(បរទេស)៖ NGC 346 កន្លងមកត្រូវបានក្រុមតារាវិទូស្គាល់ថា ជាបណ្តុំនៃតំបន់កកើតផ្កាយដ៏មមាញឹកបំផុត ស្ថិតនៅក្នុងកូនកាឡាក់ស៊ី១ក្បែរកាឡាក់ស៊ី Milky Way យើង ដែលបង្កប់ទៅដោយភាពអាថ៌កំបាំង គួរឲ្យចង់បើកកកាយ។ ប៉ុន្តែចាប់ពីពេលនេះទៅ តំបន់ NGC 346 នឹងមិនមានធ្វើឲ្យយើងងឿងឆ្ងល់ច្រើនទៀតឡើយ ព្រោះនៅក្នុងខែមករា ឆ្នាំ២០២៣នេះ តេឡេស្កូបអវកាស James Webb បានបញ្ចេញរូបភាព និងទិន្នន័យច្បាស់លាស់ដំបូងបំផុតអំពីវាហើយ។
យើងបានដឹងពីមុនមកថា តំបន់ NGC 346 ស្ថិតនៅក្នុងកាឡាក់ស៊ីរណបទី ២ (SMC ឬ Small Magellanic Cloud) ដែលស្ថិតនៅក្បែរកាឡាក់ស៊ី Milky Way យើងនេះ។ នៅក្នុងកាឡាក់ស៊ីរណប SMC នោះ មានកំហាប់នៃធាតុដែលធ្ងន់ជាងអ៊ីដ្រូសែន (hydrogen) ឬ អេល្យូម (Helium) ដែលជាទូទៅយើងហៅថា លោហៈ (mental) នោះ ទាបជាងនៅក្នុងកាឡាក់ Milky Way។ ជាទូទៅ NASA បានកំណត់ថា កម្ទេចធូលីក្នុងទីអវកាស គឺភាគច្រើនជាលោហៈ ហើយពួកគេជឿជាក់ថានៅក្នុង SMC នោះមានកម្ទេចធូលីក្នុងកម្រិតទាប ហេតុដូច្នេះទើបពិបាកឲ្យតេឡេស្កូបអង្កេតឃើញវា។ ប៉ុន្តែនៅទិន្នន័យថ្មីរបស់ James Webb បានបង្ហាញចេញផ្ទុយពីនេះ។
រូបភាពថ្មីប្រកបដោយភាពលម្អិតទៅលើ NGC 346 មួយសន្លឹកនេះ ត្រូវបានផ្តិតដោយឧបករណ៍ចាប់យកពន្លឺក្រហមអាំងហ្វ្រាជិត (Near-Infrared Camera ឬ NIRCam) នៃតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ហើយវាមានចម្ងាយ ២០០,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ James Webb បានរកឃើញថា វាមិនត្រឹមតែជាកន្លែងកកើត «ផ្កាយ» ថ្មីៗមានច្រើនជាងការស្មានប៉ុណ្ណោះទេ តែក្នុងតំបន់ទាំងនោះក៏មាន «ភព» ថ្មីៗកកើតច្រើនដូចគ្នា។
សម្រាប់តំបន់មានឧស្ម័នពណ៌ផ្កាឈូកៗ គឺតំណាងឲ្យអ៊ីដ្រូសែនពោពេញថាមពល ដែលជាធម្មតាមានកម្តៅប្រហែល ១០,០០០អង្សាសេ ឬអាចក្តៅខ្លាំងជាងនេះទៀត ខណៈតំបន់ដែលមានឧស្ម័នពណ៌ទឹកក្រូចៗភាគច្រើន តំណាងឱ្យអ៊ីដ្រូសែនមានកំហាប់ក្រាស់ និងម៉ូលេគុលត្រជាក់ប្រហែល – ២០០អង្សាសេ ឬអាចទាបជាងនេះ ព្រមទាំងវត្តមានធូលីបន្ទាប់សន្សំជាច្រើនទៀត។ ឧស្ម័នដែលត្រជាក់បែបនេះ តែងតែផ្តល់នូវបរិយាកាសដ៏ល្អ សម្រាប់ផ្កាយនានាកកើតរូបរាងឡើង ដូចដែលយើងឃើញតាមរយៈទិដ្ឋភាព នៅតំបន់កកើតផ្កាយជាក់ស្តែងនោះ។
គួរបញ្ជាក់ថា នៅក្នុងរូបភាពនៃ NGC 346 របស់ Jame Webb ក្រុមតារាវិទូបានមើលឃើញវត្តមានផ្កាយក្មេងៗ កំពុងកកើត (protostars) ដែលសុទ្ធសឹងមានម៉ាសធំៗ (៥-៨ដងនៃម៉ាសព្រះអាទិត្យ)។ ក្រុមអ្នកវិទ្យាសាស្ត្រអាចធ្វើការអង្កេតចំពោះ «ផ្កាយកំពុងកកើត» មានម៉ាសក្រោម ១០ដងនៃម៉ាសព្រះអាទិត្យទាំងនោះ ដើម្បីយល់ដឹងអំពីឥទ្ធិពលដែលពួកវាអាចធ្វើឲ្យប្រែប្រួល ទៅដល់បរិស្ថាននៅជុំវិញតំបន់ដែលពួកវាកំពុងកកើត។ ដោយឡែកសម្រាប់វត្តមាន «ភពកំពុងកកើត» នោះវិញ គឺជាគន្លឹះសំខាន់ដំបូង ដែលនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យថា ភពថ្ម (rocky planets) នានាអាចចាប់កំណើតលឿនជាងការគិតពីមុន បន្ទាប់ពីព្រឹត្តិការណ៍បន្ទុះ Big Bang បានកើតឡើង ព្រោះកាឡាក់ស៊ីរណប SMC ក៏មានបរិស្ថានស្រដៀងនឹងកាឡាក់ស៊ីវ័យចំណាស់ៗជាច្រើនទៀតដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣)