(បរទេស)៖ ដំណាក់កាលជោគជ័យទីមួយ បានកើតមានឡើងនៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះសម្រាប់យានជប៉ុន SLIM ក្នុងជ្រៀតចូលក្នុងគន្លងគោចរជុំវិញឋានព្រះចន្ទ ខណៈប្រទេសជប៉ុនទាំងមូល កំពុងរង់ចាំមើលការចុះចតយានដំបូងរបស់ខ្លួននៅលើផ្ទៃព្រះចន្ទ ដែលនឹងកើតឡើងនៅដើមឆ្នាំក្រោយ។
យានចុះចត (Lander) មានឈ្មោះថា SLIM ខាងលើនេះ ត្រូវបានអង្គការអវកាសជប៉ុន JAXA អះអាងថា បានជ្រៀតចូលក្នុងគន្លងគោចរព្រះចន្ទ ដោយជោគជ័យកាលពីវេលាម៉ោង ៤៖៥១ល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងតូក្យូ)។ បច្ចុប្បន្ននេះយាន SLIM កំពុងគោចរជុំវិញព្រះចន្ទក្នុងគន្លងរវាងពងក្រពើ ដោយប្រើប្រាស់ពេល ៦.៤ម៉ោង ក្នុងការគោចរមួយជុំ ហើយសម្រាប់ការគោចរកៀកផ្ទៃព្រះចន្ទបំផុតគឺ ៦០០km និងឆ្ងាយបំផុត ៤,០០០km។
គួរបញ្ជាក់ថា យាន SLIM ដែលមានផ្ទុកកូនយានចល័តនៅក្នុងនោះ នឹងធ្វើការចុះចតលើផ្ទៃព្រះចន្ទនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ គ្រប់គ្នាកំពុងរង់ចាំមើលថា តើជប៉ុនអាចក្លាយជាប្រទេសទី ៥ បន្ទាប់ពីអតីតសហភាពសូវៀត, សហរដ្ឋអាមេរិក, ចិន និងឥណ្ឌា ដែលអាចចុះចតយានដោយជោគជ័យលើព្រះចន្ទដែរឬមួយក៏អត់។ ទស្សនាវីដេអូ (រំលឹក) អំពីបេសកកម្ម SLIM និង XRISM របស់ជប៉ុនខាងក្រោមនេះ៖
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/JAXA (ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣)