(បរទេស)៖ ការរួមបញ្ចូលគ្នាយ៉ាងកម្រោលនៃកាឡាក់ស៊ីពីរ ដែលមានចម្ងាយប្រហែល ១៨០ លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលាន ឬពាន់ពាន់លានគីឡូម៉ែត្រ) បានលេចឡើងចំពោះមុខតេឡេស្កូបដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ហើយទិដ្ឋភាពនេះប្រៀបបីដូចជា មេអំបៅអវកាសដ៏ធំធេងមួយកំពុងត្រដាងស្លាប ឬក៏ស្ករគ្រាប់ដ៏ធំនៅទីអវកាសដូច្នោះឯង។
កាឡាក់ស៊ីដែលបាននិងកំពុងបុកបញ្ចូលគ្នា (colliding) នោះ មួយមានឈ្មោះជាផ្លូវការថា «UGC 12914» និងមួយទៀត «UGC 12915» ត្រូវបានគេដាក់រហ័សនាមថា កាឡាក់ស៊ី Taffy (Taffy Galaxies) ដោយសាររូបរាងរបស់វា ដូចស្ករគ្រាប់ដ៏ឈ្ងុយឆ្ងាញ់នោះណាស់។ រូបរាងបែបរមួល និងលាតសន្ធឹងដូចក្នុងរូបភាពនេះ គឺជាលទ្ធផលនៃការប៉ះទង្គិចគ្នាដែលបានចាប់ផ្តើមកាលពី ២៥លានឆ្នាំមុនរវាងកាឡាក់ស៊ីទាំង ២ ហើយលោកអ្នកអាចប៉ាន់ស្មានបានដោយខ្លួនឯងថា ថេរវេលាកម្រិតនេះអាចឲ្យមានការប្រែប្រួលទម្រង់ដូចម្តេចខ្លះ។
រូបភាពនៃកាឡាក់ស៊ីកំពុងបុកបញ្ចូលគ្នា ដែលមានទីតាំងនៅក្នុងតារានិករ ផេហ្កាសឹស (Pegasus) ប្រសិនបើមើលទៅលើផ្ទៃមេឃភពផែនដីនោះ ត្រូវបានថតដោយតេឡេស្កូប Gemini North នៅរដ្ឋហាវ៉ៃ (Hawaii) សហការជាមួយនឹងដៃគូរបស់វាមួយទៀត ដែលមានមូលដ្ឋាននៅប្រទេសឈីលី ឈ្មោះថា Gemini South។ ទាំង ២ នេះគឺស្ថិតក្នុងចំណោមតេឡេស្កូបដ៏ធំ និងទំនើបបំផុតរបស់ពិភពលោក ដែលប្រើប្រាស់ទាំងកែវអុបទិច ដើម្បីផ្តិតរូបភាពផង និងឧបករណ៍ឆ្លុះមើលពន្លឺក្រហមអាំងហ្វ្រា (infrared) ផង។
គួរបញ្ជាក់ថា ការបុកបញ្ចូលគ្នា ឬរួមគ្នា (merging) រវាងកាឡាក់ស៊ី ២ ឬលើសពីនេះ តែងតែត្រូវបានចាត់ទុកជាព្រឹត្តិការណ៍បដិវត្តន៍ នៃចំណុចណាមួយនៅក្នុងចក្រវាល ព្រោះវានឹងជំរុញឲ្យផ្កាយថ្មីៗកកើតឡើងផង និងអាចកាត់បន្ថយការកកើតផ្កាយថ្មីៗផង នៅក្នុងពេលនោះ។ ភាគច្រើននៃព្រឹត្តិការណ៍ merging របស់កាឡាក់ស៊ី ២ តែងតែបង្កឲ្យមានបណ្តុំពពកធូលី និងឧស្ម័នដ៏សម្បើម ដែលជាសញ្ញានៃការបង្កើតផ្កាយថ្មីៗ ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍នៃកាឡាក់ស៊ី Taffy ខាងលើនេះវិញ ហាក់បានបង្ហាញការថយចុះនៃតំបន់បង្កើតផ្កាយថ្មីៗ។
ក្រុមតារាវិទូបានសន្មត់បែបនេះ ក្រោយធ្វើការពិនិត្យស្លាបទាំង ២ របស់មេអំបៅអវកាសនោះ ដែលជាខ្លួនរបស់កាឡាក់ស៊ីទាំង ២ គឺ UGC 12914 និង UGC 12915 ហើយតំបន់នៅចំកណ្តាលស្លាបទាំង ២ ដែលមានពណ៌ក្រហមៗនោះ ជាស្ថានភាពខុសប្លែកពីគ្នា ព្រោះវាកំពុងចលាចលបំផុត ដោយសារតែជាចំណុចកណ្តាលនៃកលិយុគ នោះគឺព្រឹត្តិការណ៍បុកទង្គិចគ្នា (collision) ដែលបានចាប់ផ្តើមឡើងតាំងពី ២៥លានឆ្នាំមុនមកនោះឯង។ ទោះបីជាវាកញ្ជ្រោលរោលរាលពិតមែន តែគេមិនឃើញមានការកកើតផ្កាយថ្មីៗច្រើននោះឡើយ ព្រោះប្រសិនបើផ្កាយថ្មីៗនានាលេចចេញពន្លកត្រួយឡើងមកនោះ សកម្មភាពការដុតរោល និងកម្តៅដ៏មហិមានៅក្នុងតំបន់នោះ អាចក្តិចពន្លកត្រួយនោះចេញវិញបាន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣)