សំនួរទាំង «៥» អំពីព្រះចន្ទ ដែលលោកអ្នកធ្លាប់ងឿងឆ្ងល់អស់ជាយូរ…

20

(បរទេស)៖ ក្រោយពីបានតាមដានបេសកកម្ម Artemis II ប្រកបដោយភាពរំភើបញាប់ញ័ររួចមក ទស្សនៈដែលថា ឋានព្រះចន្ទនឹងក្លាយជាជម្រកទី ២ សម្រាប់មនុស្សលោកក្រៅពីភពផែនដីនោះ ហាក់មិនមែនជារឿងអ្វីចម្លែកប្លែកត្រចៀកទៀតឡើយ… ប៉ុន្តែចម្ងល់មួយចំនួនប្រាកដជានៅមាន ហើយក៏ត្រូវការការបកស្រាយផងដែរ…។ អូខេ! ពេលនេះ Cambo Space នឹងធ្វើការបកស្រាយចម្ងល់ចំនួន ៥ ដែលប្រិយមិត្តមួយចំនួនបានសាកសួរអំពីព្រះចន្ទ ហើយយ៉ាងហោចណាស់ក្នុងមាន ១ ដែរដែលលោកអ្នកអាចឆ្ងល់ដូចគ្នា៖

១៖ តើព្រះចន្ទមានបរិយាកាសឬទេ?

យោងតាមអង្គការ NASA ព្រះចន្ទរបស់ផែនដីយើងនេះ ក៏មានបរិយាកាសដែរ ប៉ុន្តែវាស្តើងខ្លាំងណាស់ ដែលសឹងតែអាចចាត់ទុកថាគ្មានបាន… ប៉ុន្តែយោងតាមលក្ខខណ្ឌធម្មជាតិ ទើបក្រុមអ្នកវិទ្យាសាស្ត្រចាត់ថា ព្រះចន្ទក៏មានបរិយាកាស និងហៅវាថា Lunar exosphere។

ប្រសិនបើយើងដើរលើព្រះចន្ទ យើងសឹងតែមិនគិតថា ព្រះចន្ទមានបរិយាកាសនោះទេ ព្រោះយើងនឹងឃើញតែភាពទទេប៉ុណ្ណោះ…។ ផ្ទុយពីផែនដី ដែលមានបរិយាកាសក្រាស់ និងម៉ូលេគុលនៃសមាសធាតុនានា កំពុងប្រទាក់ក្រលាគ្នាយ៉ាងហាប់ណែន ស្រោបជុំវិញភពទាំងមូលនោះ បរិយាកាសព្រះចន្ទវិញមានសភាពស្តើងខ្លាំង និងស្ថិតនៅដាច់ៗពីគ្នាតាមតំបន់ ដោយភាគច្រើនជាកម្ទេចនៃសមាសធាតុ អេល្យ៉ូម (helium), ណេអុង (neon) និងអាហ្គុង (argon) ជាដើម។

២៖ តើព្រះចន្ទវិលជុំវិញខ្លួនឯងដែរឬទេ?

សំនួរនេះគឺពេញនិយមណាស់… យើងក៏អាចសួរបែបនេះវិញផងដែរថា តើព្រះចន្ទមានរង្វិលខ្ញាល់ (spinning) ដែរឬអត់? ពិតណាស់! មនុស្សលើផែនដីតែងតែមើលឃើញ ផ្នែកមួយចំហៀងរបស់ផែនដី ដែលយើងហៅថា near side ប៉ុណ្ណោះ ខណៈផ្នែកមួយចំហៀងទៀតគឺ far side យើងមិនដែលឃើញឡើយ…។ ប្រការនេះបាននាំឲ្យយើងគិតថា ព្រះចន្ទមិនវិលជុំវិញខ្លួនឯង ឬមានរង្វិលខ្ញាល់នោះទេ… ប៉ុន្តែការគិតនេះ គឺខុសទាំងស្រុង។

ចូរតាមដានវីដេអូបង្កើតឡើងដោយ NASA នេះឲ្យល្អិតល្អន់… វាពិតជាបង្ហាញថា ព្រះចន្ទក៏វិលជុំវិញខ្លួនឯងដែរ គ្រាន់តែការវិលនោះប្រើប្រាស់ពេលប្រមាណ ២៧.៣ថ្ងៃ នៃពេលវេលាលើផែនដី ដើម្បីវិលបានមួយជុំខ្លួនឯង ហើយថេរវេលានេះ គឺមានសមកាលកម្ម (synchronization) ឬបើនិយាយឲ្យកាន់តែងាយយល់គឺ «សង់តង់គ្នា» ជាមួយនឹងថេរវេលាដែលព្រះចន្ទគោចរជុំវិញភពផែនដីបាន១ជុំ (២៧.៣ថ្ងៃដូចគ្នា) ដូច្នេះហើយទើបយើងអាចឃើញតែផ្នែកមួយចំហៀងរបស់ព្រះចន្ទ ទោះបីព្រះចន្ទកំពុងរង្វិលជុំវិញខ្លួនឯងដែរបែបនេះ…។

៣៖ តើព្រះចន្ទកំពុងឃ្លាតឆ្ងាយពីផែនដីមែនឬទេ?

កន្លងមកនេះ មានអត្ថបទច្រើនណាស់ ដែលចុះផ្សាយអំពីរឿងនេះ ហើយភាគច្រើនគឺ បញ្ចេញប្រតិកម្មជ្រុល…។ ឥលូវមកស្តាប់ខ្ញុំវិញ! យោងតាម មជ្ឈមណ្ឌលសង្កេតតារាសាស្ត្រជាតិតាមរលកវិទ្យុ (NRAO) នៃសហរដ្ឋអាមេរិក បានអះអាងថា ព្រះចន្ទពិតជាកំពុងឃ្លាតឆ្ងាយពីភពផែនដីយើងមែន ប៉ុន្តែគឺក្នុងកម្រិត ៣.៨២សង់ទីម៉ែត្រក្នុង១ឆ្នាំ ឬ ៣.៨២ម៉ែត្រ ក្នុងរយៈពេល ១០០ឆ្នាំ…។

យោងតាមតួលេខខាងលើនេះ ទោះបីជា១លានឆ្នាំទៀត បើមនុស្សនៅមានវត្តមានលើផែនដី ក៏នឹងមិនអាចមើលឃើញបម្រែបម្រួលអ្វីដែរ ហើយបាតុភូតនេះ គឺជារឿងធម្មជាតិសម្រាប់ ការកកើតផ្កាយ ភព និងព្រះចន្ទ ដែលកើតចេញពីកម្លាំងទំនាញនោះ។ យើងក៏មិនបាច់ភ័យព្រួយថា នឹងមានព្រោះធម្មជាតិកើតឡើងអ្វីនោះដែរ ព្រោះវាកើតឡើងយឺត និងគ្រប់យ៉ាងសម្របទៅតាមដំណើរនៃធម្មជាតិ។

៤៖ ហេតុអ្វីព្រះចន្ទមានពន្លឺ?

សំនួរនេះមិនបាច់ Cambo Space ឆ្លើយម្តងទៀត ក៏បងប្អូនទំនងជាបានយល់ដឹងរួចហើយដែរ… ប៉ុន្តែពេលនេះឆ្លើយម្តងទៀតក៏បាន…។ មូលហេតុដែលព្រះចន្ទក៏មានពន្លឺដែរនោះ គឺដោយសារតែព្រះចន្ទ មានផ្ទៃពណ៌ប្រផេះ ហើយផ្ទៃបែបនេះពេលត្រូវពន្លឺព្រះអាទិត្យចាំងចំ ងាយនឹងបង្កើតចំណាំងផ្លាតទៅកាន់ទីអវកាសវិញ ជាពិសេសមកកាន់ភពផែនដីយើងតែម្តង។

ឧទាហរណ៍ងាយៗ ប្រសិនបើបងប្អូនយកគ្របឆ្នាំងធំមួយ (មុខកាត់កន្លះម៉ែត្រ) យកដាក់បំផ្លាតពន្លឺព្រះអាទិត្យ នោះវានឹងមានចំណាំងពន្លឺខ្លាំង ទៅកាន់ទិសដែលស្ថិតនៅពីមុខវាមិនខាន… ចុះទម្រាំព្រះចន្ទដែលមានមុខកាត់ដល់ទៅ ៣,៧៧៤km ដូច្នេះទើបចំណាំងផ្លាតពន្លឺព្រះអាទិត្យ មកកាន់ផែនដីវិញ អាចបំភ្លឺភពផែនដីពេលរាត្រីបាន បើទោះបីជាព្រះចន្ទស្ថិតនៅចម្ងាយជាមធ្យម ៣៨៤,៤០០km ពីយើងក្តី និងការបំផ្លាតពន្លឺនោះមានត្រឹមតែ ១២% ដោយសារព្រះចន្ទមានកម្រិតបំផ្លាញ (Albedo) ទាបក៏ដោយ។

៥៖ តើព្រះចន្ទធ្លាប់មានជីវិតដូចផែនដីទេ?

នេះជាសំនួរដែលមិនទាន់មានចម្លើយនោះឡើយ…។ យោងតាមអង្គការ NASA យើងមិនទាន់រកឃើញភស្តុតាងណាមួយ ដើម្បីបញ្ជាក់ថាព្រះចន្ទ ធ្លាប់មានជីវិត ឬមួយក៏អត់នោះឡើយ។ ទោះបីជាបែបនេះក្តី ភស្តុតាងដែលត្រូវបានរកឃើញជាក់ស្តែង រហូតមកដល់នឹងពេលនេះ (រួមទាំងសំណាក ឬ Samples បានមកពីបេសកកម្ម Apollo) បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះចន្ទមិនដែលធ្លាប់មានជីវិតទេ…។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រមិនដែលបោះបង់ចោល ការវិភាគ និងសិក្សាត្រឹមនេះឡើយ ជាពិសេសសម្រេចបេសកកម្មសិក្សាផ្ទាល់ៗនៅថ្ងៃអនាគត ដូចជា Artemis ជាដើម នឹងព្យាយាមស្វែងរកចម្លើយនេះជាក់ជាមិនខាន។ អ្វីដែលក្រុមអ្នកវិទ្យាសាស្ត្របានដឹងត្រឹមពេលនេះ គឺព្រះចន្ទក៏អាចធ្លាប់ជាកន្លែង ដែលផ្តល់ឱកាសដល់ជីវិតកកើតផងដែរ កាលពីខ្ទង់ ៣-៤ពាន់លានឆ្នាំមុន តាមរយៈការមានសកម្មភាពភ្នំភ្លើង និងចំហាយទឹកជាដើម…៕

សំនួរទាំង «៥» អំពីព្រះចន្ទ ដែលលោកអ្នកធ្លាប់ងឿងឆ្ងល់អស់ជាយូរ…
រូបភាពព្រះចន្ទបានមកពីបេសកកម្ម Artemis II (Credit: NASA / Artemis Mission)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦)

480×240 Banner