ចន្ទ្រគ្រាសក្រហម (Blood Moon) នឹងកើតឡើងនៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥! (មានវីដេអូ)

671

(បរទេស)៖ ការជូនដំណឹងអំពីបាតុភូតចន្ទ្រគ្រាស Blood Moon នេះត្រូវបាន Cambo Space ផ្សាយជូនបងប្អូនជ្រាបចំនួន លើករួចមកហើយ ប៉ុន្តែសម្រាប់ឱកាសដែលកៀកនឹងមកដល់បំផុតនេះ បងប្អូនអាចស្វែងយល់ពេលនេះបន្ថែមទៀតបាន ដើម្បីយល់ដឹងពីម៉ោងពេលជាក់លាក់ ហើយក៏សង្ឃឹមថានៅយប់ដែលព្រឹត្តិការណ៍ចន្ទ្រគ្រាសកើតឡើងនោះ មេឃនឹងស្រឡះល្អងាយឲ្យទស្សនាផងដែរ…។

(សូមចុចទស្សនាវីដេអូផ្ទាល់ក្នុងយូធូប Cambo Space Edu)

ចន្ទ្រគ្រាសក្រហម ឬចន្ទ្រគ្រាសលោហិត (Blood Moon Eclipse) នឹងកើតឡើងលើតំបន់អាស៊ី និងអឺរ៉ុប ហើយក្នុងនោះប្រជាជននៅប្រទេសកម្ពុជារបស់យើង ក៏នឹងទស្សនាឃើញពេញភ្នែកផងដែរ នៅចាប់ពីពាក់កណ្តាលយប់ថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ និងរំលងចូលថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅទីក្រុងភ្នំពេញ)។

ទិដ្ឋភាពពិតនៃចន្ទ្រគ្រាស​ Blood Moon ថតដោយអ្នកជំនាញ ខណៈការមើលនឹងភ្នែកផ្ទាល់គឺនឹងមិនឃើញភ្លឺច្បាស់បែបនេះពេកទេ (រូបភាពពីបរទេស)

១៖ ហេតុអ្វីព្រឹត្តិការណ៍នោះត្រូវបានហៅថា Blood Moon ទៅវិញ?

ជាការពិតណាស់ នៅប្រទេសកម្ពុជា ឬប្រទេសនៅអាស៊ីផ្សេងទៀត បាតុភូតចន្ទ្រគ្រាស (Lunar Eclipse) មិនមានរហស្សនាមអ្វីដែលពិសេសនោះឡើយ ហើយឱកាសនៃចន្ទ្រពេញបូណ៌មីសម្រាប់ប្រទេសកាន់ពុទ្ធសាសនាដូចជាកម្ពុជាយើងនេះ គឺតែងតែចំថ្ងៃ ១៥កើត ឬដែលជាថ្ងៃសីល។ តែសម្រាប់បណ្តាប្រទេសលោកខាងលិចវិញ ព្រឹត្តិការណ៍ចន្ទ្រគ្រាស ឬសូម្បីតែចន្ទ្រពេញបូណ៌មី តែងតែមានរហស្សនាមពិសេស ទៅតាមរដូវកាលដែលវាកើតឡើង។

ដូចជាព្រឹត្តិការណ៍នៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះត្រូវបានគេដាក់រហស្សនាមឲ្យថា «ចន្ទ្រគ្រាស Blood Moon» ព្រោះតែនៅយប់នោះផ្ទៃព្រះចន្ទនឹងទទួលបានស្រមោលក្រហម (reddish glow) ដែលចោលពីភពផែនដី ហើយស្រមោលផែនដីអាចឲ្យផ្ទៃព្រះចន្ទចេញជាក្រហមបែបនេះបាន ព្រោះតែពេលនោះពន្លឺព្រះអាទិត្យនឹងឆ្លងកាត់មកកៀកផែនដីខ្លាំង ដែលជាហេតុធ្វើឲ្យពន្លឺពណ៌ខៀវខ្ចាត់ខ្ចាយចេញ និងនៅសល់តែពន្លឺក្រហមដែលមានប្រវែងរលក (wave length) វែងប៉ុណ្ណោះ ដែលជះទៅលើផ្ទៃព្រះចន្ទ។

