(វ៉ាស៊ីនតោន)៖ អាចម៍ផ្កាយមួយដុំទំហំប៉ុនរថយន្តក្រុង បានហោះមកឆាបផែនដីយើង ក្នុងគម្លាតជិតជាងព្រះច័ន្ទទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយវិទ្យាសាស្ត្រ-អវកាស Space.com នៅរសៀលថ្ងៃអង្គារ ទី០៣ តុលា ឆ្នាំ២០១។
បើតាមអង្គការ NASA ដុំថ្មអវកាសខាងលើឈ្មោះ 2017 SX17 ដែលមានមុខកាត់ ០៨ម៉ែត្រ និងត្រូវបានប្រទះឃើញកាលពីពេលថ្មីៗ ពោលគឺនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នោះ បានធ្វើដំណើរមកក្បែរភពរបស់យើង ត្រឹមចម្ងាយ ៨៧,០៦៥គីឡូម៉ែត្រ នៅក្នុងល្បឿនប្រមា ២៦,៣១០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្រះច័ន្ទធ្វើដំណើរវិលជុំវិញផែនដី ក្នុងរយៈចម្ងាយ៣៨៤,៤០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ក្រៅពីនេះនៅប្រហែលជា ១០ថ្ងៃខាងមុខ គឺនៅថ្ងៃទី១២ ខែតុលានេះ អាចម៍ផ្កាយមួយដុំផ្សេងទៀតមានឈ្មោះថា 2012 TC4 ក៏នឹងហោះឆ្លងកាត់ផែនដីផងដែរ ប៉ុន្តែក្នុងចម្ងាយជិតជាងអាចម៍ផ្កាយ 2017 SX17 គឺតែ ៤៣,៥០០គីឡូម៉ែត្រ ប៉ុណ្ណោះពីផ្ទៃផែនដី។ អាចម៍ផ្កាយ 2012 TC4 ត្រូវគេប៉ាន់ប្រមាណថា មានមុខកាត់ចន្លោះពី ១២ម៉ែត្រ ទៅ ២៧ម៉ែត្រ ដែលជាប្រភេទដូចគ្នាទៅនឹងដុំថ្មអវកាស ដែលបានផ្ទុះឡើងនៅលើទីក្រុង Chelyabinsk នៃប្រទេសរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០១៣៕