NASA ទើបរកឃើញភពថ្មី ដែលក្តៅជាងផែនដីបន្តិច និងស្ថិតនៅចម្ងាយ ៧១ឆ្នាំពន្លឺ
(បរទេស)៖ ភព exoplanet ថ្មីស្ថិតនៅលំដាប់លេខរៀងទី ៥,៣២២ ត្រូវបានបញ្ជាក់វត្តមានជាផ្លូវការហើយ ដោយក្រុមអ្នកវិទ្យាសាស្ត្រសិក្សាភពរបស់អង្គការ NASA ទៅលើបណ្តុំទិន្នន័យបន្សល់ទុកពី តេឡេស្កូបអវកាស Kepler (បានបិទបញ្ចប់បេសកកម្មនៅឆ្នាំ២០១៨)។ ភពនោះស្ថិតនៅចម្ងាយ ៧១ឆ្នាំពន្លឺ ពីភពផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
ភពថ្មីខាងលើនេះមានឈ្មោះសម្គាល់ថា K2-415 b ជាប្រភេទ Super Earth ឬផែនដីយក្ស (ភពមានទំហំធំជាងផែនដី តែតូចជាងភពណិបទូន)។ វាគោចរជុំវិញទំហំផ្កាយតូច និងមានម៉ាសស្រាល លំដាប់ M dwarf ហើយដោយសារតែការគោចររបស់វា រាងកៀកនឹងផ្កាយមេវាជាង បើធៀបនឹងគន្លងគោចរភពផែនដីជុំវិញព្រះអាទិត្យនោះ កម្តៅលើភពនោះត្រូវបានគេគណនាថា ក៏ក្តៅជាងភពផែនដីបន្តិចដែរ។

ដោយសារតែការគោចរកៀកនោះហើយ ទើបភព K2-415 b ចំណាយពេលតែ ៤ថ្ងៃប៉ុណ្ណោះ ក្នុងការគោចរបានមួយជុំផ្កាយ K2-415 ឬស្មើនឹងមួយឆ្នាំរបស់ភព Super Earth នោះ។ ចំពោះសំនួរថា តើវាអាចមានឱកាសទ្រទ្រង់ជីវិតឬអត់នោះ គឺប្រាកដជា «គ្មាន» ឡើយ ព្រោះបរិស្ថានភពប្រភេទនេះ មិនស្វាគមន៍ជីវិតនោះទេ។ សម្រាប់ព័ត៌មានបន្ថែមពីនេះក៏មិនទាន់មានដែរ ព្រោះវាជាភពថ្មីថ្មោងក្នុងបញ្ចី ដែលទើបត្រូវបានបញ្ជាក់វត្តមាននៅក្នុងខែមេសា ឆ្នាំ២០២៣ នេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣)
