ផ្កាយកំណាចចម្ងាយ ៣៥០ឆ្នាំពន្លឺពីផែនដី បានស៊ីកូនខ្លួនឯងម្តងមួយៗអស់ជាង ១០…

ផ្កាយកំណាចចម្ងាយ ៣៥០ឆ្នាំពន្លឺពីផែនដី បានស៊ីកូនខ្លួនឯងម្តងមួយៗអស់ជាង ១០…

(អាមេរិក)៖ តារាមួយដួង​ដ៏សែនឆ្ងាយ ដែលស្រដៀងទៅ​នឹងព្រះអាទិត្យ ប្រហែលជាបាន​លេបត្របាក់យកភពក្មេងៗ​របស់​​​វា​ផ្ទាល់ ដែលមានទំហំប៉ុនៗ​ផែនដីដល់ទៅចំនួន ១៥ភព ឬក៏អាចច្រើន​ជាងនេះ។ នេះបើតាមការ​ដកស្រង់ដោយ​វែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។

ក្រុមអ្នកស្រាវជ្រាវ​បានដាក់ឈ្មោះ​ឲ្យផ្កាយខាងលើ​នេះថា ក្រូណូស (Kronos) ជាឈ្មោះរបស់​អាទិទេព​មួយអង្គ​ នៅក្នុងទេវកថា​​​ប្រទេសក្រិក ដែលលេបកូនៗ​របស់ខ្លួនឯង ដោយសារតែ​ភ័យខ្លាចថា ពួកគេនឹង​ដណ្តើមរាជ្យ។ តារា Kronos ជាកម្ម​សិទ្ធិ​របស់​ប្រព័ន្ធផ្កាយភ្លោះ Binary Star ឬក៏ Double-Star មួយប្រព័ន្ធ ដែលស្ថិតនៅ​ចម្ងាយ ៣៥០ឆ្នាំពន្លឺពី​​ផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដោយដៃគូវាមួយទៀតមានឈ្មោះថា គ្រីយ៉ូស (Krios)

រូបតំណាងប្រព័ន្ធផ្កាយ Kronos និង Krios ពេលទើបចាប់កំណើត (រូបភាពពីបរទេស)

Krios ជាផ្កាយធម្មតា និងស្ងប់ស្ងាត់ ដោយមានសារធាតុ លីចូម (lithium), ម៉ាញេស្យូម (magnesium) និង ដែក (iron) អណ្តែតក្នុងបរិយាកាសរបស់វា ប៉ុន្តែដៃគូរបស់វាមួយទៀត ដែលមានធម្មជាតិដ៏សាហាវព្រៃផ្សៃ គឺ Kronos មានលក្ខណៈខុសប្លែក។ ក្រុមតារាវិទូខ្លះ ក៏ធ្លាប់បានគិតផងដែរថា ពួកវាមិនមែនស្ថិតក្នុងប្រព័ន្ធ Binary Star

(រូបភាពពីបរទេស)

គួរបញ្ជាក់ថា តាមរយៈការអង្កេត​មើលយ៉ាងហ្មត់ចត់ ក្រុមតារាវិទូ​បានរកឃើញថា Kronos មានបរិមាណសារធាតុរ៉ែ​​ក្នុង​​កម្រិតដ៏ខ្ពស់​ខុសពី​ធម្មតា ដែលទំនងជា​មានន័យថា វាធ្លាប់បានលេប​ត្របាក់យក​ភពមានម៉ាស់​ប្រហាក់ប្រហែល​នឹងផែនដីយើង​ប្រហែលចំនួន ១២ ឬ អាចដល់ទៅ ១៥ ភពឯណោះនៅក្នុងជីវិត​របស់វា។

(រូបភាពពីបរទេស)

​ផ្កាយទាំង ២ដួងខាងលើ ដែលមានឈ្មោះ​ផ្លូវការ HD 240430 និង HD 240429 អាចមានអាយុកាល​ប្រមាណ​ ៤ពាន់លានឆ្នាំ ហើយពួកវាទំនង​ជាប្រភេទផ្កាយ​លឿង G-type ដែលស្រដៀង​ទៅនឹងព្រះអាទិត្យ តែមានវ័យក្មេង​ជាង។ ការសិក្សាបាន​បង្ហាញទៀតថា តារាទាំង ២ វិលជុំវិញមួយជុំ​ជារៀងរាល់ ១០,០០០ឆ្នាំម្តង

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/News Scientist

Comments (0)
Add Comment