តើនេះជាជីវិតលើភពអង្គារ (Mars) ពិតមែនឬ? វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់… (មានវីដេអូ)
(បរទេស)៖ លោកអ្នកពិតជាធ្លាប់បានឃើញខ្លះៗរួចមកហើយនូវដុំថ្ម និងរចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបានយានស្រាវជ្រាវភពអង្គារ (Mars) នៃអង្គការ NASA ផ្តិតបានជាបន្តបន្ទាប់ និងត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យទៀតថា អាចជាហ្វូស៊ីលនៃជីវិតបន្សល់ទុកពីអតីតកាលរាប់ពាន់លានឆ្នាំមុន នៃភពក្រហមនោះថែមទៀតផង។ សម្រាប់ពេលនេះ រូបភាពនៃរចនាសម្ព័ន្ធពិសេសថ្មីមួយទៀតហើយទើបត្រូវបាន NASA បង្ហាញចេញនៅក្នុងខែសីហា ឆ្នាំ២០២៥នេះ។
ចូរសម្លឹងមើលទៅកាន់រូបភាព ដែលត្រូវបានផ្តិតយកដោយកាមេរ៉ានៃយាន Curiosity ដែលកំពុងស្ថិតក្នុងអតីតបឹង Gale នៃភពអង្គារ១សន្លឹកនេះទៅមើល… តើលោកអ្នកគិតថាដូចអ្វីដែរ? ប្រាកដណាស់ វាដូចជាផ្កាថ្មក្នុងសមុទ្ររបស់ភពផែនដី ដែលអ្នកទេសចរនិយមមុជទឹកទស្សនានោះហើយ… ប៉ុន្តែ, តើនេះពិតជាផ្កាថ្មមែនឬ? ចម្លើយគឺវាមិនមែនដូចអ្វីដែលយើងកំពុងគិតនោះទេ…។

យោងតាម NASA ថ្មរាងដូចជាផ្កាថ្ម (coral) ក្នុងសមុទ្រផែនដី ដែលកំពុងស្ថិតនៅលើផ្ទៃភពអង្គារនោះ អាចមានអាយុខ្ទង់រាប់ពាន់លានឆ្នាំ ហើយទំហំរបស់វាពិតជាតូចណាស់ នោះគឺប្រមាណតែ ១អ៊ីញប៉ុណ្ណោះ (ឬស្មើនឹង ២៥.៥មីលីម៉ែត្រនៃអង្កត់ផ្ចិត)។ ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA បានពន្យល់ទៀតថា វាអាចមានរូបរាងដូចផ្កាថ្មបែបនេះទៅបាន ក៏ព្រោះតែការរងនូវធូលីគ្រាប់ខ្សាច់បោកបក់ចំនៅក្នុងរយៈពេលរាប់ពាន់លានឆ្នាំ… ប្រការនេះមានន័យថា ទម្រង់ដើម្បីរបស់វាគឺមិនដូចអ្វីដែលយើងឃើញពេលនេះឡើយ។
ក្រុមការងារគ្រប់គ្រងយាន Curiosity បានដាក់ឈ្មោះឲ្យថ្មដែលមានរាងដូចផ្កាថ្មនោះថា ផាផូសូ (Paposo) ហើយវាត្រូវបានថតតាំងតែពីចុង ខែកក្កដា ឆ្នាំ២០២៥ មកម្ល៉េះ។ Curiosity ក៏ធ្លាប់ថតបានថ្មស្រដៀងគ្នានេះម្តងដែរ កាលពីឆ្នាំ២០២២ តែកាលណោះគឺមានលក្ខណៈស្រដៀងនឹងជើងមាន់ ឬផ្កាថ្មប្រភេទខ្លះលើផែនដី ហើយវាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសន្មតថា បានកកើតឡើងដោយសារតែលំហូរនៃវត្ថុរាវផ្ទុកសមាសធាតុរ៉ែ នៅក្នុងបរិស្ថានដែលមានថ្មនៅបាតបឹង Gale នោះ។

គួរបញ្ជាក់ថា យាន Curiosity របស់អង្គការ NASA ដែលបានទៅដល់ក្រហូង Gale Crater នៃភពព្រះអង្គារកាលពីឆ្នាំ២០១២នោះ បានចល័តក្នុងរយៈចម្ងាយជាង ៣៥km ហើយគិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ ខណៈវាកំពុងវាឡើងភ្នំ Mount Sharp ដែលនៅចំកណ្តាលក្រហូងនោះតែម្តង។ គោលដៅធំបំផុតរបស់ Curiosity គឺស្វែងរកដាននៃជីវិតដែលអាចធ្លាប់កើតមានលើភពអង្គារ ហើយភស្តុតាងពាក់ព័ន្ធជាច្រើនក៏ត្រូវបានរកឃើញរួចមកហើយដែរ ប៉ុន្តែនៅតែមិនអាចអាចបញ្ជាក់ថា ជាអ្វីដែលត្រូវបានបន្សល់ទុកដោយជីវិតនៅឡើយទេ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ Independent / NASA-JPL-Caltech (ថ្ងៃព្រហស្បតិ៍ទិ២៨ ខែសីហា ឆ្នាំ២០២៥
