(បរទេស)៖ ប្រសិនបើអ្នកគិតថា ផ្កាយព្រិចៗនៅលើមេឃផែនដីពេលរាត្រី គ្មានសកម្មភាពអ្វីសោះ នោះជាការគិតខុសហើយ…។ ផ្កាយខ្លះមានភពគោចរជុំវិញដូចប្រព័ន្ធព្រះអាទិត្យយើងដែរ ឯខ្លះទៀតគ្មានកូនចៅនឹងគេ ខណៈផ្កាយយក្សមួយចំនួនមានភាពពុះកញ្ជ្រោលដោយអណ្តាតភ្លើង (ដូចជា Betelgeuse ជាដើម) និងប្រព័ន្ធផ្កាយមួយដែលយើងអាចមើលឃើញ បានបង្កើតនូវបាតុភូតពិសេសមួយបែប ដែលប្រិយមិត្តខ្លះទំនងជាមិនដែលធ្លាប់ដឹងឮឡើយនោះគឺ ផ្កាយគ្រាស (Star Eclipse)។
ពិតណាស់! បាតុភូត «ផ្កាយគ្រាស» ពិតជាមានប្រាកដមែន ហើយវាបាតុភូតនោះទើបតែត្រូវបាន អង្គការ NASA បញ្ជាក់ជាថ្មីកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៦នេះថា ត្រូវបានសង្កេតឃើញដោយតេឡេស្កូបអវកាស TESS។ អ្វីដែលកាន់តែពិសេស គឺប្រព័ន្ធផ្កាយដែលកើតមានបាតុភូត ផ្កាយគ្រាស នោះអាចឲ្យយើងមើលឃើញនឹងភ្នែកលើមេឃពេលរាត្រីតែម្តង ដោយស្ថិតនៅក្នុងតារានិករ Draco (The Dragon)។
- ការពិតមិនដូចអ្វីដែលយើងមើលឃើញ
ករណីនេះមិនសូវខុសពីផ្កាយយក្សក្រហម Betelgeuse នោះឡើយ ដោយផ្កាយដូចដែលត្រូវបានរៀបរាប់ខាងដើមអត្ថបទនេះមានឈ្មោះថា Alpha Draconis (Thuban ជាភាសាអារ៉ាប់មានន័យថា សត្វពស់ធំ) ហើយក៏ត្រូវបានគេស្គាល់ថាជា តារាខាងជើង (North Star) អស់កាលខ្ទង់ ៤,៧០០ឆ្នាំមកហើយ ឬនៅអំលុងពេលដែលអេហ្ស៊ីប បានចាប់ផ្តើមកសាងប្រាសាទពីរ៉ាមីតដំបូងៗមកម្ល៉េះ។ ប្រសិនបើមើលទៅផែនទីនៃតារានិករ Draco ឬតារានិករនាគនោះ ផ្កាយ Alpha Draconis ស្ថិតនៅត្រង់តំបន់កន្ទុយនាគតែម្តង ហើយវាជាផ្កាយភ្លឺបំផុតលំដាប់លេខ ៤ ក្នុងតារានិករ Draco នោះ។
អ្វីដែលក្រុមតារាវិទូពីបុរាណមិនអាចនឹកស្មានដល់នោះ គឺផ្កាយ Alpha Draconis មិនមែនជាផ្កាយទោលដូចព្រះអាទិត្យយើងឡើយ តែវាជាផ្កាយភ្លោះ (binary system) ដែលមានផ្កាយពណ៌សចំនួន ២ គោចរជុំវិញគ្នាទៅវិញទៅមកនោះគឺ Alpha Draconis A និង Alpha Draconis B។ សម្រាប់ផ្កាយ A មានទំហំធំ និងពន្លឺភ្លឺខ្លាំងជាងផ្កាយ B តែប្រសិនបើមើលពីភពផែនដីទៅលើមេឃធម្មតាៗ យើងនឹងឃើញពួកវាដូចជាផ្កាយមួយដួងប៉ុណ្ណោះ ព្រោះគម្លាតរវាងផ្កាយ A និង B គឺត្រឹមតែជាង ៦០លានkm ពីគ្នាជាមធ្យម ខណៈចម្ងាយរវាងផ្កាយទាំង២ពីផែនដីយើងគឺខ្ទង់ ២៧០-៣០០ឆ្នាំពន្លឺឯណោះ។
- ដំណើរនៃបាតុភូត «ផ្កាយគ្រាស»
ពិតណាស់ នៅពេលពេលដែលផ្កាយទាំង ២ គោចរជុំវិញគ្នាទៅវិញទៅមកនោះ វានឹងមានឱកាសដែលផ្កាយមួយអាចមកបិទបាំងវត្តមានរបស់ផ្កាយមួយទៀត មិនឲ្យតេឡេស្កូបពីផែនដីមើលឃើញនោះឯង ដោយបាតុភូតនេះយើងអាចហៅថា ផ្កាយគ្រាស ឬ Star Eclipse ដែលអាចកើតមានឡើងនៅរៀងរាល់ ៥១.៤ថ្ងៃម្តង នៃពេលវេលាលើភពផែនដី ខណៈតេឡេស្កូបអវកាស TESS បានចាប់បានបាតុភូតបែបនេះ តាំងតែពីអំលុងឆ្នាំ២០១៩ម្ល៉េះ។
យោងតាមការសង្កេតដោយ TESS ដែលត្រូវបានធ្វើឡើងប្រមាណ ២៧ថ្ងៃជាប់ៗគ្នា ចំពោះផ្កាយភ្លោះ Alpha Draconis នោះយើងអាចដឹងថា ការថយចុះពន្លឺបានកើតឡើងបន្តិចនៅពេលដែលបាតុភូត «ផ្កាយគ្រាស» រវាង A និង B នោះកើតឡើង ហើយវាមានរយៈពេលខ្ទង់ ១ម៉ោង។ ផ្ទុយពីបាតុភូតចន្ទគ្រាស និងសូរ្យគ្រាស បាតុភូតផ្កាយគ្រាសនេះ មិនបង្កឲ្យមានការបាត់បាំងពន្លឺខ្លាំងនោះឡើយ ព្រោះតួអង្គទាំង ២ សុទ្ធតែជាផ្កាយដែលបញ្ចេញពន្លឺខ្លាំងដូចគ្នា។
គួរបញ្ជាក់ថា សម្រាប់ផ្កាយ Alpha Draconis A ដែលមានទំហំ និងម៉ាសធ្ងន់ជាងនោះ គឺស្ថិតនៅក្នុងជំពូក Type-A Star ខណៈ Alpha Draconis B ដែលតូចជាងនោះក៏ដូចគ្នាដែរ គ្រាន់តែមានកម្រិតពន្លឺខុសគ្នាព្រោះទំហំប៉ុណ្ណោះ។ មួយវិញទៀត ផ្កាយទាំង ២ សុទ្ធតែធំ និងធ្ងន់ជាងព្រះអាទិត្យយើង ដោយ Alpha Draconis A (តារាយក្សពណ៌ស) អាចធ្ងន់ជាងព្រះអាទិត្យដល់ទៅជាង ៤ដង និង Alpha Draconis B អាចធ្ងន់ជាងព្រះអាទិត្យ ៣.៥ដង ហើយគិតត្រឹមឆ្នាំ២០២៦នេះ គ្មានភព (Exoplanet) ណាមួយត្រូវបានរកឃើញក្នុងប្រព័ន្ធផ្កាយភ្លោះ Alpha Draconis នៅឡើយទេ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦)