HOT NEWS: ចិនបាញ់បង្ហោះបន្ទប់ស្តុកទំនិញ Tianzhou-2 ទៅកាន់ទីអវកាស ដើម្បីភ្ជាប់ជាមួយបន្ទប់ស្នូល Tianhe

HOT NEWS: ចិនបាញ់បង្ហោះបន្ទប់ស្តុកទំនិញ Tianzhou-2 ទៅកាន់ទីអវកាស ដើម្បីភ្ជាប់ជាមួយបន្ទប់ស្នូល Tianhe

(ប៉េកាំង)៖ នៅវេលាម៉ោង ៨៖៥៥នាទីយប់ថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ ប្រទេសចិនបានធ្វើការបាញ់បង្ហោះ បន្ទប់ស្តុកទំនិញឈ្មោះ «ធានចូវ-២» (Tianzhou-2) ឡើងទៅកាន់ទីអវកាស ដើម្បីឲ្យវាចល័តទៅតភ្ជាប់ជាមួយ បន្ទប់ស្ថានីយអវកាសស្នូល ធានហឺ (Tianhe)។ ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើង នៅមូលដ្ឋានវិនឆាង (Wenchang) នៃខេត្តហៃណា (Hainan) ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Long March 7។

បន្ទប់ស្តុកទំនិញ Tianzhou-2

Tianzhou-2 មានទម្ងន់ ៤.៦៩តោន ផ្ទុកទៅដោយទំនិញ ដើម្បីឡើងទៅផ្សាភ្ជាប់ជាមួយបន្ទប់អវកាសស្នូល Tianhe។ រដ្ឋបាលអវកាសចិន (CNSA) ក៏បានប្រកាសផងដែរថា បន្ទប់ស្ថានីយអវកាសទី ១ ឈ្មោះ ធានហឺ (Tianhe) បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទទួលអវកាសយានិកចិនដំបូង ដែលនឹងឡើងទៅទស្សនកិច្ចទីនោះលើកទី១។ ប្រសិនបើ Tianzhou-2 និង Tianhe ផ្សាភ្ជាប់គ្នាដោយរលូនតាមការគ្រោងទុកនោះ អវកាសយានិកចិនដំបូង នឹងឡើងទៅកាន់ទីនោះនៅអំឡុងខែមិថុនា។

រ៉ុក្កែត Long March 7 ដឹក Tianzhou-2

បន្ទប់ស្ថានីយអវកាស Tianhe ត្រូវបានគ្រាប់រ៉ុក្កែត Long March 5B រុញច្រានឡើងទៅទីអវកាស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះ បន្ទប់ស្នូលដែលមានបណ្តោយ ១៦.៦ម៉ែត្រ និងអង្កត់ផ្ចិត ៤.២ម៉ែត្រ ព្រមទាំងទម្ងន់ ២២.៥តោនមួយនេះ ត្រូវបានកែតម្រូវ និងបញ្ជាឲ្យស្ថិតនៅក្នុងគន្លងត្រឹមត្រូវ។ Tianhe ពេលនេះកំពុងស្ថិតនៅរយៈកម្ពស់ «៣៦៨គីឡូម៉ែត្រ» ពីផ្ទៃផែនដី។

គួរបញ្ជាក់ថា ដើម្បីបញ្ចប់ការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន នៅឆ្នាំ២០២២ ចិនត្រូវការការបាញ់បង្ហោះរហូតដល់ទៅ ១០លើក។ ពាក្យថា Tianhe គឺមានន័យថា «វិមាននៅលើអាកាស ឬវិមានឋានសួគ៌» ហើយទម្ងន់សរុបរបស់វាគឺ ៦៦តោន នៅក្រោយការសាងសង់ចប់៕

បន្ទប់ស្នូលនៃស្ថានីយអវកាស Tianhe

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space (ថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១)

Comments (0)
Add Comment