NASA ទើបរកឃើញភពថ្មី ដែលក្តៅជាងផែនដីបន្តិច និងស្ថិតនៅចម្ងាយ ៧១ឆ្នាំពន្លឺ

(បរទេស)៖ ភព exoplanet ថ្មីស្ថិតនៅលំដាប់លេខរៀងទី ៥,៣២២ ត្រូវបានបញ្ជាក់វត្តមានជាផ្លូវការហើយ ដោយក្រុមអ្នកវិទ្យាសាស្ត្រសិក្សាភពរបស់អង្គការ NASA ទៅលើបណ្តុំទិន្នន័យបន្សល់ទុកពី តេឡេស្កូបអវកាស Kepler (បានបិទបញ្ចប់បេសកកម្មនៅឆ្នាំ២០១៨)។ ភពនោះស្ថិតនៅចម្ងាយ ៧១ឆ្នាំពន្លឺ ពីភពផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)

ភពថ្មីខាងលើនេះមានឈ្មោះសម្គាល់ថា K2-415 b ជាប្រភេទ Super Earthផែនដីយក្ស (ភពមានទំហំធំជាងផែនដី តែតូចជាងភពណិបទូន)។ វាគោចរជុំវិញទំហំផ្កាយតូច និងមានម៉ាសស្រាល លំដាប់ M dwarf ហើយដោយសារតែការគោចររបស់វា រាងកៀកនឹងផ្កាយមេវាជាង បើធៀបនឹងគន្លងគោចរភពផែនដីជុំវិញព្រះអាទិត្យនោះ កម្តៅលើភពនោះត្រូវបានគេគណនាថា ក៏ក្តៅជាងភពផែនដីបន្តិចដែរ។

រូបតំណាងភព K2-415 b (រូបភាពពី NASA)

ដោយសារតែការគោចរកៀកនោះហើយ ទើបភព K2-415 b ចំណាយពេលតែ ៤ថ្ងៃប៉ុណ្ណោះ ក្នុងការគោចរបានមួយជុំផ្កាយ K2-415 ឬស្មើនឹងមួយឆ្នាំរបស់ភព Super Earth នោះ។ ចំពោះសំនួរថា តើវាអាចមានឱកាសទ្រទ្រង់ជីវិតឬអត់នោះ គឺប្រាកដជា «គ្មាន» ឡើយ ព្រោះបរិស្ថានភពប្រភេទនេះ មិនស្វាគមន៍ជីវិតនោះទេ។ សម្រាប់ព័ត៌មានបន្ថែមពីនេះក៏មិនទាន់មានដែរ ព្រោះវាជាភពថ្មីថ្មោងក្នុងបញ្ចី ដែលទើបត្រូវបានបញ្ជាក់វត្តមាននៅក្នុងខែមេសា ឆ្នាំ២០២៣ នេះប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣)

Comments (0)
Add Comment