(បរទេស)៖ តេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែផ្តិតបានរូបភាពកាឡាក់ស៊ីឆ្ងាយៗថ្មី ដែលអាចមានអាយុកាលចន្លោះពី ៤៥០លានឆ្នាំ ទៅ ៣៥០លានឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍ ប៊ីកប៊ែង (Big Bang) (ជាបន្ទុះដែលបង្កើតចេញជាចក្រវាលទាំងមូល កាលពី ១៣.៨ពាន់លានឆ្នាំមុន)។ ពួកវាស្ថិតនៅក្នុងបណ្តុំកាឡាក់ស៊ី (Galaxy Cluster) មានឈ្មោះថា Abell 2744។
កាឡាក់ស៊ីដែលត្រូវបានរកឃើញ និងគួរឲ្យចាប់អារម្មណ៍ទាំងនោះមានចំនួន ២ ដោយត្រូវបានដាក់់ឈ្មោះសម្គាល់ឲ្យថា z-10.5 និង z-12.5 ដោយមានអាយុកាល ៣៥០លានឆ្នាំ (z-12.5 ឬ GLASS-z12) ទៅ ៤៥០លានឆ្នាំ (z-10.5) បន្ទាប់ពីព្រឹត្តិការណ៍ Big Bang។
រូបភាពថ្មីៗទាំង ២ នេះត្រូវបានចាត់ទុកជា ការបើកទំព័រដ៏ថ្មីសន្លាងបំផុតនៃវិស័យតារាសាស្ត្រ ព្រោះកាឡាក់ស៊ី ១ ក្នុងចំណោមនោះ គឺ GLASS-z12 ដែលបានកកើតឡើង ៣៥០លានឆ្នាំបន្ទាប់ពី Big Bang ទំនងជាមានផ្ទុកនូវពន្លឺផ្កាយដ៏សែនឆ្ងាយបំផុត (most distant starlight) ដែលយើងមិនធ្លាប់បានឃើញពីមុនមក។
ចំពោះកាឡាក់ស៊ីឆ្ងាយៗបំផុត និងមានពន្លឺភ្លឺមិនធម្មតាទាំង ២ ដែលត្រូវបានបង្ហាញដោយក្រុមការងារគ្រប់គ្រង James Webb នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នឹងជួយឲ្យយើងយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីពពួកតារាដែលបានចាប់កំណើតដំបូងៗ បន្ទាប់ពីបន្ទុះ Big Bang។
គួររំលឹកផងដែរថា បេក្ខភាពកាឡាក់ស៊ីឆ្ងាយៗបំផុតពីមុនគឺ GN-z11 ត្រូវបានថតដោយ Hubble រួមសហការជាមួយ Keck Observatory កាលពីឆ្នាំ ២០១៦ ដោយវាមានអាយុកាល ៤០០លានឆ្នាំបន្ទាប់ពី Big Bang។
ដោយឡែក កាលពីអំលុងខែកក្កដា ឆ្នាំ២០២២ ក្រុមការងារគ្រប់គ្រង James Webb ក៏បានប្រកាសផងដែរពីការរកឃើញកាឡាក់ស៊ីដែលអាចមានវ័យ «ចំណាស់បំផុត» មិនធ្លាប់ត្រូវបានជួបប្រទះ នោះគឺ «១៣.៥ពាន់លានឆ្នាំ» (៣០០លានឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ Big Bang)។ វាត្រូវបានដាក់ឈ្មោះសម្គាល់ថា GLASS-z13 ហើយក៏កំពុងស្ថិតក្នុងការសិក្សាដើម្បីបញ្ជាក់ការពិតនៅឡើយដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២)