ធ្លាប់ឮបាតុភូត «ផ្កាយគ្រាស» ដែរឬទេ? TESS ចាប់បានផ្កាយលើមេឃកើតមានបាតុភូតនេះ! (មានវីដេអូ)

62

(បរទេស)៖ ប្រសិនបើអ្នកគិតថា ផ្កាយព្រិចៗនៅលើមេឃផែនដីពេលរាត្រី គ្មានសកម្មភាពអ្វីសោះ នោះជាការគិតខុសហើយ…។ ផ្កាយខ្លះមានភពគោចរជុំវិញដូចប្រព័ន្ធព្រះអាទិត្យយើងដែរ ឯខ្លះទៀតគ្មានកូនចៅនឹងគេ ខណៈផ្កាយយក្សមួយចំនួនមានភាពពុះកញ្ជ្រោលដោយអណ្តាតភ្លើង (ដូចជា Betelgeuse ជាដើម) និងប្រព័ន្ធផ្កាយមួយដែលយើងអាចមើលឃើញ បានបង្កើតនូវបាតុភូតពិសេសមួយបែប ដែលប្រិយមិត្តខ្លះទំនងជាមិនដែលធ្លាប់ដឹងឮឡើយនោះគឺ ផ្កាយគ្រាស (Star Eclipse)

(ចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

ពិតណាស់! បាតុភូត «ផ្កាយគ្រាស» ពិតជាមានប្រាកដមែន ហើយវាបាតុភូតនោះទើបតែត្រូវបាន អង្គការ NASA បញ្ជាក់ជាថ្មីកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៦នេះថា ត្រូវបានសង្កេតឃើញដោយតេឡេស្កូបអវកាស TESS។ អ្វីដែលកាន់តែពិសេស គឺប្រព័ន្ធផ្កាយដែលកើតមានបាតុភូត ផ្កាយគ្រាស នោះអាចឲ្យយើងមើលឃើញនឹងភ្នែកលើមេឃពេលរាត្រីតែម្តង ដោយស្ថិតនៅក្នុងតារានិករ Draco (The Dragon)

តារានិករ Draco និងផ្កាយ Thuban (Alpha Draconis) (Credit: The Planets)
  • ការពិតមិនដូចអ្វីដែលយើងមើលឃើញ

ករណីនេះមិនសូវខុសពីផ្កាយយក្សក្រហម Betelgeuse នោះឡើយ ដោយផ្កាយដូចដែលត្រូវបានរៀបរាប់ខាងដើមអត្ថបទនេះមានឈ្មោះថា Alpha Draconis (Thuban ជាភាសាអារ៉ាប់មានន័យថា សត្វពស់ធំ) ហើយក៏ត្រូវបានគេស្គាល់ថាជា តារាខាងជើង (North Star) អស់កាលខ្ទង់ ៤,៧០០ឆ្នាំមកហើយ ឬនៅអំលុងពេលដែលអេហ្ស៊ីប បានចាប់ផ្តើមកសាងប្រាសាទពីរ៉ាមីតដំបូងៗមកម្ល៉េះ។ ប្រសិនបើមើលទៅផែនទីនៃតារានិករ Draco តារានិករនាគនោះ ផ្កាយ Alpha Draconis ស្ថិតនៅត្រង់តំបន់កន្ទុយនាគតែម្តង ហើយវាជាផ្កាយភ្លឺបំផុតលំដាប់លេខ ក្នុងតារានិករ Draco នោះ។

អ្វីដែលក្រុមតារាវិទូពីបុរាណមិនអាចនឹកស្មានដល់នោះ គឺផ្កាយ Alpha Draconis មិនមែនជាផ្កាយទោលដូចព្រះអាទិត្យយើងឡើយ តែវាជាផ្កាយភ្លោះ (binary system) ដែលមានផ្កាយពណ៌សចំនួនគោចរជុំវិញគ្នាទៅវិញទៅមកនោះគឺ Alpha Draconis A និង Alpha Draconis B។ សម្រាប់ផ្កាយ A មានទំហំធំ និងពន្លឺភ្លឺខ្លាំងជាងផ្កាយ B តែប្រសិនបើមើលពីភពផែនដីទៅលើមេឃធម្មតាៗ យើងនឹងឃើញពួកវាដូចជាផ្កាយមួយដួងប៉ុណ្ណោះ ព្រោះគម្លាតរវាងផ្កាយ A និង B គឺត្រឹមតែជាង ៦០លានkm ពីគ្នាជាមធ្យម ខណៈចម្ងាយរវាងផ្កាយទាំងពីផែនដីយើងគឺខ្ទង់ ២៧០-៣០០ឆ្នាំពន្លឺឯណោះ។

