ជប៉ុនជោគជ័យជាថ្មីក្រោយយាន SLIM ដំណើរការឡើងវិញលើផ្ទៃព្រះចន្ទ!

(បរទេស)៖ ទីបំផុតការប៉ុនប៉ងសង្គ្រោះយាន SLIM (Smart Lander for Investigating Moon) Moon Sniper (អ្នកប្រមាញ់នៅព្រះចន្ទ) របស់អង្គការអវកាសជប៉ុន JAXA បានសម្រេចជោគជ័យហើយ, នេះបើតាមសេចក្តីប្រកាសរបស់ JAXA ដែលត្រូវបានដកស្រង់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

ការសម្រេចបានទំនាក់ទំនងជាមួយយាន SLIM វិញ បានកើតមានឡើង ១០ថ្ងៃ ក្រោយពីយានដំបូងរបស់ជប៉ុន ដែលបានចុះចតដោយជោគជ័យលើព្រះចន្ទមួយនេះ បានអស់ថាមពលប្រើប្រាស់ក្រោយពីការចុះចតក្នុងជំហរផ្ទុយពីការចង់បាននៅក្នុងរណ្តៅ Shioli Crater នៃផ្នែកបែរមករកផែនដីជាប្រចាំ (near side) របស់ព្រះចន្ទ។ ប្រការនេះបាននាំឲ្យ SLIM មិនអាចស្រូបយកថាមពលពន្លឺពីព្រះអាទិត្យ មកប្រើប្រាស់តាមផែនការ។

ផ្កាយរណប LRO របស់ NASA ថតបានយាន SLIM របស់ជប៉ុនលើផ្ទៃព្រះចន្ទពីរយៈកម្ពស់ 80km (រូបភាពពី NASA/JAXA)

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ជប៉ុនត្រូវបានចាត់បញ្ចូលជាប្រទេសទី ៥ លើពិភពលោក បន្ទាប់ពីអតីតសហភាពសូវៀត, សហរដ្ឋអាមេរិក, ប្រទេសចិន និងប្រទេសឥណ្ឌា នៅក្នុងការចុះចតយានដោយជោគជ័យ (រក្សារូបរាងទាំងមូល និងនៅដំណើរការ) នៅលើផ្ទៃព្រះចន្ទ ប៉ុន្តែដោយសារតែការចុះចតនោះខុសបច្ចេកទេសបន្តិច ទើបបន្ទះស្រូបថាមពលព្រះអាទិត្យ (solar panels) បានងាករេចេញពីទិសដៅព្រះអាទិត្យ ហើយយាន SLIM នោះបានប្រើប្រាស់ថាមពលសេសសល់ក្នុងខ្លួនវា ដើម្បីដំណើរការបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការចុះចត។

យាន SLIM លើផ្ទៃព្រះចន្ទ ថតដោយកូនរ៉ូបូត LEV-2 (រូបភាពពី JAXA)

អង្គការអវកាសជប៉ុន JAXA នៅគ្រានោះបានអះអាងថា ខ្លួនមានឱកាសចុងក្រោយមួយទៀត នោះគឺត្រូវរង់ចាំរយៈពេលជាង ១សប្តាហ៍ ដើម្បីឲ្យព្រះអាទិត្យរះមកទិសផ្សេងមួយទៀត ដែលនឹងអាចចំបន្ទះសូឡារបស់ SLIM ហើយនៅទីបំផុត ១០ថ្ងៃក្រោយមក ជប៉ុនពិតជាធ្វើបានមែន។ អង្គការអវកាសជប៉ុន JAXA បានប្រកាសថា «ប្រតិបត្តិការ (យាន SLIM) ចាប់ផ្តើមឡើងវិញហើយ»

(Credit: JAXA/BBC)

គួរបញ្ជាក់ថា យាន SLIM របស់ជប៉ុន មានមុខងារស្នូលក្នុងការសិក្សាអំពីស្ថានភាពនៃផ្ទៃព្រះចន្ទ ដើម្បីឲ្យជប៉ុនអាចគិតគូរអំពីបេសកកម្មបន្តទៀត ដែលខ្លួនអាចធ្វើនៅទីនោះនៅក្នុងរយៈយូរ។ ចាប់ពីពេលនេះ SLIM នឹងសិក្សាអំពីបរិស្ថាននៅក្នុងរណ្តៅ Shioli Crater នោះ ហើយផ្តិតរូបភាពរួចបញ្ជូនមកកាន់ផែនដីវិញ ខណៈបេសកកម្មទាំងមូលនឹងត្រូវបន្តជាមួយកូនរ៉ូបូត ២គ្រឿង ដែលទៅជាមួយវាដែរនោះគឺ LEV-1 និង LEV-2

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ JAXA/BBC (ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤)

Comments (0)
Add Comment