តើពិតជាមានផ្កាយដែលចាស់ជាងចក្រវាឡមែន ឬទេ? ក្រុមតារាវិទូហាក់នៅតែល្វីងមុខ ចំពោះការគណនាអាយុពិតនៃផ្កាយ និងចក្រវាឡ

126

(អាមេរិក)៖ ជាការពិតណាស់ ផ្កាយ និងកាឡាក់ស៊ីនានាបានកើតចេញពីបន្ទុះប៊ីកប៊ែង (Big Bang) កាលពី ១៣.៨ពាន់លានឆ្នាំមុន ហេតុដូច្នេះបើយើងរកឃើញផ្កាយដែលមានវ័យចំណាស់ ជាងចក្រវាឡមួយនេះទៀតនោះ គឺពិតជារឿងពិបាកឲ្យជឿណាស់ ប៉ុន្តែតារាមួយដែលស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way របស់យើងនេះ ត្រូវបានក្រុមតារាវិទូសង្ស័យថា អាចមានអាយុចាស់ជាងចក្រវាឡនេះទៅទៀត។ នេះបើតាមការចេញផ្សាយដោយ Space នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

រយៈពេលជាង ១០០ឆ្នាំមកហើយក្រុមតារាវិទូរាប់ជំនាន់ បានព្យាយាមអង្កេតទៅមើលតារាមួយ​ដែលស្ថិតនៅចម្ងាយ ១៩០ឆ្នាំពន្លឺពីភពផែនដី (១ពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ស្ថិតនៅក្នុងកញ្ចុំផ្កាយ Libra ដែលតែងធ្វើដំណើរឲ្យយើងឃើញនៅលើផ្ទៃមេឃពេលរាត្រី​ក្នុងល្បឿន ១.៣លានគីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែនៅពេលនេះផ្កាយមួយទៀតមានឈ្មោះ HD 140283 ឬ Methuselah គឺកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៀត ព្រោះវាក៏ជាតារាដែលមានវ័យចំណាស់បំផុត នៅក្នុងចក្រវាឡមួយនេះដែរ។

កាលពីឆ្នាំ២០០០ ក្រុមអ្នកវិទ្យាសាស្ត្របានព្យាយាមក្នុងការកំណត់អាយុផ្កាយមួយនេះ ដោយប្រើប្រាស់ការអង្កេតជាមួយនឹងផ្កាយរណប Hipparcos របស់អង្គការអវកាសអឺរ៉ុប ESA ដែលក្រោយមកត្រូវបានគេកំណត់ថា មានអាយុរហូតដល់ទៅ ១៦ពាន់លានឆ្នាំ។ តួលេខបែបនេះ វាពិតជាគួរឲ្យអស់សំណើច និងអាចជាកំហុសផងដែរ។ ដូចអ្វីដែលតារាវិទូលោក Howard Bond នៃសាកលវិទ្យាល័យរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានចង្អុលបង្ហាញអំពីអាយុកាលនៃចក្រវាឡ ដែលត្រូវបានកំណត់តាមរយៈការអង្កេតលើទម្រង់រលកមីក្រូខូស្មិចគឺ ១៣,៨ ពាន់លានឆ្នាំនោះ ដូច្នេះការកំណត់ថា ផ្កាយ HD 140283 ឬ Methuselah មានអាយុកាល ១៦ពាន់លានឆ្នាំ ដែលចាស់ជាងពេលវេលានៃបន្ទុះ Big Bang ទៅទៀតនោះ គឺវាពិតជាកំហុសដ៏ធ្ងន់ធ្ងរមួយ។

