(អាមេរិក)៖ តេឡេស្កូបអវកាស Hubble ដែលប្រតិបត្តិដោយអង្គការ NASA និង ESA ទើបតែបានរកឃើញភពចម្លែកថ្មីមួយទៀត ដែលមានកម្តៅក្តៅយកតែមែនទែន ហើយវាមិនខុសពីបទចម្រៀងជប់លៀង Calypso ដែលច្រៀងថា «Hot, Hot, Hot» នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ កាសែត Nature នាថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២ នេះតែម្តង។
ភពដែលមានទំហំប្រហាក់ប្រហែលភពព្រហស្បតិ៍ខាងលើនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា WASP-178b ស្ថិតនៅចម្ងាយ ១,៣០០ឆ្នាំពន្លឺពីភពផែនដី ហើយកម្តៅនៅក្នុងបរិយាកាសរបស់វា គឺក្តៅគគុករហូតដល់ទៅជិត ១,៦៥០អង្សាសេ។ កម្តៅដ៏ខ្លាំងបែបនេះ អាចរំលាយលោហធាតុមួយចំនួនបាន ក្នុងនោះរួមទាំង ទីតាញ៉ូម (Titanium) ផងដែរ។
អ្នកស្រាវជ្រាវមួយរូបគឺលោក David Sing មកពីសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិកបានលើកឡើងថា «យើងនៅមិនទាន់មានការយល់ដឹងដ៏ល្អ ចំពោះបរិស្ថាននៃភព WASP-178b នៅឡើយទេ។ នៅពេលយើងសម្លឹងមើលបរិយាកាសផែនដី គឺសុទ្ធសឹងតែជាអ្វីដែលយើងអាចគណនាបាន។ ប៉ុន្តែនៅពេលយើងសម្លឹងទៅរក exoplanets នានា យើងមិនទាន់មានថាមពលគ្រប់គ្រាន់ ដើម្បីវិភាគដឹងអំពីស្ថានភាព ដ៏ចម្លែកបំផុតទាំងអស់នោះឡើយ។ ទោះបីជាអ្នកយល់ដឹង អំពីគោលការណ៍គ្រឹះនៃគីមីវិទ្យា និងរូបវិទ្យា ក៏អ្នកនៅតែមិនដឹងអំពីរបៀបដែលត្រូវពន្យល់វា នៅក្នុងមធ្យោបាយដ៏ស្មុគស្មាញទាំងនោះដែរ»។
យ៉ាងណាក៏ដោយ បើតាមការសិក្សាទៅលើបរិស្ថាននៃប្រព័ន្ធផ្កាយពណ៌ស WASP-178 និងទីតាំងដែល WASP-178b ស្ថិតនៅ, ភពក្តៅគគុកមួយនេះ ស្ថិតនៅក្នុងគន្លងគោចរ locked orbit (គន្លងបិទ) ដែលមួយចំហៀងរបស់វា បែរទៅរកផ្កាយរបស់វារហូត (មានកម្តៅក្តៅគគុក) និងមួយចំហៀងទៀតងងឹតរហូត (យប់)។ ក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា នៅផ្នែកពេលយប់របស់ភព WASP-178b គឺអាចកើតមានបាតុភូតព្យុះហឺរីខិនមហាកំណាច (super-hurricane) ដែលមានលឿនខ្យល់បោកបក់ រហូតដល់ទៅជាង ៣,៣០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
គួរបញ្ជាក់ថា ទោះបីជាភពជំពូក super-hot Jupiters ខាងលើនេះ មិនអាចឲ្យជីវិតរស់នៅក្តី ក៏ការសិក្សាអំពីពួកវា បាននិងកំពុងផ្តល់ផលប្រយោជន៍ ឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការសិក្សាកាន់់តែច្បាស់ អំពីបរិយាកាសនៃភពនានា ដែលមិនអំណោយផលដល់ការកកើតជីវិត និងប្រៀបធៀបពួកវាជាមួយភព ដែលមានឱកាសក្នុងការឲ្យជីវិតកកើតបាន ដោយយោងទៅលើការសិក្សាអំពីបរិស្ថាន ក្នុងបរិយាកាសភពទាំងនោះ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/Nature Journal (ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២)