ជឿថាចម្ងល់ទាំង «៥» អំពីព្រះចន្ទនេះ លោកអ្នកក៏ចង់ដឹងចម្លើយដែរ… (មានវីដេអូ)

(បរទេស)៖ ក្រោយពីបានតាមដានបេសកកម្ម Artemis II ប្រកបដោយភាពរំភើបញាប់ញ័ររួចមក ទស្សនៈដែលថាឋានព្រះចន្ទនឹងក្លាយជាជម្រកទីសម្រាប់មនុស្សលោកក្រៅពីភពផែនដីនោះ ហាក់មិនមែនជារឿងអ្វីចម្លែកប្លែកត្រចៀកទៀតឡើយ… ប៉ុន្តែចម្ងល់មួយចំនួនប្រាកដជានៅមាន ហើយក៏ត្រូវការការបកស្រាយផងដែរ…។ អូខេ! ពេលនេះ Cambo Space នឹងធ្វើការបកស្រាយចម្ងល់ចំនួន ដែលប្រិយមិត្តមួយចំនួនបានសាកសួរកន្លងមកអំពីព្រះចន្ទ ហើយយ៉ាងហោចណាស់ក្នុងនោះក៏មាន ដែរដែលលោកអ្នកអាចកំពុងឆ្ងល់ដូចគ្នា។ ដូច្នេះចូរតាមដានទាំងអស់គ្នាដូចតទៅ៖

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

១៖ តើព្រះចន្ទមានបរិយាកាសឬទេ?

យោងតាមអង្គការ NASA ព្រះចន្ទរបស់ផែនដីយើងនេះក៏មានបរិយាកាសដែរ ប៉ុន្តែវាស្តើងខ្លាំងណាស់ ដែលសឹងតែអាចចាត់ទុកថាគ្មានបាន… ប៉ុន្តែយោងតាមលក្ខខណ្ឌកំណត់អំពីបរិយាកាស (atmosphere) របស់ទីឋាននានាក្នុងចក្រវាល ទើបក្រុមអ្នកវិទ្យាសាស្ត្រចាត់ទុកថា ព្រះចន្ទក៏មានបរិយាកាសដែរ និងបានហៅវាថា Lunar exosphere ឬបរិយាកាសដ៏ស្តើងរបស់ព្រះចន្ទ។

ប្រសិនបើយើងដើរលើព្រះចន្ទ យើងសឹងតែមិនគិតថា ព្រះចន្ទមានបរិយាកាសនោះទេ ព្រោះយើងនឹងឃើញតែភាពទទេតែប៉ុណ្ណោះ…។ ផ្ទុយពីផែនដីដែលមានបរិយាកាសក្រាស់ និងម៉ូលេគុលនៃសមាសធាតុជាច្រើន ក្នុងនោះភាគច្រើនបំផុតគឺ អាសូត (៧៨%) និងអុកស៊ីហ្សែន (២១%) កំពុងប្រទាក់ក្រលាគ្នាយ៉ាងហាប់ណែនស្រោបជុំវិញភពទាំងមូលនោះ បរិយាកាសព្រះចន្ទវិញមានសភាពស្តើងខ្លាំង និងស្ថិតនៅដាច់ៗពីគ្នា (រដិបរដុប) តាមតំបន់ដែលងាយឲ្យមានការប្រមូលផ្តុំ ដោយភាគច្រើនជាកម្ទេចនៃសមាសធាតុ អេល្យ៉ូម (helium), ណេអុង (neon) និងអាហ្គុង (argon) ជាដើម។

២៖ តើព្រះចន្ទវិលជុំវិញខ្លួនឯងដែរឬទេ?

សំនួរនេះគឺពេញនិយមណាស់… យើងក៏អាចសួរបែបនេះវិញផងដែរថា តើព្រះចន្ទមានរង្វិលខ្ញាល់ (spinning) ដែរឬអត់? ពិតណាស់! មនុស្សលើផែនដីតែងតែមើលឃើញ ផ្នែកមួយចំហៀងរបស់ព្រះចន្ទដែលយើងហៅថា near side ប៉ុណ្ណោះតាំងពីយើងកើតមក និងចេះមើលព្រះចន្ទ។ ដោយឡែកផ្នែកមួយចំហៀងទៀតគឺ far side យើងមិនដែលឃើញឡើយ (កុំឲ្យតែមានយានទៅថតរូប កុំអីមិនដឹងមានស្ថានភាពបែបណាទៀត…)។ ប្រការនេះបាននាំឲ្យយើងគិតថា ព្រះចន្ទមិនវិលជុំវិញខ្លួនឯង ឬមានរង្វិលខ្ញាល់នោះទេ… ប៉ុន្តែការគិតបែបនេះគឺខុសទាំងស្រុង

ចូរតាមដានវីដេអូបង្កើតឡើងដោយ NASA នេះឲ្យល្អិតល្អន់… វាពិតជាបង្ហាញថា ព្រះចន្ទក៏វិលជុំវិញខ្លួនឯងដែរ គ្រាន់តែការវិលនោះប្រើប្រាស់ពេលប្រមាណ ២៧.៣ថ្ងៃ នៃពេលវេលាលើផែនដីដើម្បីវិលបានមួយជុំខ្លួនឯង ហើយថេរវេលានេះគឺមានសមកាលកម្ម (synchronization) ឬបើនិយាយឲ្យកាន់តែងាយយល់គឺ «សង់តង់គ្នា» ជាមួយនឹងថេរវេលាដែលព្រះចន្ទគោចរជុំវិញភពផែនដីបាន១ជុំ (២៧.៣ថ្ងៃដូចគ្នា) ដូច្នេះហើយទើបយើងអាចឃើញតែផ្នែកមួយចំហៀងរបស់ព្រះចន្ទ ទោះបីព្រះចន្ទកំពុងរង្វិលជុំវិញខ្លួនឯងដែរ… ហើយស្ថានភាពបែបនេះ អាចកើតឡើងទៅបានព្រោះតែការផ្សាភ្ជាប់គ្នាពីកំណើត រវាងកម្លាំងទំនាញផែនដី និងព្រះចន្ទនោះឯង…។

៣៖ តើព្រះចន្ទកំពុងឃ្លាតឆ្ងាយពីផែនដីមែនឬទេ?

កន្លងមកនេះមានព័ត៌មានច្រើនណាស់ ដែលចុះផ្សាយអំពីរឿងនេះ ហើយភាគច្រើនគឺបញ្ចេញប្រតិកម្មជ្រុល និងខ្លះបានថែមល្បោយនាំឲ្យខុសរសជាតិដើមផងក៏មាន…។ ឥលូវមកស្តាប់ខ្ញុំបកស្រាយវិញ! យោងតាមមជ្ឈមណ្ឌលសង្កេតតារាសាស្ត្រជាតិតាមរលកវិទ្យុ (NRAO) នៃសហរដ្ឋអាមេរិក បានអះអាងថា ព្រះចន្ទពិតជាកំពុងឃ្លាតឆ្ងាយពីភពផែនដីយើងមែន ប៉ុន្តែគឺក្នុងកម្រិត ៣.៨២សង់ទីម៉ែត្រក្នុង១ឆ្នាំ៣.៨២ម៉ែត្រ ក្នុងរយៈពេល ១០០ឆ្នាំតែប៉ុណ្ណោះ…។

យោងតាមតួលេខខាងលើនេះ ទោះបីជា១លានឆ្នាំទៀត បើមនុស្សនៅមានវត្តមានលើផែនដី ក៏នឹងមិនអាចមើលឃើញបម្រែបម្រួលអ្វីដែរ ហើយបាតុភូតនេះគឺជាដំណើរធម្មជាតិនៃការកកើតផ្កាយ ភព និងព្រះចន្ទ ដែលកើតចេញពីកម្លាំងទំនាញនោះ ដែលពីដំបូងត្រូវមានភាពពុះកញ្ជ្រោល និងកៀកកិតគ្នា ហើយយូរៗទៅក៏ស្ងប់ស្ងាត់ និងឃ្លាតឆ្ងាយពីគ្នា… លុះរហូតដល់ព្រះអាទិត្យរីកមាឌក្លាយជាតារាយក្សក្រហម ទើបទីបញ្ចប់នៃគ្រប់យ៉ាងមកដល់…។ យើងក៏មិនបាច់ភ័យព្រួយថា នឹងមានព្រោះធម្មជាតិកើតឡើងអ្វីនោះដែរ ព្រោះវាកើតឡើងយឺត និងសម្របទៅតាមដំណើរនៃធម្មជាតិ…។

៤៖ ហេតុអ្វីព្រះចន្ទមានពន្លឺ?