តំបន់ក្រហមគឺជាតំបន់ដែលអាចមើលឃើញ ១០០% នៃព្រឹត្តិការណ៍ Blood Moon លើកនេះ (Image Credit: Star Walk)

២៖ ព្រឹត្តិការណ៍ចន្ទគ្រាសពេញលេញនៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៥

ចន្ទ្រគ្រាស Blood Moon ដែលប្រជាជនក្នុងប្រទេសកម្ពុជាយើង នឹងមើលឃើញពេញលេញនោះ នឹងកើតឡើងនៅពាក់កណ្តាលថ្ងៃអាទិត្យ ទី៧ រួចរំកិលចូលថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥។ យោងតាមវែបសាយ Time and Date ចន្ទគ្រាសពេញនេះនឹងចាប់ផ្តើម តាមដំណាក់កាលជាបន្តបន្ទាប់ដូចតទៅ (យើងមិនរាប់បញ្ចូលដំណាក់កាល Penumbra ដែលជាស្រមោលស្រាលរបស់ផែនដីជះលើព្រះចន្ទឡើយ)៖

>> ចន្ទគ្រាសដោយផ្នែក (Partial Lunar Eclipse) ចាប់ផ្តើមយ៉ាងសន្សឹមៗពីម៉ោង ២៣៖២៧នាទីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ (យើងនឹងឃើញស្រមោលខ្មៅ ចាប់ផ្តើមគ្របដណ្តប់លើផ្ទៃព្រះចន្ទបន្តិចម្តងៗ)

>> ចន្ទគ្រាសពេញលេញ (Total Lunar Eclipse) កើតឡើងនៅវេលាម៉ោង ០០៖៣១នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា (ម៉ោង ១៖១១នាទីរំលងអធ្រាត្រ ជាពេលស្ថិតនៅចំកណ្តាលភាពពេញលេញ)

>> ការបាត់វត្តមានពន្លឺព្រះចន្ទទាំងស្រុងនេះ នឹងអូសបន្លាយដល់ម៉ោង ១៖៥៣នាទីយប់ (ប្រសិនបើព្យាយាមមើលទៅកាន់ផ្ទៃមេឃទិសខាងលិចពេលមេឃស្រឡះល្អ យើងនឹងអាចឃើញព្រះចន្ទត្រូវបានស្រមោលផែនដីជះពីលើនាំឲ្យងងឹត និងមានពណ៌រាងក្រហមតិចៗ)

>> ក្រោយបញ្ចប់ចន្ទគ្រាសពេញលេញចាប់ពីម៉ោង ១៖៥៣នាទីយប់នោះ ព្រះចន្ទនឹងចាប់ផ្តើមរំលេចរូបរាង (ពន្លឺ) ម្តងបន្តិចៗរហូតដល់មានពន្លឺពេញលេញវិញនៅវេលាម៉ោង ២៖៥៦នាទីទាបភ្លឺ

សរុបសេចក្តីមក ព្រឹត្តិការណ៍ចន្ទគ្រាសលើប្រទេសកម្ពុជា នឹងអាចមើលឃើញនៅគ្រប់ខេត្តក្រុងតែម្តង នៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៥នោះ (ប្រសិនបើមេឃស្រឡះល្អគ្មានភ្លៀង)។ ការអាចទ្រាំរង់ចាំតាមដានបានឬមួយក៏អត់នោះ គឺអាស្រ័យលើបងប្អូនប៉ុណ្ណោះ… តែសូមកុំភ្លេចត្រៀមកាមេរ៉ាផ្តិតយកទិដ្ឋភាពនេះផងណា៕

ចន្ទ្រគ្រាសក្រហម (Blood Moon) នឹងកើតឡើងនៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥! (មានវីដេអូ)
(Image Credit: Time and Date)

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ NASA/Times and Date (ថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២៥)

480×240 Banner