(បរទេស)៖ នៅថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្រុមការងារគ្រប់គ្រង James Webb របស់អង្គការ NASA ESA និង CSA បានបញ្ចេញរូបភាពមួយសន្លឹកដ៏អស្ចារ្យ ដែលត្រូវបានផ្តិតដោយតេឡេស្កូបអវកាសតម្លៃជិត ១០ពាន់លានដុល្លារអាមេរិកមួយនេះ ទៅលើកាកសំណល់នៃបន្ទុះស៊ូពើណូវ៉ា (Supernova) មួយឈ្មោះ Cassiopeia A (Cas A) ដែលបានកើតមានឡើងកាលពី ៣៤០ឆ្នាំមុននេះ ស្ថិតនៅចម្ងាយ ១១,០០០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ទោះបីជាស្ថិតនៅចម្ងាយដល់រាប់ម៉ឺនឆ្នាំពីផែនដីក៏ពិតមែន តែទំហំនៃការផ្ទុះដ៏ធំធេងរបស់ស៊ូពើណូវ៉ាខាងលើនេះ ទំនងជាបានធ្វើឲ្យមនុស្សលោកលើផែនដី មើលឃើញដោយភ្នែកទទេកាលពី ៣៤០ឆ្នាំមុនជាក់ជាមិនខាន។ ចំពោះកាកសំណល់របស់ស៊ូពើណូវ៉ាមួយនេះ គឺមិនមែនជារឿងថ្មី ដែលក្រុមតារាវិទូទើបរកឃើញនោះឡើយ តែរូបភាពថ្មីផ្តិតយកដោយឧបករណ៍អង្កេត ពន្លឺក្រហមអាំងហ្វ្រារបស់ James Webb ទៅវិញទេ ដែលបានធ្វើឲ្យកាកសំណល់នោះ បញ្ចេញនូវភាពលម្អិតដ៏អស្ចារ្យ ដែលតេឡេស្កូបមុនៗមិនអាចធ្វើបាន និងជាអ្វីដែលយើងមិនធ្លាប់បានឃើញពីមុន។
យើងអាចមើលឃើញនូវបណ្តុំពពកធូលី និងឧស្ម័នមានពណ៌ទឹកក្រូច នៅតំបន់ជាយផ្នែកខាងឆ្វេងនៃរូបភាព ខណៈនៅផ្នែកខាងក្នុងវិញ គឺសុទ្ធសឹងជាវត្ថុធាតុដែលបន្សល់ទុកពីការផ្ទុះផ្កាយនោះតែម្តង ដែលអាចមានដូចជា អុកស៊ីសែន ឬសារធាតុមួយចំនួនទៀត ដែលក្រុមអ្នកវិទ្យាសាស្ត្រត្រូវការពេលបន្តទៀត ដើម្បីសិក្សាវែកញែកឲ្យច្បាស់។
គួរបញ្ជាក់ថា ស៊ូពើណូវ៉ា Cassiopeia A (Cas A) ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ថ្មីថ្មោងមួយ ដែលបានកើតមានឡើង នៅមិនឆ្ងាយប៉ុន្មានឡើយពីភពផែនដី។ ការក្រឡេកមើលដោយ James Webb ទៅលើកាកសំណល់ខាងលើនេះ ត្រូវបានចាត់់ទុកជាឱកាសពិសេសមួយ ដើម្បីឲ្យក្រុមតារាវិទូស្វែងយល់បន្ថែម អំពីប្រភពដើមនៃធូលីអវកាស និងការកកើតឡើងរបស់ពួកវា ដែលសុទ្ធសឹងជាវត្ថុធាតុរួមផ្សំជាមួយអ្វីៗគ្រប់យ៉ាងនេះឯង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ NASA/ESA/CSA/James Webb (ថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣)