មហាយក្ស​ឥណ្ឌា «កំពុងបង្ហាញសាច់ដុំកាន់តែធំក្នុងវិស័យអវកាស ដោយទើបបាញ់បង្ហោះផ្កាយរណបតូចធំ ៣១គ្រឿង» ដោយប្រើរ៉ុក្កែតតែមួយគ្រាប់!

(ញូដេលី)៖ ផ្កាយរណប​ទាំង ៣១គ្រឿង ដែលឥណ្ឌាទើប​បានបាញ់បង្ហោះ​ទៅកាន់គន្លង​តារាវិថី នាព្រឹកថ្ងៃសុក្ររួមមានផ្កាយរណប​​​សម្រាប់​អង្កេតផែនដី​ទម្ងន់ជាង ៧០០គីឡូក្រាមមួយគ្រឿង រួមជាមួយនឹង​ផ្កាយរណប​ខ្នាតតូចរបស់​បណ្តាប្រទេស​ជាច្រើនផ្សេង​ទៀត ជុំវិញ​ពិភពលោក ដែលប្រការនេះ​បានបង្ហាញថា មហាយក្ស​នៅអាស៊ីមួយនេះ កំពុងប្រមូល​បានអតិថិជន​ជាច្រើន រួមមានទាំង​សហរដ្ឋអាមេរិក​​ផង​ដែរ​​ ក្នុង​វិស័យ​បង្ហោះ​​ផ្កាយ​រណប​នាពេលថ្មីៗនេះ ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅ​ល្ងាចថ្ងៃ​សុក្រ​ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

គ្រាប់រ៉ុក្កែតដ៏គួរឲ្យទុកចិត្ត​ជាងគេបង្អស់ របស់ទីភ្នាក់ងារអវកាស​រដ្ឋាភិបាលឥណ្ឌា (ISRO) គឺរ៉ុក្កែតបង្ហោះផ្កាយ​រណប Polar Satellite Launch Vehicle (PSLC) បានហោះឡើង​សំដៅទៅកាន់​លំហអាកាស ជាមួយផ្កាយរណប​អង្កេតផែនដី Cartosat-2 និងផ្កាយរណប​៣០គ្រឿងផ្សេង​ទៀតកាលពី​វេលាម៉ោង ០៩៖២៩នាទី​ព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងទីក្រុងញូដេលី)។

ផ្កាយរណប​ខ្នាតធំ Cartosat-2 មានទម្ងន់ ៧១២គីឡូក្រាម ដែលមាន​រហស្សនាមថា «កែវភ្នែក​ក្នុងផ្ទៃមេឃ​របស់ឥណ្ឌា» នោះ​នឹងមាន​តួនាទី​ផ្តល់សេវា​តាម និងឃ្លាំមើលភពផែនដី​ពីចម្ងាយយ៉ាង​ទៀតទាត់ ដោយប្រើប្រាស់​កាមេរ៉ាដ៏ទំនើប​របស់វា។ រូបភាពដែល​នឹងត្រូវបញ្ជូនពី​​ផ្កាយរណបនេះ នឹងមានសារៈប្រយោជន៍​ជាខ្លាំង សម្រាប់ការប្រើប្រាស់​នៅក្នុងសង្គម និងការអភិវឌ្ឍ​ប្រទេស​ឥណ្ឌា។ ដោយឡែក​ផ្កាយ​រណប​ចំនួន ៣០ផ្សេងទៀត គឺជាផ្កាយរណប​ប្រភេទណាណូ​ខ្នាតតូច មកពី​១៤ប្រទេស ដូចជាអូទ្រីស, ប៊ែលហ្សិក, ឈីលី, សាធារណរដ្ឋ​ឆែក, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, ស្លូវ៉ាក, ឡាត់វី, លីទុយអានី, ចក្រភពអង់គ្លេស, និងសហរដ្ឋអាមេរិក។

 

គួរបញ្ជាក់ថា នៅក្នុងខែមិថុនា​ដដែលនេះ ឥណ្ឌាបានបាញ់​បង្ហោះគ្រាប់រ៉ុក្កែត​ដ៏ធ្ងន់ជាងគេរបស់ខ្លួន គឺរ៉ុក្កែត GSLV-MKIII ទៅកាន់គន្លងតារា​វិថី​ថែមទៀតផង ហើយកាលពី​ខែកុម្ភៈកន្លងទៅវិញ ឥណ្ឌាបានបង្កើត​កំណត់ត្រា​ជាប្រវត្តិសាស្រ្តមួយ តាមរយៈការបញ្ជូន​ផ្កាយរណបដល់​ទៅ១០៤គ្រឿង​ក្នុងគ្រាប់រ៉ុក្កែតតែមួយ​ ទៅកាន់ទីអវកាស​ដោយជោគជ័យ៕

Comments (0)
Add Comment