្រឹម ១៤ពាន់លានឆ្នាំ ដែលនៅតែចាស់ជាងអាយុចក្រវាឡដដែល។
គួរបញ្ជាក់ថា ភាពខ្លះចន្លោះ ឬមិនច្បាស់លាស់នៃការគណនាអាយុកាលផ្កាយខាងលើនេះ បានធ្វើឲ្យមានការចោទជាសំនួរធំមួយ ទៅដល់ការកំណត់អាយុកាលនៃចក្រវាឡទាំងមូល ថាមានអាយុ ១៣.៨ពាន់លានឆ្នាំនោះ តាមរយៈការគណនារលកវិទ្យុសកម្មនៃលោហៈធាតុ (cosmic radiation) នៅក្នុងទីអវកាសជាថ្មីកាលពីឆ្នាំ២០១៣។ ដូច្នេះកាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះមានក្រុមបង្កើតទ្រឹស្តីរូបវិទ្យានៃវិទ្យាស្ថាន Santa Barbara រដ្ឋកាលីហ្វរញ៉ា បានលើកឡើងអំពីគំនិតចង់ឲ្យគណនាឡើងវិញ ចំពោះអាយុកាលនៃចក្រវាឡ ដោយប្រើប្រាស់វិធីសាស្ត្រឲ្យកាន់តែទូលំទូលាយជាងមុន តាមរយៈការឆ្លុះមើលទៅក្នុងកាឡាក់ស៊ីនានា ដែលយើងអាចអង្កេតបានដោយប្រើតេឡេស្កូប និងកែវយឺតអវកាសដ៏មានអានុភាព៕