ដោយសារលទ្ធផលផ្ទុយគ្នាខាងលើនេះហើយ ទើបធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ​កាន់តែមានមន្ទិលអំពីវិធីកំណត់អាយុផ្កាយ និងចក្រវាឡនាពេលកន្លងមក។ យ៉ាងណាក៏ដោយបើយើងឧទាហរណ៍ថា ការគណនាពិតជាមិនខុសទេ ដោយសាររបៀបនៃការគណនា គឺត្រឹមត្រូវតាមក្បួនខ្នាតនោះ តើផ្កាយខាងលើនេះ ពិតជាមានអាយុចាស់ជាងចក្រវាឡមែនឬ? ទោះបីជាការបកស្រាយយ៉ាងណាក៏ដោយ អាយុកាលរបស់ Methuselah ដែលចាស់ជាងចក្រវាឡរហូតដល់ជាង ២ពាន់លានឆ្នាំ តើអាចទៅរួចដោយរបៀបណាទៅ?

យ៉ាងណាក៏ដោយឈានមកដល់ឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១១ លោក Howard Bond និងសហការីរបស់លោក បានចំណាយពេលនោះធ្វើការសិក្សាម្តងទៀត អំពីអាយុកាលរបស់ផ្កាយ HD 140283 ឬ Methuselah ហើយបន្ទាប់មកលទ្ធផលចុងក្រោយក៏បានចេញ នោះគឺវាមានអាយុ ១៤.៤៦ពាន់លានឆ្នាំ (នៅតែចាស់ជាងចក្រវាឡ)។ ការសិក្សាត្រូវបានគណនាទៅលើកម្រិតពន្លឺ ទម្រង់ភាគល្អិតនៃឧស្ម័នផ្សេងៗដែលទ្រទ្រង់ចំហេះ និងចលនាជារួមរបស់វា។

ការគណនាមិនទាន់បញ្ចប់ទេសម្រាប់ HD 140283 ឬ Methuselah ដោយការសិក្សាកាលពីឆ្នាំ២០១៤ វាបានថមថយអាយុមកនៅត្រឹម ១៤.២៧ពាន់លានឆ្នាំ។ យ៉ាងណាក៏ដោយការសិក្សាបន្តបន្ទាប់ទៀត តាមរយៈការស្វែងយល់ទិន្ន័យផ្សេងៗពីគ្នា ជាពិសេសកែវយឺតអវកាស Hubble របស់អង្គការ NASA ផ្កាយមួយនេះបានធ្លាក់ចុះអាយុចុងក្រោយ មកនៅត្រឹម ១៤ពាន់លានឆ្នាំ ដែលនៅតែចាស់ជាងអាយុចក្រវាឡដដែល។

គួរបញ្ជាក់ថា ភាពខ្លះចន្លោះ ឬមិនច្បាស់លាស់នៃការគណនាអាយុកាលផ្កាយខាងលើនេះ បានធ្វើឲ្យមានការចោទជាសំនួរធំមួយ ទៅដល់ការកំណត់អាយុកាលនៃចក្រវាឡទាំងមូល ថាមានអាយុ ១៣.៨ពាន់លានឆ្នាំនោះ តាមរយៈការគណនារលកវិទ្យុសកម្មនៃលោហៈធាតុ (cosmic radiation) នៅក្នុងទីអវកាសជាថ្មីកាលពីឆ្នាំ២០១៣។ ដូច្នេះកាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះមានក្រុមបង្កើតទ្រឹស្តីរូបវិទ្យានៃវិទ្យាស្ថាន Santa Barbara រដ្ឋកាលីហ្វរញ៉ា បានលើកឡើងអំពីគំនិតចង់ឲ្យគណនាឡើងវិញ ចំពោះអាយុកាលនៃចក្រវាឡ ដោយប្រើប្រាស់វិធីសាស្ត្រឲ្យកាន់តែទូលំទូលាយជាងមុន តាមរយៈការឆ្លុះមើលទៅក្នុងកាឡាក់ស៊ីនានា ដែលយើងអាចអង្កេតបានដោយប្រើតេឡេស្កូប និងកែវយឺតអវកាសដ៏មានអានុភាព៕

480×240 Banner