(បរទេស)៖ ក្រុមតារាវិទូនៃអង្គការ NASA ទើបតែបានរកឃើញប្រព័ន្ធផ្កាយដ៏ចម្លែកមួយ ដែលមានភពធំមួយគោចរជុំវិញផ្កាយទំហំតូច ខណៈទំហំរបស់ផ្កាយនោះ គឺស្មើនឹង ៤ដង នៃទំហំភពព្រហស្បតិ៍ (Jupiter) របស់យើងប៉ុណ្ណោះ។ ការរកឃើញថ្មីនេះ ក៏អាចជំរុញបន្ថែមឲ្យក្រុមតារាវិទូ ធ្វើការកំណត់ជាថ្មីឡើងវិញអំពីជំពូកភព និងតារាផងដែរ។
មិនត្រឹមតែជាការជំរុញឲ្យមានកំណត់ អំពីជំពូកភព និងផ្កាយបន្ថែមទៀតឡើយ តែការរកឃើញភពឧស្ម័នយក្ស (Gas Giant) ថ្មីខាងលើ ក៏កំពុងផ្តល់ជាចម្ងល់ចំពោះ របៀបនៃការកកើតភពប្រភេទនេះផងដែរ។ ផ្កាយខាងលើនេះមានឈ្មោះថា TOI 5205 មានភពមួយឈ្មោះ TOI 5205 b គោចរជុំវិញវា ហើយមិនបាច់គិតច្រើនឡើយ ព្រោះគ្រាន់តែឃើញអក្សរ TOI នៅពីមុខនោះ លោកអ្នកប្រាកដជាដឹងថា តេឡេស្កូបអវកាស TESS ជាឧបករណ៍ដែលបានអង្កេត និងរកឃើញវាហើយ។
ទោះបីជាផ្កាយ TOI 5205 ស្ថិតនៅក្នុងលំដាប់ M-dwarf ដែលជាប្រភេទផ្កាយពណ៌ក្រហម ស្រទន់មិនសូវក្តៅ និងមានទំហំតូចជាងព្រះអាទិត្យក៏ពិតមែន តែពពួកផ្កាយប្រភេទនេះ គឺសំបូរជាងគេនៅក្នុងកាឡាក់ស៊ី Milky Way យើង ហើយភពភាគច្រើន ក៏ត្រូវបានសង្កេតឃើញ គោចរជុំវិញជំពូកផ្កាយបែបនេះផងដែរ។ ប៉ុន្តែអ្វីដែលចម្លែកនោះ ការអង្កេតឃើញភពឧស្ម័នយក្ស (Gas Giant) គោចរជុំវិញផ្កាយតូចបែបនេះ គឺជារឿងថ្មី។
ជុំវិញលទ្ធផលខាងលើនេះ តារាវិទូ ស៊ូបាំ កាណូឌា (Shubham Kanodia) មកពីវិទ្យាស្ថាន Carnegie បានថ្លែងថា «ផ្កាយ TOI-5205 មានទំហំធំជាងភពព្រហស្បតិ៍ប្រហែល ៤ដង ប៉ុន្តែវាបានបង្កើតជាភពមួយ ដែលមានទំហំប៉ុនភពព្រហស្បតិ៍… នេះពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់!»។
បើតាមក្រុមតារាវិទូពន្យល់ ការកកើតភពឧស្ម័នយក្សមួយទៅរួច គឺមិនសូវខុសពីការកកើតភពទូទៅឡើយ។ វាត្រូវមានការស្រូប និងប្រមូលផ្តុំកម្ទេចធូលី និងឧស្ម័ន ដោយកម្លាំងទំនាញ ហើយដំណើរការនោះ នឹងបង្កើតទៅជាបន្ទះឌីស (disks) នៃភពកំពុងចាប់កំណើត (protoplanetary disks)។ ធូលី និងឧស្ម័ន ដែលត្រូវការយកមកបង្កើតភពនោះ គឺបានមកពីផ្កាយរបស់វាដែលបានដួលរលំ (collapsed) ហើយបង្កើតចេញជាផ្កាយរបស់ភពនោះឯង។
ដោយសារតែបែបនេះហើយ ទើបក្រុមតារាវិទូយល់ថា ភព TOI 5205 b មិនសមមានវត្តមាននៅទីនោះ ព្រោះវាមានទំហំធំពេក បើធៀបនឹងទំហំផ្កាយមេវា ហើយប្រសិនបើយកទ្រឹស្តីនៃការកកើតភពឧស្ម័នយក្ស មកវិភាគលើវា គឺប្រាសចាកទាំងស្រុងពីទ្រឹស្តីតែម្តង។ ពេលនេះមានតែពឹងលើ James Webb ទៀតហើយ ដើម្បីកំណត់ឲ្យច្បាស់លាស់បន្ថែមទៀត អំពីធាតុផ្សំរបស់ភព TOI 5205 b ព្រោះ James Webb មានឧបករណ៍ឆ្លុះ និងវិភាគដឹងធាតុផ្សំសំខាន់ៗ ក្នុងការបរិយាកាសភព ដែលស្ថិតនៅចម្ងាយ ២៨០ឆ្នាំពន្លឺពីផែនដីយើងនោះបាន (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣)