ជប៉ុនជោគជ័យជាថ្មីក្រោយយាន SLIM ដំណើរការឡើងវិញលើផ្ទៃព្រះចន្ទ!
(បរទេស)៖ ទីបំផុតការប៉ុនប៉ងសង្គ្រោះយាន SLIM (Smart Lander for Investigating Moon) ឬ Moon Sniper (អ្នកប្រមាញ់នៅព្រះចន្ទ) របស់អង្គការអវកាសជប៉ុន JAXA បានសម្រេចជោគជ័យហើយ, នេះបើតាមសេចក្តីប្រកាសរបស់ JAXA ដែលត្រូវបានដកស្រង់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
ការសម្រេចបានទំនាក់ទំនងជាមួយយាន SLIM វិញ បានកើតមានឡើង ១០ថ្ងៃ ក្រោយពីយានដំបូងរបស់ជប៉ុន ដែលបានចុះចតដោយជោគជ័យលើព្រះចន្ទមួយនេះ បានអស់ថាមពលប្រើប្រាស់ក្រោយពីការចុះចតក្នុងជំហរផ្ទុយពីការចង់បាននៅក្នុងរណ្តៅ Shioli Crater នៃផ្នែកបែរមករកផែនដីជាប្រចាំ (near side) របស់ព្រះចន្ទ។ ប្រការនេះបាននាំឲ្យ SLIM មិនអាចស្រូបយកថាមពលពន្លឺពីព្រះអាទិត្យ មកប្រើប្រាស់តាមផែនការ។

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ជប៉ុនត្រូវបានចាត់បញ្ចូលជាប្រទេសទី ៥ លើពិភពលោក បន្ទាប់ពីអតីតសហភាពសូវៀត, សហរដ្ឋអាមេរិក, ប្រទេសចិន និងប្រទេសឥណ្ឌា នៅក្នុងការចុះចតយានដោយជោគជ័យ (រក្សារូបរាងទាំងមូល និងនៅដំណើរការ) នៅលើផ្ទៃព្រះចន្ទ ប៉ុន្តែដោយសារតែការចុះចតនោះខុសបច្ចេកទេសបន្តិច ទើបបន្ទះស្រូបថាមពលព្រះអាទិត្យ (solar panels) បានងាករេចេញពីទិសដៅព្រះអាទិត្យ ហើយយាន SLIM នោះបានប្រើប្រាស់ថាមពលសេសសល់ក្នុងខ្លួនវា ដើម្បីដំណើរការបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការចុះចត។

អង្គការអវកាសជប៉ុន JAXA នៅគ្រានោះបានអះអាងថា ខ្លួនមានឱកាសចុងក្រោយមួយទៀត នោះគឺត្រូវរង់ចាំរយៈពេលជាង ១សប្តាហ៍ ដើម្បីឲ្យព្រះអាទិត្យរះមកទិសផ្សេងមួយទៀត ដែលនឹងអាចចំបន្ទះសូឡារបស់ SLIM ហើយនៅទីបំផុត ១០ថ្ងៃក្រោយមក ជប៉ុនពិតជាធ្វើបានមែន។ អង្គការអវកាសជប៉ុន JAXA បានប្រកាសថា «ប្រតិបត្តិការ (យាន SLIM) ចាប់ផ្តើមឡើងវិញហើយ»។

គួរបញ្ជាក់ថា យាន SLIM របស់ជប៉ុន មានមុខងារស្នូលក្នុងការសិក្សាអំពីស្ថានភាពនៃផ្ទៃព្រះចន្ទ ដើម្បីឲ្យជប៉ុនអាចគិតគូរអំពីបេសកកម្មបន្តទៀត ដែលខ្លួនអាចធ្វើនៅទីនោះនៅក្នុងរយៈយូរ។ ចាប់ពីពេលនេះ SLIM នឹងសិក្សាអំពីបរិស្ថាននៅក្នុងរណ្តៅ Shioli Crater នោះ ហើយផ្តិតរូបភាពរួចបញ្ជូនមកកាន់ផែនដីវិញ ខណៈបេសកកម្មទាំងមូលនឹងត្រូវបន្តជាមួយកូនរ៉ូបូត ២គ្រឿង ដែលទៅជាមួយវាដែរនោះគឺ LEV-1 និង LEV-2៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ JAXA/BBC (ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤)
