NASA រកឃើញប្រព័ន្ធចម្លែក៖ «ភពប៉ុនភពព្រហស្បតិ៍ គោចរជុំវិញផ្កាយធំជាងខ្លួនវាត្រឹម៤ដង» (មានវីដេអូ)

1,046

(បរទេស)៖ ក្រុមតារាវិទូនៃអង្គការ NASA ទើបតែបានរកឃើញប្រព័ន្ធផ្កាយដ៏ចម្លែកមួយ ដែលមានភពធំមួយគោចរជុំវិញផ្កាយទំហំតូច ខណៈទំហំរបស់ផ្កាយនោះ គឺស្មើនឹង ៤ដង នៃទំហំភពព្រហស្បតិ៍ (Jupiter) របស់យើងប៉ុណ្ណោះ។ ការរកឃើញថ្មីនេះ ក៏អាចជំរុញបន្ថែមឲ្យក្រុមតារាវិទូ ធ្វើការកំណត់ជាថ្មីឡើងវិញអំពីជំពូកភព និងតារាផងដែរ។

មិនត្រឹមតែជាការជំរុញឲ្យមានកំណត់ អំពីជំពូកភព និងផ្កាយបន្ថែមទៀតឡើយ តែការរកឃើញភពឧស្ម័នយក្ស (Gas Giant) ថ្មីខាងលើ ក៏កំពុងផ្តល់ជាចម្ងល់ចំពោះ របៀបនៃការកកើតភពប្រភេទនេះផងដែរ។ ផ្កាយខាងលើនេះមានឈ្មោះថា TOI 5205 មានភពមួយឈ្មោះ TOI 5205 b គោចរជុំវិញវា ហើយមិនបាច់គិតច្រើនឡើយ ព្រោះគ្រាន់តែឃើញអក្សរ TOI នៅពីមុខនោះ លោកអ្នកប្រាកដជាដឹងថា តេឡេស្កូបអវកាស TESS ជាឧបករណ៍ដែលបានអង្កេត និងរកឃើញវាហើយ។

NASA រកឃើញប្រព័ន្ធចម្លែក៖ «ភព១ប៉ុនភពព្រហស្បតិ៍ គោចរជុំវិញផ្កាយ១ ធំជាងខ្លួនវាត្រឹម៤ដង»
រូបតំណាងភព TOI 5205 b និងផ្កាយរបស់វា (រូបភាពពី Katherine Cain, courtesy of the Carnegie Institution for Science)

ទោះបីជាផ្កាយ TOI 5205 ស្ថិតនៅក្នុងលំដាប់ M-dwarf ដែលជាប្រភេទផ្កាយពណ៌ក្រហម ស្រទន់មិនសូវក្តៅ និងមានទំហំតូចជាងព្រះអាទិត្យក៏ពិតមែន តែពពួកផ្កាយប្រភេទនេះ គឺសំបូរជាងគេនៅក្នុងកាឡាក់ស៊ី Milky Way យើង ហើយភពភាគច្រើន ក៏ត្រូវបានសង្កេតឃើញ គោចរជុំវិញជំពូកផ្កាយបែបនេះផងដែរ។ ប៉ុន្តែអ្វីដែលចម្លែកនោះ ការអង្កេតឃើញភពឧស្ម័នយក្ស (Gas Giant) គោចរជុំវិញផ្កាយតូចបែបនេះ គឺជារឿងថ្មី។

ជុំវិញលទ្ធផលខាងលើនេះ តារាវិទូ ស៊ូបាំ កាណូឌា (Shubham Kanodia) មកពីវិទ្យាស្ថាន Carnegie បានថ្លែងថា «ផ្កាយ TOI-5205 មានទំហំធំជាងភពព្រហស្បតិ៍ប្រហែល ៤ដង ប៉ុន្តែវាបានបង្កើតជាភពមួយ ដែលមានទំហំប៉ុនភពព្រហស្បតិ៍… នេះពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់!»

ខាងឆ្វេង (ផ្កាយ TOI 5205 និងភព TOI 5205 b) និង ខាងស្តាំ (ព្រះអាទិត្យ និងភពព្រហស្បតិ៍) (រូបភាពពី Katherine Cain courtesy of the Carnegie Institution for Science)

បើតាមក្រុមតារាវិទូពន្យល់ ការកកើតភពឧស្ម័នយក្សមួយទៅរួច គឺមិនសូវខុសពីការកកើតភពទូទៅឡើយ។ វាត្រូវមានការស្រូប និងប្រមូលផ្តុំកម្ទេចធូលី និងឧស្ម័ន ដោយកម្លាំងទំនាញ ហើយដំណើរការនោះ នឹងបង្កើតទៅជាបន្ទះឌីស (disks) នៃភពកំពុងចាប់កំណើត (protoplanetary disks)។ ធូលី និងឧស្ម័ន ដែលត្រូវការយកមកបង្កើតភពនោះ គឺបានមកពីផ្កាយរបស់វាដែលបានដួលរលំ (collapsed) ហើយបង្កើតចេញជាផ្កាយរបស់ភពនោះឯង។

ការកកើតភព Gas Giant ទូទៅ (រូបភាពពីបរទេស)

ដោយសារតែបែបនេះហើយ ទើបក្រុមតារាវិទូយល់ថា ភព TOI 5205 b មិនសមមានវត្តមាននៅទីនោះ ព្រោះវាមានទំហំធំពេក បើធៀបនឹងទំហំផ្កាយមេវា ហើយប្រសិនបើយកទ្រឹស្តីនៃការកកើតភពឧស្ម័នយក្ស មកវិភាគលើវា គឺប្រាសចាកទាំងស្រុងពីទ្រឹស្តីតែម្តង។ ពេលនេះមានតែពឹងលើ James Webb ទៀតហើយ ដើម្បីកំណត់ឲ្យច្បាស់លាស់បន្ថែមទៀត អំពីធាតុផ្សំរបស់ភព TOI 5205 b ព្រោះ James Webb មានឧបករណ៍ឆ្លុះ និងវិភាគដឹងធាតុផ្សំសំខាន់ៗ ក្នុងការបរិយាកាសភព ដែលស្ថិតនៅចម្ងាយ ២៨០ឆ្នាំពន្លឺពីផែនដីយើងនោះបាន (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣)

480×240 Banner