ជាលើកដំបូង! ថតបាន «ទិដ្ឋភាពពិតនៃផ្កាយ១ដួង» ស្ថិតនៅក្រៅកាឡាក់ស៊ី Milky Way (វីដេអូ)

(បរទេស)៖ រាប់ចាប់ពីការថតបានភពនៅប្រព័ន្ធផ្កាយដទៃដំបូង និងការថតយកទិដ្ឋភាពពិតៗនៃផ្កាយយក្សក្រហម Betelgeuse ជាដើម គឺសុទ្ធសឹងតែត្រូវបានធ្វើឡើងចំពោះវត្ថុអវកាសដែលស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ ហើយទាំងនោះត្រឹមមានចម្ងាយចាប់ពីខ្ទង់រាប់សិបដល់រាប់រយ ឬរាប់ពាន់ឆ្នាំពន្លឺប៉ុណ្ណោះ។ ប៉ុន្តែ, សម្រាប់ស្នាដៃថ្មីដែលក្រុមតារាវិទូអន្តរជាតិទើបសម្រេចបាននេះ គឺជាការថតបានទិដ្ឋភាពផ្កាយមួយដួង ស្ថិតនៅក្រៅពីកាឡាក់ស៊ីរបស់យើងជាលើកដំបូង។

(Video From YouTube: Cambo Space Edu)

ជាការពិតណាស់ ការថតយកផ្កាយដទៃដែលស្ថិតនៅចម្ងាយរហូតដល់ទៅរាប់សែនឆ្នាំពន្លឺ ពីភពផែនដីយើងនោះ មិនអាចប្រើប្រាស់តេឡេស្កូបធម្មតាៗទៅរួចហើយ ដោយក្រុមតារាវិទូ បានប្រើប្រាស់តេឡេស្កូបយក្ស Very Large Telescope Interferometer (VLTI) ដែលបំពាក់ជាមួយនិងឧបករណ៍ពិសេសនោះគឺ GRAVITY របស់អង្គការសង្កេតផ្ទៃមេឃភាគខាងត្បូងរបស់អឺរ៉ុប (ESO) ដែលមានមូលដ្ឋាននៅតំបន់ Atacama Desert ប្រទេសឈីលី។

បណ្តាញតឡេស្កូប VLTI (Image credit: ESO/K. Ohnaka et al./Y. Beletsky (LCO))

ផ្កាយដែលត្រូវបានផ្តិតរូបភាពស្តែងៗនោះមានឈ្មោះសម្គាល់ថា WOH G64 ស្ថិតនៅក្នុងកាឡាក់ស៊ីមិនពេញលក្ខណៈ Large Magellanic Cloud (LMC) ដែលជាកាឡាក់ស៊ីរណបរបស់កាឡាក់ស៊ី Milky Way យើង និងមានចម្ងាយរហូតដល់ទៅ ១៦០,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ=៩.៤៦ទ្រីលានkm)។ សម្រាប់រូបភាពរបស់ WOH G64 គឺពិតជាមានតម្លៃធំធេងដល់ការសិក្សាអំពីដំណើរវិវត្តន៍របស់ផ្កាយ ដែលនេះជាឧទាហរណ៍ជាក់ស្តែងបំផុត។

សម្រាប់រូបភាពពិត និងរូបភាពដែលត្រូវបានសម្រួលឲ្យច្បាស់ ដោយយោងលើទិន្នន័យពិត ចំពោះផ្កាយ WOH G64 នោះ ក្រុមអ្នកវិទ្យាសាស្ត្រអាចយល់ដឹងថា វាជាផ្កាយស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃជីវិតទៅហើយ ដោយការបញ្ចេញកម្ទេចធូលី និងឧស្ម័នទៅកាន់ទីអវកាសជុំវិញខ្លួនវា ហើយស្ថានភាពបែបនេះជាការបញ្ជាក់ថា ផ្កាយដែលមានទំហំខ្លួនស្មើនឹង ២,០០០ដង នៃទំហំព្រះអាទិត្យយើងមួយនេះ នឹងឈានទៅរកបន្ទុះស៊ូពើណូវ៉ា (Supernova) ដ៏ធំមហិមាមួយនៅថ្ងៃមុខ។

រូបភាពពិតនៃ WOH G64 (ស្តាំ) និងរូបភាពកែដោយកុំព្យុទ័រ (ឆ្វេង) (Image credit: ESO/K. Ohnaka et al., L. Calçada)

ជុំវិញស្នាដៃថ្មីសន្លាងខាងលើនេះ លោក Keiichi Ohnaka អ្នកដឹកនាំក្រុមតារាវិទូ មកពីសាកលវិទ្យាល័យ Andrés Bello នៃប្រទេសឈីលី បានលើកឡើងថា «នេះជាលើកដំបូងហើយ ដែលយើងបានទទួលជោគជ័យក្នុងថតជាលក្ខណៈ Zoom ទៅលើផ្កាយមួយដួងដែលកំពុងឈានទៅរកទីអវសាន នៅក្នុងកាឡាក់ស៊ីមួយក្រៅពី Milky Way របស់យើង។ យើងបានរកឃើញរចនាសម្ព័ន្ធដូចសំបុក (ធូលី និងឧស្ម័ន) ដែលមានរាងដូចស៊ុតនៅជុំវិញផ្កាយនោះ… យើង​រំភើប​ចិត្ត​ណាស់ ព្រោះ​ទិដ្ឋភាពបែបនេះអាច​ទាក់ទង​នឹង​ការ​ច្រាលចេញ​យ៉ាង​ខ្លាំង​នូវ​វត្ថុ​នានាពី​ផ្កាយ ដែលកំពុងឈានទៅរកទីអវសាន ឬបន្ទុះស៊ូពើណូវ៉ា…»។

គួរបញ្ជាក់ថា ក្រុមតារាវិទូបានសង្កេតឃើញផ្កាយ WOH G64 ស្ថិតនៅក្នុងកាឡាក់ស៊ីរណប LMC នោះធ្លាក់ចុះពន្លឺដ៏គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយពួកគេក៏ចាប់ផ្តើមធ្វើការសង្កេត ដើម្បីស្វែងយល់អំពីបាតុភូតនេះ។ ការថតរូបភាព WOH G64 គឺពិតជាលំបាក ព្រោះតែពពកធូលី និងឧស្ម័នដែលជះចេញទៅកាន់តំបន់ជុំវិញផ្កាយនោះជាបន្តបន្ទាប់ទើបធ្វើឲ្យវាថយចុះពន្លឺ ហើយវានឹងបន្តបញ្ចេញអការៈបែបនេះរាប់សែនឆ្នាំទៀតឯណោះ មុននឹងឈានទៅកើតមានបន្ទុះ Supernova

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤)

Comments (0)
Add Comment