សំនួរនេះមិនបាច់ Cambo Space ឆ្លើយម្តងទៀត ក៏បងប្អូនទំនងជាបានយល់ដឹងរួចហើយដែរ… ប៉ុន្តែពេលនេះឆ្លើយម្តងទៀតក៏បាន…។ មូលហេតុដែលព្រះចន្ទក៏មានពន្លឺដែរនោះ គឺដោយសារតែព្រះចន្ទ មានផ្ទៃពណ៌ប្រផេះ ហើយផ្ទៃបែបនេះពេលត្រូវពន្លឺព្រះអាទិត្យចាំងចំក៏ងាយនឹងបង្កើតចំណាំងផ្លាតទៅកាន់ទីអវកាសវិញដែរ ជាពិសេសមកកាន់ភពផែនដីយើងតែម្តង… ព្រោះព្រះចន្ទជាកម្មសិទ្ធិរបស់ផែនដីនោះអី…។

ជាឧទាហរណ៍ងាយៗដើម្បីឲ្យឆាប់យល់ នោះគឺប្រសិនបើបងប្អូនយកគ្របឆ្នាំងធំមួយ (មុខកាត់កន្លះម៉ែត្រ) យកដាក់ឲ្យបំផ្លាតពន្លឺព្រះអាទិត្យ នោះវានឹងមានចំណាំងពន្លឺខ្លាំង ទៅកាន់ទិសដែលស្ថិតនៅពីមុខគម្រងឆ្នាំងនោះមិនខាន… ចុះទម្រាំព្រះចន្ទដែលមានមុខកាត់ដល់ទៅ ៣,៧៧៤km? ដូច្នេះទើបចំណាំងផ្លាតពន្លឺព្រះអាទិត្យទៅលើផ្ទៃព្រះចន្ទ ដែលជះមកកាន់ផែនដីវិញ អាចបំភ្លឺភពផែនដីពេលរាត្រីបានគួរសម បើទោះបីជាព្រះចន្ទស្ថិតនៅចម្ងាយជាមធ្យមរហូតដល់ទៅ ៣៨៤,៤០០km ពីយើង និងការបំផ្លាតពន្លឺនោះមានត្រឹមតែ ១២% ដោយសារព្រះចន្ទមានកម្រិតបំផ្លាត (Albedo) ទាបក៏ដោយ។

៥៖ តើព្រះចន្ទធ្លាប់មានជីវិតដូចផែនដីទេ?

នេះជាសំនួរដែលមិនទាន់មានចម្លើយនោះទេ…។ យោងតាមអង្គការ NASA យើងមិនទាន់រកឃើញភស្តុតាងណាមួយ ដើម្បីបញ្ជាក់ថាព្រះចន្ទ ធ្លាប់មានជីវិតដែរ ឬមួយក៏អត់នោះឡើយ។ ទោះបីជាបែបនេះក្តី ភស្តុតាងដែលត្រូវបានរកឃើញជាក់ស្តែង រហូតមកដល់នឹងពេលនេះ (រួមទាំងសំណាក ឬ Samples បានមកពីបេសកកម្ម Apollo) បានបញ្ជាក់យ៉ាងច្បាស់ថា «ព្រះចន្ទមិនដែលធ្លាប់មានជីវិតទេ…»។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រក៏នៅតែមិនទាន់បោះបង់ចោល ការវិភាគ និងសិក្សាត្រឹមនេះដែរ ជាពិសេសសម្រាប់បេសកកម្មសិក្សាផ្ទាល់ៗនៅថ្ងៃអនាគត ដូចជា Artemis ជាដើម។ អ្វីដែលក្រុមអ្នកវិទ្យាសាស្ត្របានដឹងត្រឹមពេលនេះ គឺព្រះចន្ទក៏អាចធ្លាប់ជាកន្លែង ដែលផ្តល់ឱកាសដល់ជីវិតកកើតផងដែរ កាលពីខ្ទង់ ៣-៤ពាន់លានឆ្នាំមុន តាមរយៈការមានសកម្មភាពភ្នំភ្លើង និងចំហាយទឹកជាដើម គ្រាន់តែក្រុមអ្នកវិទ្យាសាស្ត្ររកមិនទាន់ឃើញភស្តុតាងដែលបញ្ជាក់ថា អំលុងពេលនោះជីវិតអាចកកើតឡើងរួចដែរ ឬមួយក៏អត់នៅឡើយ…៕

រូបភាពព្រះចន្ទបានមកពីបេសកកម្ម Artemis II (Credit: NASA / Artemis Mission)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦)

Comments (0)
Add Comment