មានគេបំផុសថា «វាជាសំណង់អេលៀន» តែអ្នកវិទ្យាសាស្ត្រថាមិនមែនទេ, ប៉ុន្តែតើវាជាអ្វី? (មានវីដេអូ)

(អាមេរិក)៖ ត្រឹមជារូបតាម Google Earth ប៉ុណ្ណោះ បានធ្វើឲ្យមនុស្សមួយចំនួន ជាពិសេសវែបសាយដែលតែងតាមដាន ព័ត៌មានអំពីមនុស្សក្រៅភព និងវត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណ (UFO) បានបង្ហាញមន្ទិលសង្ស័យ និងអះអាងថា វាជាសំណង់របស់ពួកអេលៀន (Alien) ពីបុរាណ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រផ្លូវការ បានចេញមុខអះអាងថា វាត្រឹមតែជាស្រទាប់ដីពើងឡើង ដែលមានរាងរង្វង់មូលតែប៉ុណ្ណោះ, មិនមែនជាសំណង់របស់ពួក Alien អ្វីនោះឡើយ។

(Image Credit: Google Earth)

រូបភាព Google Earth ខាងលើនេះ គឺស្ថិតនៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ក្បែរនឹងឆ្នេរសមុទ្រប្រទេសប៉េរូ។ ក្រោយពីមានការចាប់អារម្មណ៍យ៉ាងផុសផុល អំពីរូបភាពនេះ, លោក Scott Waring ដែលជាម្ចាស់វែបសាយល្បីឈ្មោះខាងតាមដាន Alien នោះគឺ UFOsightingsdaily.com និងប្រភពស្រដៀងគ្នាមួយចំនួនទៀតបានចុះផ្សាយថា មានការជឿជាក់ ១០០% ថាដាននៅក្នុងរូបភាពនេះ គឺជាភស្តុតាងបញ្ជាក់អំពីវត្តមាន Alien ពីបុរាណ។

លោក Scott Waring ក៏ជាបុគ្គលដដែល ដែលធ្លាប់បានបំផុសថា រូបភាពមួយសន្លឹកនៅលើផ្ទៃភពអង្គារ ដែលត្រូវបានថតដោយយានរបស់អង្គការ NASA និងឃើញមានដុំថ្មស្រដៀងសត្វស្វានៅលើភពអង្គារនោះ គឺជាសត្វស្វាដែលបានស្លាប់ នៅក្នុងការប្រយុទ្ធគ្នាមួយលើភពក្រហមនោះ កាលពីរយៈពេល ១លានឆ្នាំមុន, ប៉ុន្តែតាមការពិតទៅ វាត្រឹមតែជាបាតុភូតធម្មជាតិ ដែលបានកើតឡើងលើភពអង្គារប៉ុណ្ណោះ។

(Image Credit: NASA)

ដោយឡែក, សម្រាប់រូបភាពពី Google Earth ថ្មីនេះវិញ គឺស្ថិតនៅក្បែរខ្សែបន្ទាត់ Nazca Lines របស់ប្រទេសប៉េរូ ដែលជាតំបន់ត្រូវបានកសាងឡើងដោយជនជាតិដើម Nazca កាលពី ២,០០០ឆ្នាំមុន។ តំបន់នេះហើយ គឺជាចំណុចក្តៅនៃការបង្កើតពាក្យចចាមអារ៉ាមឡើង ដោយខ្លះបានពោលដោយបំផុសបំផុលថា ពួក Alien ដែលបានមកដល់ភពផែនដីពីបុរាណ បានជួយជនជាតិ Nazca កសាងតំបន់នេះឡើង។

(Image Credit: Google Earth)

* តើការពិតគឺជាអ្វី?

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ, តំបន់រាងមូលពើងឡើងដូចក្នុងរូបភាពពី Google Earth ខាងលើនេះមានមុខកាត់ ៦.៨គីឡូម៉ែត្រ ហើយវានៅតែអាចឲ្យគេមើលឃើញពីឆ្នេរសមុទ្រ នៃទីក្រុងលីម៉ារបស់ប៉េរូ បើទោះបីជាស្ថិតនៅក្នុងរយៈចម្ងាយ ៥៦៦គីឡូម៉ែត្រពីគ្នាក្តី។ ក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា វាទំនងជាបាតុភូតពំនើងដីបាតសមុទ្រ ឬដូចជាទីទួល ឬភ្នំបាតសមុទ្រផ្សេងៗទៀតប៉ុណ្ណោះ គ្រាន់តែលក្ខណៈពិសេសរបស់វា គឺមានរាងមូលប្លែកពីគេហ្នឹង​ឯង។

(Image Credit: Google Earth)

បន្ថែមពីនេះ, បើតាមក្រុមអ្នកជំនាញខាងផែនទីរបស់ Google បានបកស្រាយថា ផែនទីរបស់ពួកគេបានកើតចេញពី ការយកទិន្ន័យតំបន់ផ្សេងៗគ្នាមកផ្គុំចូលគ្នា, ដូច្នេះតំបន់ខ្លះនៅពេលទិន្នន័យរូបភាព ត្រូវបានដាក់ផ្សាភ្ជាប់គ្នាឲ្យចេញជាផែនទីតែមួយ វាអាចបង្កើតចេញជារូបរាងចម្លែកៗ ខុសពីទម្រង់ដើមជាក់ស្តែងខ្លះៗ ដូចអ្វីដែលធ្លាប់បានកើតមានរួចមកហើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២)

Comments (0)
Add Comment