(បរទេស)៖ ក្រុមហ៊ុនផលិតរ៉ុក្កែតរដ្ឋរុស្ស៊ីដ៏ធំមួយមានឈ្មោះថា Energia ត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូ ផ្តល់សិទ្ធិប៉ាតង់ក្នុងការអភិវឌ្ឍន៍ យានអវកាសបង្កើតទំនាញសិប្បនិមិត្ត (artificial gravity) ក្នុងការឲ្យអវកាសយានិក ស្នាក់នៅដើម្បីបំពេញកិច្ចការងាររយៈពេលយូរ និងមានអារម្មណ៍ថា ពួកគេកំពុងស្ថិតនៅលើផែនដីដែរ…។
ពិតណាស់ គ្រាន់តែស្រមៃទិដ្ឋភាពខាងលើនេះ លោកអ្នកក៏អាចនឹកគិតដល់ខ្សែភាពយន្តហូលីវូដ ល្បីៗជាច្រើនពាក់ព័ន្ធនឹងទីអវកាសមិនខាន ដែលទាំងនោះបង្ហាញពីការស្ថិតនៅលើយានអវកាស ដែលមានទំនាញដូចជានៅលើផែនដី ហើយវានឹងក្លាយជារបត់ថ្មីមួយទៀត ដែលទីអវកាសកាន់តែក្លាយជាទីតាំងប្រកួតប្រជែងគ្នា រវាងប្រទេសមហាអំណាចធំៗពិតៗ។
យោងតាមការផ្សាយរបស់សារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា យានអវកាសស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Energia ខាងលើនេះ នឹងប្រៀបបីដូចជាសញ្ញាលេខបូក (+) មួយមានកាំប្រវែង ៤០ម៉ែត្រ (ស្មើនឹងអង្កត់ផ្ចិត ៨០ម៉ែត្រ) ដែលអាចធ្វើចលនាវង្វិលដើម្បីបង្កើតចេញនូវទំនាញសិប្បនិមិត្តមួយ មានកម្លាំងប្រមាណ 0.5g ឬ ៥០% នៃកម្លាំងទំនាញផែនដីរបស់យើង។
សារព័ត៌មានដដែលបានបន្តថា នៅក្នុងប៉ាតង់នោះក៏បានបង្ហាញពីរចនាសម្ព័ន្ធរបស់ ស្ថានីយអវកាសថ្មីរបស់រុស្ស៊ី ដែលប្រៀបបីដូចជាសញ្ញាលេខបូកវិលនៅទីអវកាស ហើយវានឹងក្លាយជាកន្លែងស្នាក់នៅផង និងស្រាវជ្រាវផងរបស់អវកាសយានិក ដោយមានបន្ទប់សំខាន់ៗបានបំពាក់បន្តគ្នា និងប្រកបដោយភាពបត់បែនខ្ពស់។ បន្ថែមពីនេះ វានឹងត្រូវការការបាញ់បង្ហោះគ្រឿងបរិក្ខាចេញពីផែនដី ទៅកាន់ទីអវកាសជាបន្តបន្ទាប់ ទើបអាចផ្គុំចេញជាស្ថានីយអវកាសនោះបាន (មិនខុសពីការដំឡើងស្ថានីយអវកាសបច្ចុប្បន្ន ដែលបានចាប់ផ្តើមដំបូងកាលពីទសវត្សរ៍ ១៩៩០ នោះឡើយ)។
យ៉ាងណាក៏ដោយ គុណវិបត្តិក៏ត្រូវបានលើកឡើងផងដែរ នៅក្នុងឯកសាររបស់ក្រុមហ៊ុន Energia ដោយក្នុងនោះគេបានសង្កត់ធ្ងន់ថា ការចូលចតទៅកាន់ស្ថានីយអវកាស ដែលមានទំនាញសិប្បនិមិត្តដោយសារតែវិលខ្លួនឯងជាប្រចាំបែបនេះ នឹងតម្រូវឲ្យយានអវកាសឡើងពីផែនដី ដែលចូលទៅចតជាប់ស្ថានីយនោះ ត្រូវបង្កើតការរង្វិលឲ្យស្របនឹងល្បឿនរបស់ស្ថានីយដែរ។ ដូច្នេះដំណោះស្រាយបន្ថែមត្រូវតែមាន ដើម្បីរក្សាសុវត្ថិភាពសម្រាប់យាននានា ដែលត្រូវបានបញ្ជូនឡើងពីផែនដីទៅ។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញអង្គការ NASA ក៏ធ្លាប់បង្កើតគំនិតអំពីស្ថានីយអវកាស ដែលអាចបង្កើតទំនាញសិប្បនិមិត្តផងដែរមានឈ្មោះថា Nautilus-X ផងដែរ តែមិនទាន់មានការបញ្ជាក់ថា នឹងចេញជារូបរាងនៅពេលនោះទេ…។ ហើយសម្រាប់ក្រុមហ៊ុន Energia របស់រុស្ស៊ីវិញក៏ដូចគ្នាដែរ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺក្រុមហ៊ុនមួយនេះបានទទួលសិទ្ធិប៉ាតង់ជាផ្លូវការពីរដ្ឋាភិបាលរុស្ស៊ី ពាក់ព័ន្ធនឹងការច្នៃយានអវកាសបង្កើតទំនាញសិប្បនិមិត្តរបស់ខ្លួន តែត្រង់ថា វានឹងអាចលេចចេញជារូបរាង ឬមាននរណាចង់គាំទ្រក្នុងការបង្កើតនោះ គឺមិនទាន់មានតំរុយទេ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE via TASS (ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥)