Breaking News៖ នេះជាអ្វីដែលអ្នកមិនធ្លាប់ឃើញ! កាកសំណល់ស៊ូពើណូវ៉ាថតដោយ James Webb!

2,063

(បរទេស)៖ នៅថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្រុមការងារគ្រប់គ្រង James Webb របស់អង្គការ NASA ESA និង CSA បានបញ្ចេញរូបភាពមួយសន្លឹកដ៏អស្ចារ្យ ដែលត្រូវបានផ្តិតដោយតេឡេស្កូបអវកាសតម្លៃជិត ១០ពាន់លានដុល្លារអាមេរិកមួយនេះ ទៅលើកាកសំណល់នៃបន្ទុះស៊ូពើណូវ៉ា (Supernova) មួយឈ្មោះ Cassiopeia A (Cas A) ដែលបានកើតមានឡើងកាលពី ៣៤០ឆ្នាំមុននេះ ស្ថិតនៅចម្ងាយ ១១,០០០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

Supernova Cas A ថតដោយ James Webb (រូបភាពពី NASA ESA CSA)

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ទោះបីជាស្ថិតនៅចម្ងាយដល់រាប់ម៉ឺនឆ្នាំពីផែនដីក៏ពិតមែន តែទំហំនៃការផ្ទុះដ៏ធំធេងរបស់ស៊ូពើណូវ៉ាខាងលើនេះ ទំនងជាបានធ្វើឲ្យមនុស្សលោកលើផែនដី មើលឃើញដោយភ្នែកទទេកាលពី ៣៤០ឆ្នាំមុនជាក់ជាមិនខាន។ ចំពោះកាកសំណល់របស់ស៊ូពើណូវ៉ាមួយនេះ គឺមិនមែនជារឿងថ្មី ដែលក្រុមតារាវិទូទើបរកឃើញនោះឡើយ តែរូបភាពថ្មីផ្តិតយកដោយឧបករណ៍អង្កេត ពន្លឺក្រហមអាំងហ្វ្រារបស់ James Webb ទៅវិញទេ ដែលបានធ្វើឲ្យកាកសំណល់នោះ បញ្ចេញនូវភាពលម្អិតដ៏អស្ចារ្យ ដែលតេឡេស្កូបមុនៗមិនអាចធ្វើបាន និងជាអ្វីដែលយើងមិនធ្លាប់បានឃើញពីមុន។

Breaking News៖ នេះជាអ្វីដែលអ្នកមិនធ្លាប់ឃើញ! កាកសំណល់់ស៊ូពើណូវ៉ាថតដោយ James Webb!
(រូបភាពពី NASA ESA CSA)

យើងអាចមើលឃើញនូវបណ្តុំពពកធូលី និងឧស្ម័នមានពណ៌ទឹកក្រូច នៅតំបន់ជាយផ្នែកខាងឆ្វេងនៃរូបភាព ខណៈនៅផ្នែកខាងក្នុងវិញ គឺសុទ្ធសឹងជាវត្ថុធាតុដែលបន្សល់ទុកពីការផ្ទុះផ្កាយនោះតែម្តង ដែលអាចមានដូចជា អុកស៊ីសែន ឬសារធាតុមួយចំនួនទៀត ដែលក្រុមអ្នកវិទ្យាសាស្ត្រត្រូវការពេលបន្តទៀត ដើម្បីសិក្សាវែកញែកឲ្យច្បាស់។

ស៊ូពើណូវ៉ា Cas A ថតដោយតេឡេស្កូប Chandra X-ray (រូបភាពពី NASA)

គួរបញ្ជាក់ថា ស៊ូពើណូវ៉ា Cassiopeia A (Cas A) ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ថ្មីថ្មោងមួយ ដែលបានកើតមានឡើង នៅមិនឆ្ងាយប៉ុន្មានឡើយពីភពផែនដី។ ការក្រឡេកមើលដោយ James Webb ទៅលើកាកសំណល់ខាងលើនេះ ត្រូវបានចាត់់ទុកជាឱកាសពិសេសមួយ ដើម្បីឲ្យក្រុមតារាវិទូស្វែងយល់បន្ថែម អំពីប្រភពដើមនៃធូលីអវកាស និងការកកើតឡើងរបស់ពួកវា ដែលសុទ្ធសឹងជាវត្ថុធាតុរួមផ្សំជាមួយអ្វីៗគ្រប់យ៉ាងនេះឯង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ NASA/ESA/CSA/James Webb (ថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣)

480×240 Banner