BREAKING៖ នេះជារូបភាពថ្មីពី James Webb! វាជាផ្នែកមួយនៃនីប៊ូឡា Orion ហើយគេបានរកឃើញ «ចំណុចពិសេស១»

587

(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA (អាមេរិក), ESA (អឺរ៉ុប) និង CSA (កាណាដា) ទើបតែបានបញ្ចេញរូបភាពថ្មីមួយសន្លឹក នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ មានឈ្មោះថា របារ អូរ៉ាយអិន (Orion Bar) ដែលជាផ្នែកមួយនៃបណ្តុំពពក នីប៊ូឡា អូរ៉ាយអិន (Orion Nebula) ស្ថិតនៅចម្ងាយ ១,៣៥០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)

(Credits: ESA/Webb, NASA, CSA, M. Zamani (ESA/Webb), and the PDRs4All ERS Team)

នៅក្នុងរូបភាពថ្មីនេះ តេឡេស្កូបអវកាស James Webb បានចាប់បានជាលើកដំបូងនូវ ម៉ូលេគុលកាបូនដ៏សំខាន់មួយ ដែលត្រូវបានគេហៅថា កាត្យុង មេទីល (methyl cation ឬ cat-eye-on) នៅក្នុងទីអវកាស។ យើងទាំងអស់គ្នាបានដឹងរួចមកហើយថា សមាធាតុកាបូន គឺជាមូលដ្ឋានបង្កើតជីវិតដ៏សំខាន់ ហើយ methyl cation (CH3+) ក៏តែងតែដើរតួយ៉ាងសំខាន់ផងដែរ នៅក្នុងការជំរុញបរិមាណម៉ូលេគុលកាបូន ឲ្យកាន់តែច្រើន និងសំបូរបែប។

(Credits: ESA/Webb, NASA, CSA, M. Zamani (ESA/Webb), and the PDRs4All ERS Team)

នៅក្នុងរូបភាពថតដោយ កាមេរ៉ាផ្តិតយកពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) និងឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (MIRI) ព្រមទាំងការរួមបញ្ចូលគ្នា នូវរូបភាពក្នុងទម្រង់ទាំង នេះ នាំឲ្យយើងអាចមើលឃើញ «ចំណុចពិសេសក្នុង Orion Bar» ហើយនោះគឺជាប្រព័ន្ធផ្កាយវ័យក្មេងមួយ (នៅក្នុងតំបន់រូបភាព MIRI) ដែលនៅជុំវិញផ្កាយក្មេងនោះមាន បន្ទះឌីសធូលី-ឧស្ម័ននៃភពកំពុងចាប់កំណើត (protoplanetary disk) ដែលត្រូវបានដាក់ឈ្មោះថា «d203-506» ខណៈរូបភាពបែបពង្រីក ក្នុងទម្រង់ MIRI + NIRCam បាននាំឲ្យយើងឃើញ ប្រព័ន្ធផ្កាយក្មេងនោះកាន់តែច្បាស់។

BREAKING៖ នេះជារូបភាពថ្មីពី James Webb! វាជាផ្នែកមួយនៃនីប៊ូឡា Orion ហើយគេបានរកឃើញ «ចំណុចពិសេស១»
(Credits: ESA/Webb, NASA, CSA, M. Zamani (ESA/Webb), and the PDRs4All ERS Team)

សម្រាប់ក្រុមការងារ James Webb បានមើលឃើញថា បន្ទះឌីសនៃភពចាប់កំណើត d203-506 មានលក្ខណៈប្លែកជាងបន្ទះឌីស នៃភពចាប់កំណើតផ្សេងៗទៀត ហើយចំណុចដែលខុសគ្នាធំបំផុតនោះ គឺគេមិនបានប្រទះឃើញម៉ូលេគុលទឹក នៅក្នុងនោះទាល់តែសោះ។ ប្រការនេះបានសបញ្ជាក់ឲ្យឃើញថា បណ្តុំវិទ្យុសកម្មស្វាយអ៊ុលត្រា (ultraviolet radiation) ដ៏ក្រាស់ក្រែល (ដូចមាននៅក្នុងតំបន់ Orion Bar) នោះ អាចផ្លាស់ប្តូរទាំងស្រុងនូវសមាសធាតុគីមីផ្សំ នៅក្នុងបន្ទះឌីសនៃភពកំពុងចាប់កំណើតមួយបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣)

480×240 Banner