តើនេះជាជីវិតលើភពអង្គារ (Mars) ពិតមែនឬ? វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់… (មានវីដេអូ)

(បរទេស)៖ លោកអ្នកពិតជាធ្លាប់បានឃើញខ្លះៗរួចមកហើយនូវដុំថ្ម និងរចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបានយានស្រាវជ្រាវភពអង្គារ (Mars) នៃអង្គការ NASA ផ្តិតបានជាបន្តបន្ទាប់ និងត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យទៀតថា អាចជាហ្វូស៊ីលនៃជីវិតបន្សល់ទុកពីអតីតកាលរាប់ពាន់លានឆ្នាំមុន នៃភពក្រហមនោះថែមទៀតផង។ សម្រាប់ពេលនេះ រូបភាពនៃរចនាសម្ព័ន្ធពិសេសថ្មីមួយទៀតហើយទើបត្រូវបាន NASA បង្ហាញចេញនៅក្នុងខែសីហា ឆ្នាំ២០២៥នេះ។

(Video From YouTube: Cambo Space Edu)

ចូរសម្លឹងមើលទៅកាន់រូបភាព ដែលត្រូវបានផ្តិតយកដោយកាមេរ៉ានៃយាន Curiosity ដែលកំពុងស្ថិតក្នុងអតីតបឹង Gale នៃភពអង្គារ១សន្លឹកនេះទៅមើល… តើលោកអ្នកគិតថាដូចអ្វីដែរ? ប្រាកដណាស់ វាដូចជាផ្កាថ្មក្នុងសមុទ្ររបស់ភពផែនដី ដែលអ្នកទេសចរនិយមមុជទឹកទស្សនានោះហើយ… ប៉ុន្តែ, តើនេះពិតជាផ្កាថ្មមែនឬ? ចម្លើយគឺវាមិនមែនដូចអ្វីដែលយើងកំពុងគិតនោះទេ…។

ថ្មស្រដៀងផ្កាថ្មដែលត្រូវបានថតដោយ Curiosity លើភពអង្គារកាលពីចុងខែកក្កដា ឆ្នាំ២០២៥ (Image Credit: NASA / JPL-Caltech)

យោងតាម NASA ថ្មរាងដូចជាផ្កាថ្ម (coral) ក្នុងសមុទ្រផែនដី ដែលកំពុងស្ថិតនៅលើផ្ទៃភពអង្គារនោះ អាចមានអាយុខ្ទង់រាប់ពាន់លានឆ្នាំ ហើយទំហំរបស់វាពិតជាតូចណាស់ នោះគឺប្រមាណតែ ១អ៊ីញប៉ុណ្ណោះ (ឬស្មើនឹង ២៥.៥មីលីម៉ែត្រនៃអង្កត់ផ្ចិត)។ ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA បានពន្យល់ទៀតថា វាអាចមានរូបរាងដូចផ្កាថ្មបែបនេះទៅបាន ក៏ព្រោះតែការរងនូវធូលីគ្រាប់ខ្សាច់បោកបក់ចំនៅក្នុងរយៈពេលរាប់ពាន់លានឆ្នាំ… ប្រការនេះមានន័យថា ទម្រង់ដើម្បីរបស់វាគឺមិនដូចអ្វីដែលយើងឃើញពេលនេះឡើយ។

ក្រុមការងារគ្រប់គ្រងយាន Curiosity បានដាក់ឈ្មោះឲ្យថ្មដែលមានរាងដូចផ្កាថ្មនោះថា ផាផូសូ (Paposo) ហើយវាត្រូវបានថតតាំងតែពីចុង ខែកក្កដា ឆ្នាំ២០២៥ មកម្ល៉េះ។ Curiosity ក៏ធ្លាប់ថតបានថ្មស្រដៀងគ្នានេះម្តងដែរ កាលពីឆ្នាំ២០២២ តែកាលណោះគឺមានលក្ខណៈស្រដៀងនឹងជើងមាន់ផ្កាថ្មប្រភេទខ្លះលើផែនដី ហើយវាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសន្មតថា បានកកើតឡើងដោយសារតែលំហូរនៃវត្ថុរាវផ្ទុកសមាសធាតុរ៉ែ នៅក្នុងបរិស្ថានដែលមានថ្មនៅបាតបឹង Gale នោះ។

ថ្មស្រដៀងផ្កាថ្មដែលត្រូវបានថតដោយ Curiosity លើភពអង្គារកាលពីឆ្នាំ២០២២ (Image Credit: NASA / JPL-Caltech)

គួរបញ្ជាក់ថា យាន Curiosity របស់អង្គការ NASA ដែលបានទៅដល់ក្រហូង Gale Crater នៃភពព្រះអង្គារកាលពីឆ្នាំ២០១២នោះ បានចល័តក្នុងរយៈចម្ងាយជាង ៣៥km ហើយគិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ ខណៈវាកំពុងវាឡើងភ្នំ Mount Sharp ដែលនៅចំកណ្តាលក្រហូងនោះតែម្តង។ គោលដៅធំបំផុតរបស់ Curiosity គឺស្វែងរកដាននៃជីវិតដែលអាចធ្លាប់កើតមានលើភពអង្គារ ហើយភស្តុតាងពាក់ព័ន្ធជាច្រើនក៏ត្រូវបានរកឃើញរួចមកហើយដែរ ប៉ុន្តែនៅតែមិនអាចអាចបញ្ជាក់ថា ជាអ្វីដែលត្រូវបានបន្សល់ទុកដោយជីវិតនៅឡើយទេ…៕

ទិដ្ឋភាពក្នុងក្រហូង Gale ជាពណ៌ស-ខ្មៅថតដោយយាន Curiosity (Image Credit: NASA / JPL-Caltech)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ Independent / NASA-JPL-Caltech (ថ្ងៃព្រហស្បតិ៍​ទិ២៨ ខែសីហា ឆ្នាំ២០២៥

Comments (0)
Add Comment