(អាមេរិក)៖ កាលពីយប់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ១៩១៣ ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងគ្មាននរណានឹកស្មានដល់មួយ បានកើតមានឡើងនៅលើផ្ទៃមេឃ ចាប់ពីតំបន់ភាគខាងជើង ដល់ភាគឦសាននៃសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ដ៏ចម្លែកនៅគ្រានោះ ត្រូវបានគេដាក់ឈ្មោះថា ការធ្លាក់ចុះនៃអាចម៍ផ្កាយដ៏អស្ចារ្យនៃឆ្នាំ ១៩១៣ (the Great Meteor Procession of 1913)។
ជាធម្មតាភ្លៀងអាចម៍ផ្កាយ ឬបាតុភូត «ទេពច្យុត» តែងតែកើតមានឡើង ពីតំបន់តែមួយប៉ុណ្ណោះនៅលើផ្ទៃមេឃ ដែលយើងហៅថា ព្រឹត្តិការណ៍ radiant (ការបញ្ចេញរស្មី ឬពន្លឺជាក្រុម)។ ប៉ុន្តែព្រឹត្តិការណ៍កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ១៩១៣ នោះ គឺមិនមែនដូចជា radiant ទូទៅ ដែលជាប្រភេទក្រុមកម្ទេចអាចម៍ផ្កាយ ធ្លាក់បុកបរិយាកាសផែនដី ហើយបញ្ចេញពន្លឺបណ្តាក់ ឬព្រមៗគ្នានៅតំបន់មួយនៃផ្ទៃមេឃនោះឡើយ។
យោងតាមក្រុមអ្នកសិក្សានៅអាមេរិក ព្រឹត្តិការណ៍ the Great Meteor Procession of 1913 ទំនងជាបានកើតឡើង ដោយសារកម្ទេចអាចម៍ផ្កាយ បានចល័តបែកខ្ញែកជាក្រុមៗ ហើយធ្លាក់បណ្តាក់ៗគ្នានៅតាមបណ្តោយផ្ទៃមេឃ (horizontally) ស្របទៅនឹងផ្ទៃផែនដី ដែលជាហេតុធ្វើឲ្យពួកវា អាចធ្លាក់នៅលើតំបន់ផ្ទៃមេឃផ្សេងគ្នាពីភាគខាងជើង ដល់ភាគឦសាននៃសហរដ្ឋអាមេរិកតែម្តង។ (សូមមើលរូបភាពខាងក្រោម ដើម្បីយល់ដឹងបន្ថែម)
បន្ថែមពីនេះ ដំណើរនៃអាចម៍ផ្កាយនោះ ក៏បានចល័តនៅក្នុងលឿនយ៉ាងយឺត ខុសពីធម្មតាផងដែរ ហើយដំណើរការទាំងមូល បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ទៅ ៣នាទីឯណោះ។ មកទល់នឹងសព្វថ្ងៃនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែមិនអាចពន្យល់់ ឲ្យបានក្បោះក្បាយ ឬរកឃើញមូលហេតុពិតប្រាកដ ដែលបានបង្កឲ្យមានភ្លៀងអាចម៍ផ្កាយដ៏ចម្លែក កាលពីឆ្នាំ១៩១៣ នោះឡើយ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០២២)