(ភ្នំពេញ)៖ កាលពី០២លានឆ្នាំមុន ប្រហោងខ្មៅដ៏សែនធំមហិមាបំផុត នៅចំកណ្តាលបេះដូងនៃកាឡាក់ស៊ី របស់យើង ធ្លាប់មានឥទ្ធិពលខ្លាំងក្លាលើសពីសព្វថ្ងៃនេះដល់ទៅ ១០០លានដងឯណោះ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមតារាវិទូមានក្តីងឿងឆ្ងល់ជាពន់ពេក ថាតើហេតុអ្វីដែលបាន «ភ្នំភ្លើង» ប្រចាំកាឡាក់ស៊ី Milky Way មួយនេះ មានសភាពធម្មតាដូចពេលបច្ចុប្បន្ន (មិនសូវខ្លាំងដូច ០២លានឆ្នាំមុន)។
រយៈចម្ងាយរវាងប្រព័ន្ធព្រះអាទិត្យ និងតំបន់ Galactic Center ដែលជាទីជម្រករបស់ប្រហោងខ្មៅដ៏ធំមហាសាលមួយឈ្មោះ Sagittarius A* គឺមិនមានភាពទៀងទាត់នោះឡើយ។ យ៉ាងណាមិញ ការប៉ាន់ស្មានចាប់តាំងពីឆ្នាំ២០០០មក នៅបន្តក្នុងចន្លោះពី ២៤,០០០ និង ២៨,០០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ដែលបងប្អូនអាចគណនាបាន។
ចំណុចកណ្តាលនៃកាឡាក់ស៊ី Milky Way គឺមានពន្លឺភ្លឺខ្លាំងបំផុត ប៉ុន្តែពន្លឺទាំងនោះ មិនមែនចេញពីដុំភ្លើងព្រះអាទិត្យ ដូចជាផែនដីយើងទទួលបាននោះឡើយ គឺវាជាចេញពីពពកធូលីដ៏ក្រាស់ក្រែល ដែលឆាបឆេះបញ្ចេញកម្តៅ នៅជុំវិញប្រហោងខ្មៅដ៏ធំមហិមានោះ។ វាជាចលនានៃធម្មជាតិសុទ្ធសាធ ដែលសូម្បីអ្នកវិទ្យាសាស្ត្រ ក៏មិនទាន់អាចធ្វើការបកស្រាយលម្អិតអំពីវា ប្រកបដោយភស្តុតាងដែលអាចទទួលបាន ១០០%នោះដែរ។
គួរបញ្ជាក់ថា រូបភាពអំពីប្រហោងខ្មៅភាគច្រើន គឺបានមកពីការកែច្នៃ និងសន្និដ្ឋាន ដោយយោងទៅលើទិន្នន័យពិត ទទួលបានពីតេឡេស្កូប និងកែវយឺតអវកាសប៉ុណ្ណោះ ដោយសារតែវានៅឆ្ងាយពីភពផែនដីយើងខ្លាំងពេក ដូច្នេះតារាវិទ្យូបានត្រឹមតែចាប់រូបភាពព្រាលៗពីប្រហោងខ្មៅនោះតែប៉ុណ្ណោះ។
លក្ខណៈវិសេសបន្ថែម៖ ប្រហោងខ្មៅនៅកណ្តាលកាឡាក់ស៊ីយើង មានឈ្មោះ Sagittarius A* មានទម្ងន់ធ្ងន់ជាងព្រះអាទិត្យយើងជា ០៤លានដង ប៉ុន្តែទំហំវាវិញ គឺធំជាងព្រះអាទិត្យយើងតែ ៦,០០០ដងប៉ុណ្ណោះ។ សម្រាប់ប្រហោងខ្មៅដែលនៅជិតផែនដីយើងបំផុតវិញ គឺ V616 Monocerotis មានចម្ងាយ ៣,០០០ឆ្នាំពន្លឺ និងទំហំ ១៣ដងនៃព្រះអាទិត្យរបស់យើង៕
ប្រភព៖ វែបសាយ IFL Science