UPDATE៖ ទីបំផុត NASA និង IAU ទទួលស្គាល់ «វត្ថុអវកាសទី៣មកពីក្រៅប្រព័ន្ធព្រះអាទិត្យ» និងដាក់ឈ្មោះឲ្យថ្មីផងដែរ! (វីដេអូ)
(បរទេស)៖ វត្ថុអវកាសដែលពីមុនមានឈ្មោះថា A11pl3Z ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យថា មានប្រភពមកពីក្រៅប្រព័ន្ធព្រះអាទិត្យ (interstellar object) នោះ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ត្រូវបានអង្គការ NASA នៃសហរដ្ឋអាមេរិក និង IAU ទទួលស្គាល់ហើយថា «ជាការពិត» ហើយឈ្មោះថ្មីរបស់វាពេលនេះគឺ 3I/Atlas (មុខកាត់ចន្លោះពី ១0km ទៅ ២០km) ដែលត្រូវបានដាក់ដោយមជ្ឈមណ្ឌល Minor Planet Center នៃសហភាពតារាសាស្ត្រអន្តរជាតិ (IAU)។
បើតាមការសង្កេតដោយតេឡេស្កូបលើដី ជាពិសេសគឺបណ្តាញតេឡេស្កូប ATLAS ដែលមានជំនាញខាងសង្កេតវត្ថុអវកាសប្រភេទៗនោះបានឲ្យដឹងថា «ក្នុងខ្លួននៃវត្ថុអវកាស 3I/Atlas ពោពេញដោយទឹកកក មិនមែនជាថ្មសុទ្ធសាធនោះទេ…»។ ជាធម្មតាវត្ថុអវកាសប្រភេទនេះ តែងតែត្រូវបានចាត់បញ្ចូលទៅក្នុងពពួក Comet (ផ្កាយដុះកន្ទុយ) ព្រោះតែទំហំ សមាសធាតុផ្សំ និងឥរិយាបថរបស់វា (រំសាយកន្ទុយពេលមកកៀកព្រះអាទិត្យ) មិនសូវខុសគ្នាពីផ្កាយដុះកន្ទុយក្នុងប្រព័ន្ធព្រះអាទិត្យយើងឡើយ។

បើតាមអង្គការ NASA បណ្តាញតេឡេស្កូបរបស់ខ្លួនឈ្មោះ ATLAS ស្ថិតនៅតំបន់ភ្នំ Rio Hurtado ប្រទេសឈីលី និងមួយទៀតនៅកោះហាវ៉ៃ បានធ្វើការសង្កេតចំពោះ 3I/Atlas កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ខណៈដែលវាកំពុងស្ថិតនៅចម្ងាយ ៦៧០លានkm ពីព្រះអាទិត្យ និងមានល្បឿនគោចរលើស ៦០km ក្នុង១នាទី។ បន្ថែមពីនេះ 3I/Atlas នឹងគោចរទៅកៀកព្រះអាទិត្យបំផុតក្នុងគម្លាត ២១០លានkm នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ហើយដែលនៅពេលនោះវាក៏នឹងស្ថិតនៅក្នុងគន្លងគោចរភពអង្គារ (Mars) ផងដែរ តែនឹងមិនប៉ះពាល់ដល់ភពក្រហមនោះ ឬសូម្បីតែភពផែនដីយើងនេះឡើយ។

សម្រាប់សំនួរថា តើយើងអាចមើលឃើញវត្តមានរបស់ 3I/Atlas ក្នុងទម្រង់ជាផ្កាយដុះកន្ទុយលើផ្ទៃមេឃផែនដី បានដែរឬមួយក៏អត់នោះ ចម្លើយយ៉ាងខ្លីគឺ «មិនអាចទេ» ព្រោះការគោចរមកក្នុងគម្លាតកៀកបំផុតរបស់វាប្រមាណ ២១០លានkm ពីព្រះអាទិត្យនោះគឺជាគម្លាតឆ្ងាយណាស់ ដែលមិនអាចឲ្យវាទទួលកម្តៅគ្រប់គ្រាន់ រហូតដល់រំសាយចេញនូវកន្ទុយជាចំហាយទឹកនោះឡើយ។ 3I/Atlas ជា Interstellar Object ទី៣ហើយ ដែលមនុស្សលោកបានប្រទះឃើញ គិតចាប់តាំងពីការរកឃើញវត្ថុប្រភេទនេះដំបូងគេគឺ Oumuamua កាលពីឆ្នាំ២០១៧ និង Borisov កាលពីឆ្នាំ២០១៩៕
(ទស្សនាវីដេអូខាងក្រោមនេះដើម្បីយល់ដឹងបន្ថែម) (ជាវីដេអូចាស់កាលវាកំពុងស្ថិតក្នុងការសង្ស័យ)
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥)
