UPDATE៖ ទីបំផុត NASA និង IAU ទទួលស្គាល់ «វត្ថុអវកាសទី៣មកពីក្រៅប្រព័ន្ធព្រះអាទិត្យ» និងដាក់ឈ្មោះឲ្យថ្មីផងដែរ! (វីដេអូ)

UPDATE៖ ទីបំផុត NASA និង IAU ទទួលស្គាល់ «វត្ថុអវកាសទី៣មកពីក្រៅប្រព័ន្ធព្រះអាទិត្យ» និងដាក់ឈ្មោះឲ្យថ្មីផងដែរ! (វីដេអូ)

(បរទេស)៖ វត្ថុអវកាសដែលពីមុនមានឈ្មោះថា A11pl3Z ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យថា មានប្រភពមកពីក្រៅប្រព័ន្ធព្រះអាទិត្យ (interstellar object) នោះ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ត្រូវបានអង្គការ NASA នៃសហរដ្ឋអាមេរិក និង IAU ទទួលស្គាល់ហើយថា «ជាការពិត» ហើយឈ្មោះថ្មីរបស់វាពេលនេះគឺ 3I/Atlas​ (មុខកាត់ចន្លោះពី ១0km ទៅ ២០km) ដែលត្រូវបានដាក់ដោយមជ្ឈមណ្ឌល Minor Planet Center នៃសហភាពតារាសាស្ត្រអន្តរជាតិ (IAU)

បើតាមការសង្កេតដោយតេឡេស្កូបលើដី ជាពិសេសគឺបណ្តាញតេឡេស្កូប ATLAS ដែលមានជំនាញខាងសង្កេតវត្ថុអវកាសប្រភេទៗនោះបានឲ្យដឹងថា «ក្នុងខ្លួននៃវត្ថុអវកាស 3I/Atlas​ ពោពេញដោយទឹកកក មិនមែនជាថ្មសុទ្ធសាធនោះទេ…»។ ជាធម្មតាវត្ថុអវកាសប្រភេទនេះ តែងតែត្រូវបានចាត់បញ្ចូលទៅក្នុងពពួក Comet (ផ្កាយដុះកន្ទុយ) ព្រោះតែទំហំ សមាសធាតុផ្សំ និងឥរិយាបថរបស់វា (រំសាយកន្ទុយពេលមកកៀកព្រះអាទិត្យ) មិនសូវខុសគ្នាពីផ្កាយដុះកន្ទុយក្នុងប្រព័ន្ធព្រះអាទិត្យយើងឡើយ។

វត្តមានរបស់ 3I/Atlas​ ថតបានដោយ ATLAS (Image Source: NASA)

បើតាមអង្គការ NASA បណ្តាញតេឡេស្កូបរបស់ខ្លួនឈ្មោះ ATLAS ស្ថិតនៅតំបន់ភ្នំ Rio Hurtado ប្រទេសឈីលី និងមួយទៀតនៅកោះហាវ៉ៃ បានធ្វើការសង្កេតចំពោះ 3I/Atlas​ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ខណៈដែលវាកំពុងស្ថិតនៅចម្ងាយ ៦៧០លានkm ពីព្រះអាទិត្យ និងមានល្បឿនគោចរលើស ៦០km ក្នុង១នាទី។ បន្ថែមពីនេះ 3I/Atlas​ នឹងគោចរទៅកៀកព្រះអាទិត្យបំផុតក្នុងគម្លាត ២១០លានkm នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ហើយដែលនៅពេលនោះវាក៏នឹងស្ថិតនៅក្នុងគន្លងគោចរភពអង្គារ (Mars) ផងដែរ តែនឹងមិនប៉ះពាល់ដល់ភពក្រហមនោះ ឬសូម្បីតែភពផែនដីយើងនេះឡើយ។

គន្លងគោចរនៃ 3I/Atlas​ (រូបភាពពីបរទេស)

សម្រាប់សំនួរថា តើយើងអាចមើលឃើញវត្តមានរបស់ 3I/Atlas​ ក្នុងទម្រង់ជាផ្កាយដុះកន្ទុយលើផ្ទៃមេឃផែនដី បានដែរឬមួយក៏អត់នោះ ចម្លើយយ៉ាងខ្លីគឺ «មិនអាចទេ» ព្រោះការគោចរមកក្នុងគម្លាតកៀកបំផុតរបស់វាប្រមាណ ២១០លានkm ពីព្រះអាទិត្យនោះគឺជាគម្លាតឆ្ងាយណាស់ ដែលមិនអាចឲ្យវាទទួលកម្តៅគ្រប់គ្រាន់ រហូតដល់រំសាយចេញនូវកន្ទុយជាចំហាយទឹកនោះឡើយ។ 3I/Atlas​ ជា Interstellar Object ទី៣ហើយ ដែលមនុស្សលោកបានប្រទះឃើញ គិតចាប់តាំងពីការរកឃើញវត្ថុប្រភេទនេះដំបូងគេគឺ Oumuamua កាលពីឆ្នាំ២០១៧ និង Borisov កាលពីឆ្នាំ២០១៩៕

(ទស្សនាវីដេអូខាងក្រោមនេះដើម្បីយល់ដឹងបន្ថែម) (ជាវីដេអូចាស់កាលវាកំពុងស្ថិតក្នុងការសង្ស័យ)

(ទស្សនាវីដេអូក្នុងយូធូប Cambo Space Edu)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥)

Comments (0)
Add Comment