(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA (អាមេរិក), ESA (អឺរ៉ុប) និង CSA (កាណាដា) ទើបតែបានបញ្ចេញរូបភាពថ្មីមួយសន្លឹក នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ មានឈ្មោះថា របារ អូរ៉ាយអិន (Orion Bar) ដែលជាផ្នែកមួយនៃបណ្តុំពពក នីប៊ូឡា អូរ៉ាយអិន (Orion Nebula) ស្ថិតនៅចម្ងាយ ១,៣៥០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
នៅក្នុងរូបភាពថ្មីនេះ តេឡេស្កូបអវកាស James Webb បានចាប់បានជាលើកដំបូងនូវ ម៉ូលេគុលកាបូនដ៏សំខាន់មួយ ដែលត្រូវបានគេហៅថា កាត្យុង មេទីល (methyl cation ឬ cat-eye-on) នៅក្នុងទីអវកាស។ យើងទាំងអស់គ្នាបានដឹងរួចមកហើយថា សមាធាតុកាបូន គឺជាមូលដ្ឋានបង្កើតជីវិតដ៏សំខាន់ ហើយ methyl cation (CH3+) ក៏តែងតែដើរតួយ៉ាងសំខាន់ផងដែរ នៅក្នុងការជំរុញបរិមាណម៉ូលេគុលកាបូន ឲ្យកាន់តែច្រើន និងសំបូរបែប។
នៅក្នុងរូបភាពថតដោយ កាមេរ៉ាផ្តិតយកពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) និងឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (MIRI) ព្រមទាំងការរួមបញ្ចូលគ្នា នូវរូបភាពក្នុងទម្រង់ទាំង ២ នេះ នាំឲ្យយើងអាចមើលឃើញ «ចំណុចពិសេសក្នុង Orion Bar» ហើយនោះគឺជាប្រព័ន្ធផ្កាយវ័យក្មេងមួយ (នៅក្នុងតំបន់រូបភាព MIRI) ដែលនៅជុំវិញផ្កាយក្មេងនោះមាន បន្ទះឌីសធូលី-ឧស្ម័ននៃភពកំពុងចាប់កំណើត (protoplanetary disk) ដែលត្រូវបានដាក់ឈ្មោះថា «d203-506» ខណៈរូបភាពបែបពង្រីក ក្នុងទម្រង់ MIRI + NIRCam បាននាំឲ្យយើងឃើញ ប្រព័ន្ធផ្កាយក្មេងនោះកាន់តែច្បាស់។
សម្រាប់ក្រុមការងារ James Webb បានមើលឃើញថា បន្ទះឌីសនៃភពចាប់កំណើត d203-506 មានលក្ខណៈប្លែកជាងបន្ទះឌីស នៃភពចាប់កំណើតផ្សេងៗទៀត ហើយចំណុចដែលខុសគ្នាធំបំផុតនោះ គឺគេមិនបានប្រទះឃើញម៉ូលេគុលទឹក នៅក្នុងនោះទាល់តែសោះ។ ប្រការនេះបានសបញ្ជាក់ឲ្យឃើញថា បណ្តុំវិទ្យុសកម្មស្វាយអ៊ុលត្រា (ultraviolet radiation) ដ៏ក្រាស់ក្រែល (ដូចមាននៅក្នុងតំបន់ Orion Bar) នោះ អាចផ្លាស់ប្តូរទាំងស្រុងនូវសមាសធាតុគីមីផ្សំ នៅក្នុងបន្ទះឌីសនៃភពកំពុងចាប់កំណើតមួយបាន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣)