(បរទេស)៖ តេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានផ្តិតយករូបភាពបន្ថែមនៃ នេប៊ូឡាក្តាម (Crab Nebula) នៅក្នុងទម្រង់ជាពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ហើយយើងទាំងអស់គ្នា ពិតជាប្រកែកមិនបានឡើយថា វាមើលទៅអស្ចារ្យ និងប្លែកភ្នែកមិនធ្លាប់មាន បើធៀបនឹងរូបភាពថតដោយតេឡេស្កូបមុនៗ។
Crab Nebula ស្ថិតនៅចម្ងាយខ្ទង់់ ៦,៥០០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដោយវាគឺជាកាកសំណល់បន្សល់ទុកពីការផ្ទុះ (Supernova) របស់ផ្កាយមួយដួង។ ការអង្កេតដោយទម្រង់ Infrared ទៅលើនេប៊ូឡាមួយនេះ គឺស្ថិតក្នុងគោលដៅសិក្សាស្វែងយល់បន្ថែម អំពីសមាសធាតុផ្សំសំខាន់ៗ និងការប្រែប្រួលនៅក្នុងនោះ ដើម្បីជាប្រយោជន៍ដល់ការសិក្សាអំពី ដំណើរវិវត្តន៍របស់ពពួក Nebula ប្រភេទនេះ។
សម្រាប់រូបភាពទី ១ នេះគឺជាការរួមបញ្ចូលគ្នាដោយ រូបដែលត្រូវបានថតយកដោយ កាមេរ៉ាចាប់យកពន្លឺក្រហមអាំងហ្វ្រាជិត NIRCam (Near-Infrared Camera) និងរូបដែលត្រូវបានផ្តិតដោយ ឧបករណ៍ចាប់យកពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម MIRI (Mid-Infrared Instrument)។ លក្ខណៈពិសេសនៃរូបនេះ គឺយើងអាចមើលឃើញនូវ សមាសធាតុផ្សំសំខាន់ៗដូចជា ស្ពាន់ធ័រអ៊ីយ៉ូដួ (ionized sulfur) ដែលមានពណ៌ទឹកក្រូច, ដែកអ៊ីយ៉ូដួ (ionized iron) មានពណ៌ខៀវ, ធូលី (dust) មានពណ៌លឿង ស និងបៃតង, និងការបំភាយនៃភាគល្អិតផ្ទុកបន្ទុកអគ្គិសនី (electrons) ឬយើងហៅថា synchrotron emission ដែលមានពណ៌ស។
ដោយឡែកសម្រាប់រូបភាពទី ២ វិញគឺត្រូវបានថតយកដោយតេឡេស្កូបអវកាស Hubble កាលពីឆ្នាំ ២០០៥ ក្នុងទម្រង់អុបទិក (Optical Image)។ ក្នុងរូបភាពទាំង ២ ទម្រង់ដោយ Webb ផង និងដោយ Hubble ផង គឺសុទ្ធសឹងតែជាតម្លៃដល់ការសិក្សាស្វែងយល់ អំពីដំណើរវិវត្តន៍នៃ Nebula មួយនេះ នៅក្រោយបន្ទុះស៊ូពើណូវ៉ា ដែលតែងតែជាទីបញ្ចប់របស់ផ្កាយ មានទំហំធំជាងព្រះអាទិត្យយើង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA