នេះជារូបផ្ទះយើងថតដោយយានកូរ៉េខាងត្បូង KPLO ពីគន្លងគោចរព្រះចន្ទ! អស្ចារ្យទេ?

(បរទេស)៖ ពិភពលោកកំពុងភ្ញាក់ផ្អើលជាមួយនឹង បេសកកម្មដំបូងឈ្មោះ Danuri របស់ប្រទេសកូរ៉េខាងត្បូងទៅកាន់ឋានព្រះចន្ទ តាមរយៈយាន Korea Pathfinder Lunar Orbiter (KPLO) ដែលត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាស ដោយគ្រាប់រ៉ុក្កែត​ Falcon 9 នៃក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX កាលពីខែសីហា ឆ្នាំ២០២២។

យាន ឬផ្កាយរណប KPLO (Image credit: KARI)

យាន KPLO បានទៅដល់គន្លងគោចរព្រះចន្ទ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ ហើយការបំពេញប្រតិបត្តិការ និងផ្តិតរូបភាពបញ្ជូនមកកាន់ភពផែនដី បានកើតមានឡើងកាលពីចុងខែធ្នូ ខណៈនៅដើមខែមករា ឆ្នាំ២០២៣ នេះ គ្រប់គ្នាមានភាពភ្ញាក់ផ្អើលនឹងរូបភាពថ្មីៗដែលត្រូវបានបង្ហាញចេញ។ ប្រការនេះបាននាំឲ្យប្រទេសកូរ៉េខាងត្បូង ឈានជើងចូលក្នុងក្លឹបនៃ​​ប្រទេសមហាអំណាចធំៗ ដែលបាននិងកំពុងបំពេញបេសកកម្មយ៉ាងជោគជ័យ នៅឋានព្រះចន្ទមានដូចជា សហរដ្ឋអាមេរិក, ចិន, ជប៉ុន និងឥណ្ឌាផងដែរ។

រូបថតដោយយានកូរ៉េខាងត្បូងនៅឋានព្រះចន្ទ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ (Image credit: KARI)

គួរបញ្ជាក់ថា វិទ្យាស្ថានស្រាវជ្រាវទីអវកាសនៃប្រទេសកូរ៉េខាងត្បូង (KARI) ដែលទទួលបន្ទុកផលិតយានអវកាស ឬអាចហៅថាផ្កាយរណប KPLO តម្លៃ ១៨០លានដុល្លារអាមេរិកខាងលើនេះ បានបញ្ចេញរូបថតចំនួន ២សន្លឹក ដែលកាមេរ៉ាលើ KPLO ផ្តិតបាន។ រូបភាពទាំងអស់នោះបាននាំឲ្យយើងឃើញភពផែនដី ដែលជាផ្ទះរបស់យើង រះឡើងពីលើផ្ទៃព្រះចន្ទដែលពោពេញដោយរណ្តៅ (Crater)

រូបថតដោយយានកូរ៉េខាងត្បូងនៅឋានព្រះចន្ទ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ (Image credit: KARI)

បើតាមវិទ្យាស្ថាន KARI ក្នុងចំណោមរូបទាំង ២សន្លឹកនេះ ១សន្លឹកត្រូវបានថតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ និង១សន្លឹកទៀតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ក្រុមអ្នកអភិវឌ្ឍវិស័យអវកាសរបស់ប្រទេសកូរ៉េខាងត្បូង នឹងប្រើប្រាស់រូបថតពិសេសៗទាំងនេះ ដើម្បីសិក្សាស្រាវជ្រាវរកទីតាំងដ៏ល្អមួយ ដើម្បីឲ្យរ៉ូបូតដំបូងរបស់កូរ៉េខាងត្បូងចុះចត និងស្រាវជ្រាវដោយផ្ទាល់លើផ្ទៃព្រះចន្ទនៅឆ្នាំ២០៣២

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣)

Comments (0)
Add Comment