ជាលើកដំបូង! ថតបាន «ទិដ្ឋភាពពិតនៃផ្កាយ១ដួង» ស្ថិតនៅក្រៅកាឡាក់ស៊ី Milky Way (វីដេអូ)
(បរទេស)៖ រាប់ចាប់ពីការថតបានភពនៅប្រព័ន្ធផ្កាយដទៃដំបូង និងការថតយកទិដ្ឋភាពពិតៗនៃផ្កាយយក្សក្រហម Betelgeuse ជាដើម គឺសុទ្ធសឹងតែត្រូវបានធ្វើឡើងចំពោះវត្ថុអវកាសដែលស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ ហើយទាំងនោះត្រឹមមានចម្ងាយចាប់ពីខ្ទង់រាប់សិបដល់រាប់រយ ឬរាប់ពាន់ឆ្នាំពន្លឺប៉ុណ្ណោះ។ ប៉ុន្តែ, សម្រាប់ស្នាដៃថ្មីដែលក្រុមតារាវិទូអន្តរជាតិទើបសម្រេចបាននេះ គឺជាការថតបានទិដ្ឋភាពផ្កាយមួយដួង ស្ថិតនៅក្រៅពីកាឡាក់ស៊ីរបស់យើងជាលើកដំបូង។
ជាការពិតណាស់ ការថតយកផ្កាយដទៃដែលស្ថិតនៅចម្ងាយរហូតដល់ទៅរាប់សែនឆ្នាំពន្លឺ ពីភពផែនដីយើងនោះ មិនអាចប្រើប្រាស់តេឡេស្កូបធម្មតាៗទៅរួចហើយ ដោយក្រុមតារាវិទូ បានប្រើប្រាស់តេឡេស្កូបយក្ស Very Large Telescope Interferometer (VLTI) ដែលបំពាក់ជាមួយនិងឧបករណ៍ពិសេសនោះគឺ GRAVITY របស់អង្គការសង្កេតផ្ទៃមេឃភាគខាងត្បូងរបស់អឺរ៉ុប (ESO) ដែលមានមូលដ្ឋាននៅតំបន់ Atacama Desert ប្រទេសឈីលី។
ផ្កាយដែលត្រូវបានផ្តិតរូបភាពស្តែងៗនោះមានឈ្មោះសម្គាល់ថា WOH G64 ស្ថិតនៅក្នុងកាឡាក់ស៊ីមិនពេញលក្ខណៈ Large Magellanic Cloud (LMC) ដែលជាកាឡាក់ស៊ីរណបរបស់កាឡាក់ស៊ី Milky Way យើង និងមានចម្ងាយរហូតដល់ទៅ ១៦០,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ=៩.៤៦ទ្រីលានkm)។ សម្រាប់រូបភាពរបស់ WOH G64 គឺពិតជាមានតម្លៃធំធេងដល់ការសិក្សាអំពីដំណើរវិវត្តន៍របស់ផ្កាយ ដែលនេះជាឧទាហរណ៍ជាក់ស្តែងបំផុត។
សម្រាប់រូបភាពពិត និងរូបភាពដែលត្រូវបានសម្រួលឲ្យច្បាស់ ដោយយោងលើទិន្នន័យពិត ចំពោះផ្កាយ WOH G64 នោះ ក្រុមអ្នកវិទ្យាសាស្ត្រអាចយល់ដឹងថា វាជាផ្កាយស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃជីវិតទៅហើយ ដោយការបញ្ចេញកម្ទេចធូលី និងឧស្ម័នទៅកាន់ទីអវកាសជុំវិញខ្លួនវា ហើយស្ថានភាពបែបនេះជាការបញ្ជាក់ថា ផ្កាយដែលមានទំហំខ្លួនស្មើនឹង ២,០០០ដង នៃទំហំព្រះអាទិត្យយើងមួយនេះ នឹងឈានទៅរកបន្ទុះស៊ូពើណូវ៉ា (Supernova) ដ៏ធំមហិមាមួយនៅថ្ងៃមុខ។
ជុំវិញស្នាដៃថ្មីសន្លាងខាងលើនេះ លោក Keiichi Ohnaka អ្នកដឹកនាំក្រុមតារាវិទូ មកពីសាកលវិទ្យាល័យ Andrés Bello នៃប្រទេសឈីលី បានលើកឡើងថា «នេះជាលើកដំបូងហើយ ដែលយើងបានទទួលជោគជ័យក្នុងថតជាលក្ខណៈ Zoom ទៅលើផ្កាយមួយដួងដែលកំពុងឈានទៅរកទីអវសាន នៅក្នុងកាឡាក់ស៊ីមួយក្រៅពី Milky Way របស់យើង។ យើងបានរកឃើញរចនាសម្ព័ន្ធដូចសំបុក (ធូលី និងឧស្ម័ន) ដែលមានរាងដូចស៊ុតនៅជុំវិញផ្កាយនោះ… យើងរំភើបចិត្តណាស់ ព្រោះទិដ្ឋភាពបែបនេះអាចទាក់ទងនឹងការច្រាលចេញយ៉ាងខ្លាំងនូវវត្ថុនានាពីផ្កាយ ដែលកំពុងឈានទៅរកទីអវសាន ឬបន្ទុះស៊ូពើណូវ៉ា…»។
គួរបញ្ជាក់ថា ក្រុមតារាវិទូបានសង្កេតឃើញផ្កាយ WOH G64 ស្ថិតនៅក្នុងកាឡាក់ស៊ីរណប LMC នោះធ្លាក់ចុះពន្លឺដ៏គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយពួកគេក៏ចាប់ផ្តើមធ្វើការសង្កេត ដើម្បីស្វែងយល់អំពីបាតុភូតនេះ។ ការថតរូបភាព WOH G64 គឺពិតជាលំបាក ព្រោះតែពពកធូលី និងឧស្ម័នដែលជះចេញទៅកាន់តំបន់ជុំវិញផ្កាយនោះជាបន្តបន្ទាប់ទើបធ្វើឲ្យវាថយចុះពន្លឺ ហើយវានឹងបន្តបញ្ចេញអការៈបែបនេះរាប់សែនឆ្នាំទៀតឯណោះ មុននឹងឈានទៅកើតមានបន្ទុះ Supernova៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤)