នេះជារូបផ្ទះយើងថតដោយយានកូរ៉េខាងត្បូង KPLO ពីគន្លងគោចរព្រះចន្ទ! អស្ចារ្យទេ?
(បរទេស)៖ ពិភពលោកកំពុងភ្ញាក់ផ្អើលជាមួយនឹង បេសកកម្មដំបូងឈ្មោះ Danuri របស់ប្រទេសកូរ៉េខាងត្បូងទៅកាន់ឋានព្រះចន្ទ តាមរយៈយាន Korea Pathfinder Lunar Orbiter (KPLO) ដែលត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាស ដោយគ្រាប់រ៉ុក្កែត Falcon 9 នៃក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX កាលពីខែសីហា ឆ្នាំ២០២២។

យាន KPLO បានទៅដល់គន្លងគោចរព្រះចន្ទ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ ហើយការបំពេញប្រតិបត្តិការ និងផ្តិតរូបភាពបញ្ជូនមកកាន់ភពផែនដី បានកើតមានឡើងកាលពីចុងខែធ្នូ ខណៈនៅដើមខែមករា ឆ្នាំ២០២៣ នេះ គ្រប់គ្នាមានភាពភ្ញាក់ផ្អើលនឹងរូបភាពថ្មីៗដែលត្រូវបានបង្ហាញចេញ។ ប្រការនេះបាននាំឲ្យប្រទេសកូរ៉េខាងត្បូង ឈានជើងចូលក្នុងក្លឹបនៃប្រទេសមហាអំណាចធំៗ ដែលបាននិងកំពុងបំពេញបេសកកម្មយ៉ាងជោគជ័យ នៅឋានព្រះចន្ទមានដូចជា សហរដ្ឋអាមេរិក, ចិន, ជប៉ុន និងឥណ្ឌាផងដែរ។

គួរបញ្ជាក់ថា វិទ្យាស្ថានស្រាវជ្រាវទីអវកាសនៃប្រទេសកូរ៉េខាងត្បូង (KARI) ដែលទទួលបន្ទុកផលិតយានអវកាស ឬអាចហៅថាផ្កាយរណប KPLO តម្លៃ ១៨០លានដុល្លារអាមេរិកខាងលើនេះ បានបញ្ចេញរូបថតចំនួន ២សន្លឹក ដែលកាមេរ៉ាលើ KPLO ផ្តិតបាន។ រូបភាពទាំងអស់នោះបាននាំឲ្យយើងឃើញភពផែនដី ដែលជាផ្ទះរបស់យើង រះឡើងពីលើផ្ទៃព្រះចន្ទដែលពោពេញដោយរណ្តៅ (Crater)។

បើតាមវិទ្យាស្ថាន KARI ក្នុងចំណោមរូបទាំង ២សន្លឹកនេះ ១សន្លឹកត្រូវបានថតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ និង១សន្លឹកទៀតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ក្រុមអ្នកអភិវឌ្ឍវិស័យអវកាសរបស់ប្រទេសកូរ៉េខាងត្បូង នឹងប្រើប្រាស់រូបថតពិសេសៗទាំងនេះ ដើម្បីសិក្សាស្រាវជ្រាវរកទីតាំងដ៏ល្អមួយ ដើម្បីឲ្យរ៉ូបូតដំបូងរបស់កូរ៉េខាងត្បូងចុះចត និងស្រាវជ្រាវដោយផ្ទាល់លើផ្ទៃព្រះចន្ទនៅឆ្នាំ២០៣២៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣)
