(បរទេស)៖ សម្រាប់អនាគតមនុស្សមួយចំនួន ដែលអាចនឹងទៅរស់នៅភពព្រះអង្គារនោះ ទិដ្ឋភាពទាំងនេះនឹងអាចលួងចិត្តពួកគេ មិនឲ្យនឹករលឹកភពផែនដីបានខ្លះៗដែរ។ ជាក់ស្តែងដូចរូបភាពថ្មីៗ ដែលយានស្រាវជ្រាវលើផ្ទៃភពអង្គាររបស់អង្គការ NASA ទើបផ្តិតបានលើភពអង្គារ (Mars) នេះ មានដូចជាពពកបញ្ចេញពន្លឺក្រោយថ្ងៃលិច និងកាំរស្មីព្រះអាទិត្យជះមកពីក្រោយជួរភ្នំ អាចឲ្យលោកអ្នកច្រលំថា ជាទិដ្ឋភាពលើផែនដីយើងបាន។
រូបភាព ២សន្លឹកថ្មីនេះ ត្រូវបានយាន Curiosity ផ្តិតនៅលើភពអង្គារ ខណៈវាកំពុងស្ថិតនៅក្នុងរណ្តៅ Gale Crater។ ទិដ្ឋភាពថ្ងៃទើបលិចលើភពអង្គារ បានបង្ហាញពីកាំរស្មីព្រះអាទិត្យ (sun rays) ជះចេញជាឆ្នូតៗពីក្រោយជួរភ្នំ ទៅលើពពកភពអង្គារ ព្រមទាំងបណ្តុំពពកដែលរងពន្លឺពីព្រះអាទិត្យ ហើយទិដ្ឋភាពបែបនេះក៏មិនសូវខុសពីនៅលើភពផែនដីប៉ុន្មានដែរ។
សម្រាប់ពាក្យថា «sun rays» ក៏ត្រូវបានស្គាល់ជាភាសាឡាទីនថា «crepuscular rays» ផងដែរ ដោយចង់សំដៅទៅលើកាំរស្មី «twilight» (រស្មីពេលព្រលប់) នោះឯង។ នេះជាលើកទី ១ ហើយដែលអង្គការ NASA ថតបានទិដ្ឋភាពបែបនេះនៅលើភពអង្គារ ឬអាចថាជា ទិដ្ឋភាពកម្របំផុត ដែលមិនងាយកើតឡើងដូចនៅលើផែនដីឡើយ។
គួរបញ្ជាក់ថា បណ្តុំពពកភាគច្រើនលើភពអង្គារ គឺស្ថិតនៅរយៈកម្ពស់ខ្ទង់ ៦០គីឡូម៉ែត្រពីលើផ្ទៃដី ហើយភាគច្រើនពពកទាំងនោះផ្ទុកទៅដោយទឹកកក។ ប៉ុន្តែសម្រាប់ពពកដែលបង្កឲ្យមាន ចំណាំងរវាងកាំរស្មីព្រះអាទិត្យខាងលើនេះ អាចស្ថិតនៅរយៈកម្ពស់ខ្ពស់ និងត្រជាក់ជាងនេះ ដែលពោពេញទៅដោយ កាបូនឌីអុកស៊ីតកក ឬទឹកកកស្ងួត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣)