តើ​នៅ​ចំ​កណ្តាល​នៃ​កាឡាក់ស៊ី Milky Way មាន​អ្វី? តើ​មាន​ចម្ងាយ​ប៉ុន្មាន Km ពី​ផែនដី?

220

(ភ្នំពេញ)៖ កាលពី០២លាន​ឆ្នាំមុន ប្រហោង​ខ្មៅ​ដ៏​សែន​ធំ​មហិមា​បំផុត នៅ​ចំ​កណ្តាល​បេះដូង​នៃ​កាឡាក់ស៊ី របស់​យើង ធ្លាប់មាន​ឥទ្ធិពល​ខ្លាំងក្លា​លើសពី​សព្វថ្ងៃនេះ​ដល់​ទៅ ១០០លាន​ដង​ឯណោះ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ក្រុម​តារាវិទូ​មាន​ក្តី​ងឿងឆ្ងល់​ជា​ពន់ពេក ថា​តើ​ហេតុអ្វី​ដែល​បាន «ភ្នំភ្លើង» ប្រចាំ​កាឡាក់ស៊ី Milky Way មួយ​នេះ មាន​សភាព​ធម្មតា​ដូច​ពេលបច្ចុប្បន្ន (មិនសូវ​ខ្លាំង​ដូច ០២លាន​ឆ្នាំមុន)។

រយៈ​ចម្ងាយ​រវាង​ប្រព័ន្ធ​ព្រះអាទិត្យ និង​តំបន់ Galactic Center ដែលជា​ទីជម្រក​របស់​ប្រហោង​ខ្មៅ​ដ៏​ធំ​មហាសាល​មួយ​ឈ្មោះ Sagittarius A* គឺ​មិនមាន​ភាពទៀងទាត់​នោះឡើយ។ យ៉ាងណាមិញ ការប៉ាន់ស្មាន​ចាប់តាំងពី​ឆ្នាំ២០០០មក នៅ​បន្ត​ក្នុង​ចន្លោះ​ពី ២៤,០០០ និង ២៨,០០០ឆ្នាំ​ពន្លឺ (១ឆ្នាំ​ពន្លឺ = ៩.៤៦១ពាន់​ពាន់​លាន​គីឡូម៉ែត្រ) ដែល​បងប្អូន​អាច​គណនា​បាន។

ចំណុចកណ្តាល​នៃ​កាឡាក់ស៊ី Milky Way គឺមាន​ពន្លឺ​ភ្លឺ​ខ្លាំង​បំផុត ប៉ុន្តែ​ពន្លឺ​ទាំងនោះ មិនមែន​ចេញពី​ដុំ​ភ្លើង​ព្រះអាទិត្យ ដូចជា​ផែនដី​យើង​ទទួលបាន​នោះឡើយ គឺ​វា​ជា​ចេញពី​ពពក​ធូលី​ដ៏​ក្រាស់ក្រែល ដែល​ឆាបឆេះ​បញ្ចេញ​កម្តៅ នៅ​ជុំវិញ​ប្រហោង​ខ្មៅ​ដ៏​ធំ​មហិមា​នោះ។ វា​ជា​ចលនា​នៃ​ធម្មជាតិ​សុទ្ធសាធ ដែល​សូម្បី​អ្នកវិទ្យាសាស្ត្រ ក៏​មិនទាន់​អាចធ្វើ​ការបកស្រាយ​លម្អិត​អំពី​វា ប្រកបដោយ​ភស្តុតាង​ដែល​អាច​ទទួលបាន ១០០%នោះដែរ។

គួរ​បញ្ជាក់ថា រូបភាព​អំពី​ប្រហោង​ខ្មៅ​ភាគច្រើន គឺ​បានមកពី​ការកែច្នៃ និង​សន្និដ្ឋាន ដោយ​យោងទៅលើ​ទិន្នន័យ​ពិត ទទួលបាន​ពី​តេ​ឡេ​ស្កូ​ប និង​កែវ​យឺត​អវកាស​ប៉ុណ្ណោះ ដោយសារតែ​វា​នៅ​ឆ្ងាយ​ពី​ភពផែនដី​យើង​ខ្លាំងពេក ដូច្នេះ​តារា​វិ​ទ្យូ​បានត្រឹមតែ​ចាប់​រូបភាពព្រាលៗពី​ប្រហោង​ខ្មៅ​នោះ​តែប៉ុណ្ណោះ។

លក្ខណៈ​វិសេស​បន្ថែម៖ ប្រហោង​ខ្មៅ​នៅ​កណ្តាល​កាឡាក់ស៊ី​យើង មានឈ្មោះ Sagittarius A* មាន​ទម្ងន់​ធ្ងន់​ជាង​ព្រះអាទិត្យ​យើង​ជា ០៤លាន​ដង ប៉ុន្តែ​ទំហំ​វា​វិញ គឺ​ធំ​ជាង​ព្រះអាទិត្យ​យើង​តែ ៦,០០០ដង​ប៉ុណ្ណោះ។ សម្រាប់​ប្រហោង​ខ្មៅ​ដែល​នៅ​ជិត​ផែនដី​យើង​បំផុត​វិញ គឺ V616 Monocerotis មាន​ចម្ងាយ ៣,០០០ឆ្នាំ​ពន្លឺ និង​ទំហំ ១៣ដង​នៃ​ព្រះអាទិត្យ​របស់​យើង៕

ប្រភព៖ វែបសាយ IFL Science

480×240 Banner