(បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញឃ្លីបវីដេអូខ្លីមួយ ដែលបង្ហាញពីទិដ្ឋភាពនៃភពផែនដី ហើយនិងព្រះអាទិត្យ នៅពេលយើងសំឡឹងមើលពួកវា ពីតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។ ទស្សនាវីដេអូខាងក្រោមនេះ៖
កាមេរ៉ាសិប្បនិម្មិតក្នុងឃ្លីបវីដេអូខាងលើ ស្ថិតនៅក្បែរតំបន់រណ្តៅ ហ្សេកឡេថុន (Shackleton) នៃប៉ូលខាងត្បូងព្រះចន្ទ ហើយបែរសំដៅមករកផែនដី។ តំបន់នោះគឺប្រហាក់ប្រហែលគ្នា ជាមួយកន្លែងដែលទីភ្នាក់ងារ NASA មានគោលដៅបញ្ជូនមនុស្សឲ្យទៅស្រាវជ្រាវ តាមរយៈបេសកកម្ម Artemis។ NASA សង្ឃឹមថា នៅក្នុងទសវត្សរ៍ឆ្នាំ២០២០នេះ ក្រុមអវកាសយានិក នឹងអាចមើលទិដ្ឋភាពដូចក្នុងឃ្លីបវីដេអូ ដោយផ្ទាល់ភ្នែកជាក់ស្តែងតែម្តង។
សម្រាប់បេសកកម្ម Artemis 1 ទីភ្នាក់ងារអវកាស NASA នឹងបញ្ជូនយានគ្មានមនុស្សជិះ ឲ្យទៅធ្វើដំណើរសាកល្បងជុំវិញព្រះចន្ទ រួចត្រឡប់មកផែនដីវិញ។ បេសកកម្មនោះត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២២។ សម្រាប់គម្រោងបេសកកម្មបន្ទាប់គឺ Artemis 2 យានមានផ្ទុកអវកាសយានិកចំនួនម្នាក់ នឹងធ្វើដំណើរទៅក្រឡឹងជុំវិញព្រះចន្ទ នៅឆ្នាំ២០៣៣។ ក្រោយមកបេសកកម្ម Artemis 3 នឹងជាការបញ្ជូនក្រុមអវកាសយានិក ឲ្យទៅចុះចតលើផ្ទៃព្រះចន្ទ នៅតំបន់ប៉ូលខាងត្បូងរបស់វា។
ទោះជាយ៉ាងណាក្តី កាលបរិច្ឆេទទាំងអស់នេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត ដោយយោងទៅតាមស្ថានភាពជាក់ស្តែង នៃដំណើរការអភិវឌ្ឍ និងថវិកា៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១)