កាឡាក់ស៊ី ២ រួមបញ្ចូលគ្នាយ៉ាងកម្រោល នាំឲ្យចេញរូបរាងដូចមេអំបៅ ឬស្ករ Taffy ដ៏ឈ្ងុយឆ្ងាញ់ (មានវីដេអូ)

1,261

(បរទេស)៖ ការរួមបញ្ចូលគ្នាយ៉ាងកម្រោលនៃកាឡាក់ស៊ីពីរ ដែលមានចម្ងាយប្រហែល ១៨០ លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលាន ឬពាន់ពាន់លានគីឡូម៉ែត្រ) បានលេចឡើងចំពោះមុខតេឡេស្កូបដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ហើយទិដ្ឋភាពនេះប្រៀបបីដូចជា មេអំបៅអវកាសដ៏ធំធេងមួយកំពុងត្រដាងស្លាប ឬក៏ស្ករគ្រាប់ដ៏ធំនៅទីអវកាសដូច្នោះឯង។

កាឡាក់ស៊ីដែលបាននិងកំពុងបុកបញ្ចូលគ្នា (colliding) នោះ មួយមានឈ្មោះជាផ្លូវការថា «UGC 12914» និងមួយទៀត «UGC 12915» ត្រូវបានគេដាក់រហ័សនាមថា កាឡាក់ស៊ី Taffy (Taffy Galaxies) ដោយសាររូបរាងរបស់វា ដូចស្ករគ្រាប់ដ៏ឈ្ងុយឆ្ងាញ់នោះណាស់។ រូបរាងបែប​រមួល​ និង​លាតសន្ធឹង​ដូចក្នុងរូបភាពនេះ​ គឺជា​លទ្ធផល​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បាន​ចាប់​ផ្តើម​កាលពី ២៥លាន​ឆ្នាំ​មុន​រវាងកាឡាក់ស៊ីទាំង ហើយលោកអ្នកអាចប៉ាន់ស្មានបានដោយខ្លួនឯងថា ថេរវេលាកម្រិតនេះអាចឲ្យមានការប្រែប្រួលទម្រង់ដូចម្តេចខ្លះ។

កាឡាក់ស៊ី ២ រួមបញ្ចូលគ្នាយ៉ាងកម្រោល នាំឲ្យចេញរូបរាងដូចមេអំបៅ ឬស្ករ Taffy ដ៏ឈ្ងុយឆ្ងាញ់
កាឡាក់ស៊ី ២ រួមបញ្ចូលគ្នា និងត្រូវបានហៅជារួមថា Taffy (Image credit: NOIRLab)

រូបភាពនៃកាឡាក់ស៊ីកំពុងបុកបញ្ចូលគ្នា ដែលមានទីតាំងនៅក្នុងតារានិករ ផេហ្កាសឹស (Pegasus) ប្រសិនបើមើលទៅលើផ្ទៃមេឃភពផែនដីនោះ ត្រូវបានថតដោយតេឡេស្កូប Gemini North នៅរដ្ឋហាវ៉ៃ (Hawaii) សហការជាមួយនឹងដៃគូរបស់វាមួយទៀត ដែលមានមូលដ្ឋាននៅប្រទេសឈីលី ឈ្មោះថា Gemini South។ ទាំង នេះគឺស្ថិតក្នុងចំណោមតេឡេស្កូបដ៏ធំ និងទំនើបបំផុតរបស់ពិភពលោក ដែលប្រើប្រាស់ទាំងកែវអុបទិច ដើម្បីផ្តិតរូបភាពផង និងឧបករណ៍ឆ្លុះមើលពន្លឺក្រហមអាំងហ្វ្រា (infrared) ផង។

តេឡេស្កូប Gemini North នៅរដ្ឋហាវ៉ៃ (Hawaii) និង Gemini South នៅឈីលី (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ការបុកបញ្ចូលគ្នា ឬរួមគ្នា (merging) រវាងកាឡាក់ស៊ីឬលើសពីនេះ តែងតែត្រូវបានចាត់ទុកជាព្រឹត្តិការណ៍បដិវត្តន៍ នៃចំណុចណាមួយនៅក្នុងចក្រវាល ព្រោះវានឹងជំរុញឲ្យផ្កាយថ្មីៗកកើតឡើងផង និងអាចកាត់បន្ថយការកកើតផ្កាយថ្មីៗផង នៅក្នុងពេលនោះ។ ភាគច្រើននៃព្រឹត្តិការណ៍ merging របស់កាឡាក់ស៊ី ២ តែងតែបង្កឲ្យមានបណ្តុំពពកធូលី និងឧស្ម័នដ៏សម្បើម ដែលជាសញ្ញានៃការបង្កើតផ្កាយថ្មីៗ ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍នៃកាឡាក់ស៊ី Taffy ខាងលើនេះវិញ ហាក់បានបង្ហាញការថយចុះនៃតំបន់បង្កើតផ្កាយថ្មីៗ។

ក្រុមតារាវិទូបានសន្មត់បែបនេះ ក្រោយធ្វើការពិនិត្យស្លាបទាំងរបស់មេអំបៅអវកាសនោះ ដែលជាខ្លួនរបស់កាឡាក់ស៊ីទាំង គឺ UGC 12914 និង UGC 12915 ហើយតំបន់នៅចំកណ្តាលស្លាបទាំង ដែលមានពណ៌ក្រហមៗនោះ ជាស្ថានភាពខុសប្លែកពីគ្នា ព្រោះវាកំពុងចលាចលបំផុត ដោយសារតែជាចំណុចកណ្តាលនៃកលិយុគ នោះគឺព្រឹត្តិការណ៍បុកទង្គិចគ្នា (collision) ដែលបានចាប់ផ្តើមឡើងតាំងពី ២៥លានឆ្នាំមុនមកនោះឯង។ ទោះបីជាវាកញ្ជ្រោលរោលរាលពិតមែន តែគេមិនឃើញមានការកកើតផ្កាយថ្មីៗច្រើននោះឡើយ ព្រោះប្រសិនបើផ្កាយថ្មីៗនានាលេចចេញពន្លកត្រួយឡើងមកនោះ សកម្មភាពការដុតរោល និងកម្តៅដ៏មហិមានៅក្នុងតំបន់នោះ អាចក្តិចពន្លកត្រួយនោះចេញវិញបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣)

480×240 Banner