(វ៉ាស៊ីនតោន)៖ កែវយឺតអវកាស James Webb របស់ទីភ្នាក់ងារអវកាស NASA បានឆ្លងផុតការធ្វើតេស្តលើកទីមួយ នៃប្រព័ន្ធទាក់ទងរបស់វាយ៉ាងងាយស្រួល មុនពេលវាត្រូវបាញ់បង្ហោះ ទៅកាន់ទីអវកាសនាឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
យោងតាមអង្គការ NASA ការធ្វើតេស្តមានឈ្មោះជាផ្លូវការថា Ground Segment Test Number 1 ឬ GSEG-1 បានបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅ ហើយប្រព័ន្ធទាក់ទងរវាងកែវយឺតប្រភេទថ្មីនេះ និងមជ្ឈមណ្ឌលប្រតិបត្តិការបេសកកម្មរបស់វា បានប្រព្រឹត្តទៅតាមការគ្រោងទុកទាំងអស់។
គ្រោងនឹងត្រូវបាញ់បង្ហោះចេញពីក្រុង Kourou នៃតំបន់ French Guiana ដែនដីរបស់បារាំង ដែលស្ថិតនៅភាគខាងជើង នៃតំបន់អាមេរិកខាងត្បូងនោះ កែវយឺតអវកាស James Webb នឹងធ្វើដំណើរផ្សងព្រេងដ៏អស្ចារ្យមួយ ដើម្បីបកស្រាយអាថ៌កំបាំងនៃចក្រវាឡ។ យ៉ាងណាមិញ James Webb ដែលត្រូវគេចាត់ទុកជាអ្នកស្នងតំណែងបន្ត ពីកែវយឺតអវកាស Hubble នោះ គឺជាឧបករណ៍អង្កេតមើលទីអវកាសដ៏ទំនើបជាងគេបំផុតលើលោក ហើយវានឹងត្រូវឆ្លងកាត់ការធ្វើតេស្តប្រព័ន្ធទាក់ទងលើកទីពីរ នៅរយៈពេលមួយខែ មុនកាលបរិច្ឆេទនៃការបាញ់បង្ហោះរបស់វានៅចុងឆ្នាំ២០១៨។
គួរបញ្ជាក់ថា James Webb បានគ្រោងបាញ់បង្ហោះតាំងពីឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យាពេលជារឿយៗ ដោយសារតែ NASA ព្យាយាមបំពេញចន្លោះប្រហោងជាច្រើន។ កែវយឺតអវកាស ដែលមានទំហំប៉ុនកូនទីលានវាយថេនីសមួយនេះ នឹងមានសមត្ថភាពក្នុងការគណនា សមាសធាតុផ្សំ នៃបរិយាកាសរបស់ភព ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយផ្សេង ដែល Kepler ជាអ្នករកឃើញកន្លងមក៕