មហាយក្សឥណ្ឌា «កំពុងបង្ហាញសាច់ដុំកាន់តែធំក្នុងវិស័យអវកាស ដោយទើបបាញ់បង្ហោះផ្កាយរណបតូចធំ ៣១គ្រឿង» ដោយប្រើរ៉ុក្កែតតែមួយគ្រាប់!
(ញូដេលី)៖ ផ្កាយរណបទាំង ៣១គ្រឿង ដែលឥណ្ឌាទើបបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថី នាព្រឹកថ្ងៃសុក្ររួមមានផ្កាយរណបសម្រាប់អង្កេតផែនដីទម្ងន់ជាង ៧០០គីឡូក្រាមមួយគ្រឿង រួមជាមួយនឹងផ្កាយរណបខ្នាតតូចរបស់បណ្តាប្រទេសជាច្រើនផ្សេងទៀត ជុំវិញពិភពលោក ដែលប្រការនេះបានបង្ហាញថា មហាយក្សនៅអាស៊ីមួយនេះ កំពុងប្រមូលបានអតិថិជនជាច្រើន រួមមានទាំងសហរដ្ឋអាមេរិកផងដែរ ក្នុងវិស័យបង្ហោះផ្កាយរណបនាពេលថ្មីៗនេះ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

គ្រាប់រ៉ុក្កែតដ៏គួរឲ្យទុកចិត្តជាងគេបង្អស់ របស់ទីភ្នាក់ងារអវកាសរដ្ឋាភិបាលឥណ្ឌា (ISRO) គឺរ៉ុក្កែតបង្ហោះផ្កាយរណប Polar Satellite Launch Vehicle (PSLC) បានហោះឡើងសំដៅទៅកាន់លំហអាកាស ជាមួយផ្កាយរណបអង្កេតផែនដី Cartosat-2 និងផ្កាយរណប៣០គ្រឿងផ្សេងទៀតកាលពីវេលាម៉ោង ០៩៖២៩នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងទីក្រុងញូដេលី)។

ផ្កាយរណបខ្នាតធំ Cartosat-2 មានទម្ងន់ ៧១២គីឡូក្រាម ដែលមានរហស្សនាមថា «កែវភ្នែកក្នុងផ្ទៃមេឃរបស់ឥណ្ឌា» នោះនឹងមានតួនាទីផ្តល់សេវាតាម និងឃ្លាំមើលភពផែនដីពីចម្ងាយយ៉ាងទៀតទាត់ ដោយប្រើប្រាស់កាមេរ៉ាដ៏ទំនើបរបស់វា។ រូបភាពដែលនឹងត្រូវបញ្ជូនពីផ្កាយរណបនេះ នឹងមានសារៈប្រយោជន៍ជាខ្លាំង សម្រាប់ការប្រើប្រាស់នៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសឥណ្ឌា។ ដោយឡែកផ្កាយរណបចំនួន ៣០ផ្សេងទៀត គឺជាផ្កាយរណបប្រភេទណាណូខ្នាតតូច មកពី១៤ប្រទេស ដូចជាអូទ្រីស, ប៊ែលហ្សិក, ឈីលី, សាធារណរដ្ឋឆែក, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, ស្លូវ៉ាក, ឡាត់វី, លីទុយអានី, ចក្រភពអង់គ្លេស, និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នៅក្នុងខែមិថុនាដដែលនេះ ឥណ្ឌាបានបាញ់បង្ហោះគ្រាប់រ៉ុក្កែតដ៏ធ្ងន់ជាងគេរបស់ខ្លួន គឺរ៉ុក្កែត GSLV-MKIII ទៅកាន់គន្លងតារាវិថីថែមទៀតផង ហើយកាលពីខែកុម្ភៈកន្លងទៅវិញ ឥណ្ឌាបានបង្កើតកំណត់ត្រាជាប្រវត្តិសាស្រ្តមួយ តាមរយៈការបញ្ជូនផ្កាយរណបដល់ទៅ១០៤គ្រឿងក្នុងគ្រាប់រ៉ុក្កែតតែមួយ ទៅកាន់ទីអវកាសដោយជោគជ័យ៕
