(បរទេស)៖ តេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ទើបតែបានប្រញាប់ប្រញាល់ផ្តិតរូបភាព កញ្ចុំផ្កាយមួយមានឈ្មោះថា NGC 376 ដែលស្ថិតនៅជ្រុងមួយនៃកាឡាក់ស៊ីរណបតូច SMC (Small Magellanic Cloud) មុននឹងវារលាយបាត់រូបរាងនៅថ្ងៃអនាគត។
SMC ជាកាឡាក់ស៊ីរណបតូចមួយ ក្នុងចំណោមកាឡាក់ស៊ីរណបទាំង ២ របស់កាឡាក់ស៊ី Milky Way ហើយវាមានចម្ងាយ ២០០,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយ SMC មានផ្ទុកផ្កាយដល់ទៅរាប់រយលានដួងឯណោះ។ នៅជាយរបស់ SMC នោះមានកញ្ចុំផ្កាយមួយឈ្មោះ NGC 376 ដែល ៩០% ទៅហើយនៃតារា ឬអាចថាម៉ាសរបស់កញ្ចុំផ្កាយនេះទៅចុះ បានរំសាយ និងសង្រួមខ្លួនចូលជាមួយនឹងកាឡាក់់ស៊ីរណប SMC ទៅហើយ។
បើតាមការអង្គការ NASA និង ESA កញ្ចុំផ្កាយ NGC 376 នឹងក្លាយជាផ្នែកមួយរបស់ SMC តែម្តងនៅពេលខាងមុខ (មិនទាន់មានការបញ្ជាក់ឲ្យច្បាស់ឡើយ) ខណៈការអះអាងថា ម៉ាសរបស់ NGC 376 រហូតដល់ទៅ ៩០% ទៅហើយត្រូវបានរួមបញ្ចូលជាមួយ SMC នោះ បានកើតមានឡើងក្រោយការសិក្សាយ៉ាងពិសេសមួយកាលពីឆ្នាំ២០១១។
NGC 376 គឺជាប្រភេទកញ្ចុំផ្កាយបើក ឬ រំសាយ (Open Cluster) ដែលមានប្រការនេះមានន័យថា តារានានានៅក្នុងកញ្ចុំមួយនោះបានចាប់ផ្តើមឃ្លាតចេញពីគ្នា រហូតដល់ក្រុមតារាវិទូអាចធ្វើការរាប់ចំនួនផ្កាយមួយៗនៅក្នុងវាបាន ដែលខុសពីកាលវានៅជាកញ្ចុំតារាផ្តុំ (Globular Cluster) ដែលតារាទាំងអស់បានប្រមូលផ្តុំគ្នាយ៉ាងកកុញ។
គួរបញ្ជាក់ថា តេឡេស្កូប Hubble បានផ្តិតរូបភាពខាងលើនេះ កាលពីអំលុងខែធ្នូ ឆ្នាំ២០២២ ហើយវាក៏បានក្លាយជារូបភាពដ៏ពិសេសមួយផងដែរ ដោយសារតែពណ៌ចម្រុះ និងអត្ថន័យដែលបង្កប់ក្នុងវា។ រូបមួយសន្លឹកនេះត្រូវបានផលិតឡើង តាមរយៈការរួមបញ្ចូលគ្នានៃរូបភាពបានមកពីកាមេរ៉ាគោល Advanced Camera for Surveys ឬ ACS និងកាមេរាថតទូលាយ Wide Field Camera 3 ឬ WFC 3 នៅលើខ្លួន Hubble៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ SPACE/NASA/ESA (ថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣)