Hubble ប្រញាប់ថតកញ្ចុំផ្កាយមួយនៅក្បែរកាឡាក់ស៊ី Milky Way មុននឹងវារំសាយ…

750

(បរទេស)៖ តេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ទើបតែបានប្រញាប់ប្រញាល់ផ្តិតរូបភាព កញ្ចុំផ្កាយមួយមានឈ្មោះថា NGC 376 ដែលស្ថិតនៅជ្រុងមួយនៃកាឡាក់ស៊ីរណបតូច SMC (Small Magellanic Cloud) មុននឹងវារលាយបាត់រូបរាងនៅថ្ងៃអនាគត។

Hubble ប្រញាប់ថតកញ្ចុំផ្កាយមួយនៅក្បែរកាឡាក់ស៊ី Milky Way មុខនឹងវារំសាយ…
តារានិករ NGC 376 ដែលរំសាយខ្លួនអស់ ៩០% ចូលក្នុងកាឡាក់ស៊ីរណប SMS (រូបភាពពី NASA/ESA)

SMC ជាកាឡាក់ស៊ីរណបតូចមួយ ក្នុងចំណោមកាឡាក់ស៊ីរណបទាំង របស់កាឡាក់ស៊ី Milky Way ហើយវាមានចម្ងាយ ២០០,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយ SMC មានផ្ទុកផ្កាយដល់ទៅរាប់រយលានដួងឯណោះ។ នៅជាយរបស់ SMC នោះមានកញ្ចុំផ្កាយមួយឈ្មោះ NGC 376 ដែល ៩០% ទៅហើយនៃតារា ឬអាចថាម៉ាសរបស់កញ្ចុំផ្កាយនេះទៅចុះ បានរំសាយ និងសង្រួមខ្លួនចូលជាមួយនឹងកាឡាក់់ស៊ីរណប SMC ទៅហើយ។

កាឡាក់ស៊ី Milky Way និងកាឡាក់ស៊ីរណបទាំង ២ (រូបភាពពីបរទេស)

បើតាមការអង្គការ NASA និង ESA កញ្ចុំផ្កាយ NGC 376 នឹងក្លាយជាផ្នែកមួយរបស់ SMC តែម្តងនៅពេលខាងមុខ (មិនទាន់មានការបញ្ជាក់ឲ្យច្បាស់ឡើយ) ខណៈការអះអាងថា ម៉ាសរបស់ NGC 376 រហូតដល់ទៅ ៩០% ទៅហើយត្រូវបានរួមបញ្ចូលជាមួយ SMC នោះ បានកើតមានឡើងក្រោយការសិក្សាយ៉ាងពិសេសមួយកាលពីឆ្នាំ២០១១

NGC 376 គឺជាប្រភេទកញ្ចុំផ្កាយបើករំសាយ (Open Cluster) ដែលមានប្រការនេះមានន័យថា តារានានានៅក្នុងកញ្ចុំមួយនោះបានចាប់ផ្តើមឃ្លាតចេញពីគ្នា រហូតដល់ក្រុមតារាវិទូអាចធ្វើការរាប់ចំនួនផ្កាយមួយៗនៅក្នុងវាបាន ដែលខុសពីកាលវានៅជាកញ្ចុំតារាផ្តុំ (Globular Cluster) ដែលតារាទាំងអស់បានប្រមូលផ្តុំគ្នាយ៉ាងកកុញ។

តេឡេស្កូបអវកាស Hubble (រូបភាពពី NASA/ESA)

គួរបញ្ជាក់ថា តេឡេស្កូប Hubble បានផ្តិតរូបភាពខាងលើនេះ កាលពីអំលុងខែធ្នូ ឆ្នាំ២០២២ ហើយវាក៏បានក្លាយជារូបភាពដ៏ពិសេសមួយផងដែរ ដោយសារតែពណ៌ចម្រុះ និងអត្ថន័យដែលបង្កប់ក្នុងវា។ រូបមួយសន្លឹកនេះត្រូវបានផលិតឡើង តាមរយៈការរួមបញ្ចូលគ្នានៃរូបភាពបានមកពីកាមេរ៉ាគោល Advanced Camera for Surveys ឬ ACS និងកាមេរាថតទូលាយ Wide Field Camera 3 ឬ WFC 3 នៅលើខ្លួន Hubble

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ SPACE/NASA/ESA (ថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣)

480×240 Banner