(បរទេស)៖ ការជូនដំណឹងអំពីបាតុភូតចន្ទ្រគ្រាស Blood Moon នេះត្រូវបាន Cambo Space ផ្សាយជូនបងប្អូនជ្រាបចំនួន ២ លើករួចមកហើយ ប៉ុន្តែសម្រាប់ឱកាសដែលកៀកនឹងមកដល់បំផុតនេះ បងប្អូនអាចស្វែងយល់ពេលនេះបន្ថែមទៀតបាន ដើម្បីយល់ដឹងពីម៉ោងពេលជាក់លាក់ ហើយក៏សង្ឃឹមថានៅយប់ដែលព្រឹត្តិការណ៍ចន្ទ្រគ្រាសកើតឡើងនោះ មេឃនឹងស្រឡះល្អងាយឲ្យទស្សនាផងដែរ…។
ចន្ទ្រគ្រាសក្រហម ឬចន្ទ្រគ្រាសលោហិត (Blood Moon Eclipse) នឹងកើតឡើងលើតំបន់អាស៊ី និងអឺរ៉ុប ហើយក្នុងនោះប្រជាជននៅប្រទេសកម្ពុជារបស់យើង ក៏នឹងទស្សនាឃើញពេញភ្នែកផងដែរ នៅចាប់ពីពាក់កណ្តាលយប់ថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ និងរំលងចូលថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅទីក្រុងភ្នំពេញ)។
១៖ ហេតុអ្វីព្រឹត្តិការណ៍នោះត្រូវបានហៅថា Blood Moon ទៅវិញ?
ជាការពិតណាស់ នៅប្រទេសកម្ពុជា ឬប្រទេសនៅអាស៊ីផ្សេងទៀត បាតុភូតចន្ទ្រគ្រាស (Lunar Eclipse) មិនមានរហស្សនាមអ្វីដែលពិសេសនោះឡើយ ហើយឱកាសនៃចន្ទ្រពេញបូណ៌មីសម្រាប់ប្រទេសកាន់ពុទ្ធសាសនាដូចជាកម្ពុជាយើងនេះ គឺតែងតែចំថ្ងៃ ១៥កើត ឬដែលជាថ្ងៃសីល។ តែសម្រាប់បណ្តាប្រទេសលោកខាងលិចវិញ ព្រឹត្តិការណ៍ចន្ទ្រគ្រាស ឬសូម្បីតែចន្ទ្រពេញបូណ៌មី តែងតែមានរហស្សនាមពិសេស ទៅតាមរដូវកាលដែលវាកើតឡើង។
ដូចជាព្រឹត្តិការណ៍នៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះត្រូវបានគេដាក់រហស្សនាមឲ្យថា «ចន្ទ្រគ្រាស Blood Moon» ព្រោះតែនៅយប់នោះផ្ទៃព្រះចន្ទនឹងទទួលបានស្រមោលក្រហម (reddish glow) ដែលចោលពីភពផែនដី ហើយស្រមោលផែនដីអាចឲ្យផ្ទៃព្រះចន្ទចេញជាក្រហមបែបនេះបាន ព្រោះតែពេលនោះពន្លឺព្រះអាទិត្យនឹងឆ្លងកាត់មកកៀកផែនដីខ្លាំង ដែលជាហេតុធ្វើឲ្យពន្លឺពណ៌ខៀវខ្ចាត់ខ្ចាយចេញ និងនៅសល់តែពន្លឺក្រហមដែលមានប្រវែងរលក (wave length) វែងប៉ុណ្ណោះ ដែលជះទៅលើផ្ទៃព្រះចន្ទ។
២៖ ព្រឹត្តិការណ៍ចន្ទគ្រាសពេញលេញនៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៥
ចន្ទ្រគ្រាស Blood Moon ដែលប្រជាជនក្នុងប្រទេសកម្ពុជាយើង នឹងមើលឃើញពេញលេញនោះ នឹងកើតឡើងនៅពាក់កណ្តាលថ្ងៃអាទិត្យ ទី៧ រួចរំកិលចូលថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥។ យោងតាមវែបសាយ Time and Date ចន្ទគ្រាសពេញនេះនឹងចាប់ផ្តើម តាមដំណាក់កាលជាបន្តបន្ទាប់ដូចតទៅ (យើងមិនរាប់បញ្ចូលដំណាក់កាល Penumbra ដែលជាស្រមោលស្រាលរបស់ផែនដីជះលើព្រះចន្ទឡើយ)៖
>> ចន្ទគ្រាសដោយផ្នែក (Partial Lunar Eclipse) ចាប់ផ្តើមយ៉ាងសន្សឹមៗពីម៉ោង ២៣៖២៧នាទីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ (យើងនឹងឃើញស្រមោលខ្មៅ ចាប់ផ្តើមគ្របដណ្តប់លើផ្ទៃព្រះចន្ទបន្តិចម្តងៗ)
>> ចន្ទគ្រាសពេញលេញ (Total Lunar Eclipse) កើតឡើងនៅវេលាម៉ោង ០០៖៣១នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា (ម៉ោង ១៖១១នាទីរំលងអធ្រាត្រ ជាពេលស្ថិតនៅចំកណ្តាលភាពពេញលេញ)
>> ការបាត់វត្តមានពន្លឺព្រះចន្ទទាំងស្រុងនេះ នឹងអូសបន្លាយដល់ម៉ោង ១៖៥៣នាទីយប់ (ប្រសិនបើព្យាយាមមើលទៅកាន់ផ្ទៃមេឃទិសខាងលិចពេលមេឃស្រឡះល្អ យើងនឹងអាចឃើញព្រះចន្ទត្រូវបានស្រមោលផែនដីជះពីលើនាំឲ្យងងឹត និងមានពណ៌រាងក្រហមតិចៗ)
>> ក្រោយបញ្ចប់ចន្ទគ្រាសពេញលេញចាប់ពីម៉ោង ១៖៥៣នាទីយប់នោះ ព្រះចន្ទនឹងចាប់ផ្តើមរំលេចរូបរាង (ពន្លឺ) ម្តងបន្តិចៗរហូតដល់មានពន្លឺពេញលេញវិញនៅវេលាម៉ោង ២៖៥៦នាទីទាបភ្លឺ។
សរុបសេចក្តីមក ព្រឹត្តិការណ៍ចន្ទគ្រាសលើប្រទេសកម្ពុជា នឹងអាចមើលឃើញនៅគ្រប់ខេត្តក្រុងតែម្តង នៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៥នោះ (ប្រសិនបើមេឃស្រឡះល្អគ្មានភ្លៀង)។ ការអាចទ្រាំរង់ចាំតាមដានបានឬមួយក៏អត់នោះ គឺអាស្រ័យលើបងប្អូនប៉ុណ្ណោះ… តែសូមកុំភ្លេចត្រៀមកាមេរ៉ាផ្តិតយកទិដ្ឋភាពនេះផងណា៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ NASA/Times and Date (ថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២៥)