(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តទើបតែបានរកឃើញ ភពប្លែកមួយគួរឲ្យចាប់អារម្មណ៍ ដែលស្ថិតនៅចម្ងាយ ៩០ឆ្នាំពន្លឺពីយើង ក្រោយការពិនិត្យទិន្នន័យ ដែលទទួលបានពីកែវយឺតអវកាស NASA របស់អង្គការ NASA។ ភពនេះថែមទាំងអាចធ្វើជាគន្លឹះ ឲ្យក្រុមអ្នកវិទ្យាសាស្ត្រឈានទៅសិក្សា អំពីភពផ្សេងៗទៀតដែលមានលាក់ ជីវិតអេលៀន (Alien) ក្នុងទម្រង់ណាមួយផងដែរ។
ក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពិសោធន៍ JPL នៃទីភ្នាក់ងារអវកាសអាមេរិក NASA និងសាកលវិទ្យាល័យរដ្ឋ New Mexico បានរកឃើញភពមួយ មានឈ្មោះសម្គាល់ថា TOI-1231 b ដែលវិលជុំវិញផ្កាយក្រហមមួយប្រភេទ red dwarf ហើយពួកគេថែមទាំងអាចប្រមូលបាន ទិន្នន័យចាំបាច់អំពីពួកវា ដែលជួយក្នុងការកំណត់លក្ខណៈរបស់ផ្កាយ រួមជាមួយអង្កត់ផ្ចិត និងម៉ាសរបស់ភពនោះ ហើយធ្វើសកម្មតិកម្មអំពីកម្រាស់ និងសមាសធាតុផ្សំនៃស្រទាប់បរិយាកាសរបស់ភព TOI-1231 b ផងដែរ។
ទំហំរបស់ភព TOI-1231 b ត្រូវបានចាត់ថ្នាក់ជា sub-Neptune គឺជាលំដាប់ភពដែលមានអង្កត់ផ្ចិតតូចជាង តែអាចមានម៉ាសធំជាងភពណិបទូន ឬជាភពដែលមានអង្កត់ផ្ចិតធំជាង តែអាចមានម៉ាសតូចជាងណិបទូន។ ភព TOI-1231 b ប្រើពេល ២៤ថ្ងៃ ដើម្បីគោចរជុំវិញផ្កាយរបស់វាបានមួយជុំ គម្លាតនៃដំណើរនោះ គឺកៀកជាងគម្លាតរវាងផែនដី និងព្រះអាទិត្យ ៨ដង ប៉ុន្តែសីតុណ្ហភាពរបស់វា មានលក្ខណៈស្រដៀងនឹងភពយើងដែរ ដោយសម្អាងថាផ្កាយ red dwarf បញ្ចេញថាមពលកម្តៅចាញ់ផ្កាយដូចជាព្រះអាទិត្យយើង។
យោងតាមការគណនា បរិយាកាសរបស់ភព TOI-1231 b មានកម្រិតសីតុណ្ហភាពប្រហែល ៥០-៦០អង្សាសេប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្រ្តសង្ស័យថា នៅលើផ្ទៃមេឃនៃភពនោះ អាចមានពពកដែលកកើតឡើងពីទឹកថែមទៀតផង។ នៅថ្ងៃអនាគតក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា នឹងអាចឈានទៅសិក្សាដឹង អំពីរបៀបដែលទឹកអាចប្រមូលផ្តុំ នៅក្នុងបរិយាកាសភព TOI-1231 b នោះ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Independent (ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១)