ផ្កាយ Alpha Draconis ថតដោយបេសកកម្ម TESS (Image Credit: NASA)
  • ដំណើរនៃបាតុភូត «ផ្កាយគ្រាស»

ពិតណាស់ នៅពេលពេលដែលផ្កាយទាំង គោចរជុំវិញគ្នាទៅវិញទៅមកនោះ វានឹងមានឱកាសដែលផ្កាយមួយអាចមកបិទបាំងវត្តមានរបស់ផ្កាយមួយទៀត មិនឲ្យតេឡេស្កូបពីផែនដីមើលឃើញនោះឯង ដោយបាតុភូតនេះយើងអាចហៅថា ផ្កាយគ្រាស ឬ Star Eclipse ដែលអាចកើតមានឡើងនៅរៀងរាល់ ៥១.៤ថ្ងៃម្តង នៃពេលវេលាលើភពផែនដី ខណៈតេឡេស្កូបអវកាស TESS បានចាប់បានបាតុភូតបែបនេះ តាំងតែពីអំលុងឆ្នាំ២០១៩ម្ល៉េះ។

យោងតាមការសង្កេតដោយ TESS ដែលត្រូវបានធ្វើឡើងប្រមាណ ២៧ថ្ងៃជាប់ៗគ្នា ចំពោះផ្កាយភ្លោះ Alpha Draconis នោះយើងអាចដឹងថា ការថយចុះពន្លឺបានកើតឡើងបន្តិចនៅពេលដែលបាតុភូត «ផ្កាយគ្រាស» រវាង A និង B នោះកើតឡើង ហើយវាមានរយៈពេលខ្ទង់ ១ម៉ោង។ ផ្ទុយពីបាតុភូតចន្ទគ្រាស និងសូរ្យគ្រាស បាតុភូតផ្កាយគ្រាសនេះ មិនបង្កឲ្យមានការបាត់បាំងពន្លឺខ្លាំងនោះឡើយ ព្រោះតួអង្គទាំង សុទ្ធតែជាផ្កាយដែលបញ្ចេញពន្លឺខ្លាំងដូចគ្នា។

ធ្លាប់ឮបាតុភូត «ផ្កាយគ្រាស» ដែរឬទេ? TESS ចាប់បានផ្កាយលើមេឃកើតមានបាតុភូតនេះ! (មានវីដេអូ)
រូបតំណាងឲ្យប្រព័ន្ធផ្កាយភ្លោះ Alpha Draconis (Image Credit: NASA/ TESS Mission)

គួរបញ្ជាក់ថា សម្រាប់ផ្កាយ Alpha Draconis A ដែលមានទំហំ និងម៉ាសធ្ងន់ជាងនោះ គឺស្ថិតនៅក្នុងជំពូក Type-A Star ខណៈ Alpha Draconis B ដែលតូចជាងនោះក៏ដូចគ្នាដែរ គ្រាន់តែមានកម្រិតពន្លឺខុសគ្នាព្រោះទំហំប៉ុណ្ណោះ។ មួយវិញទៀត ផ្កាយទាំង សុទ្ធតែធំ និងធ្ងន់ជាងព្រះអាទិត្យយើង ដោយ Alpha Draconis A (តារាយក្សពណ៌ស) អាចធ្ងន់ជាងព្រះអាទិត្យដល់ទៅជាង ៤ដង និង Alpha Draconis B អាចធ្ងន់ជាងព្រះអាទិត្យ ៣.៥ដង ហើយគិតត្រឹមឆ្នាំ២០២៦នេះ គ្មានភព (Exoplanet) ណាមួយត្រូវបានរកឃើញក្នុងប្រព័ន្ធផ្កាយភ្លោះ Alpha Draconis នៅឡើយទេ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦)

480×240 Banner