ជាង ១០,០០០ភព អាចកំពុងសម្ងំក្នុងទិន្នន័យ NASA? (មានវីដេអូ)

(បរទេស)៖ តើអ្នកធ្លាប់ឈរនៅទីងងឹតមួយ ហើយងើយទៅមើលមេឃរួចកើតចិត្តសង្ស័យថា អាចមានភពណាមួយដែលមានជីវិតរស់នៅ ហើយកំពុងសម្លឹងមករកផែនដីរបស់អ្នកវិញទេ? កាន់តែសិក្សាអំពីប្រធានបទភព និងផ្កាយដទៃច្រើនកាលណា យើងកាន់តែដឹងថា ភពផែនដីទំនងជាមិនឯកោ គ្រាន់តែភពមានជីវិតដូចផែនដីស្ថិតនៅទីណាឲ្យប្រាកដនោះ មិនទាន់អាចឲ្យយើងស្វែងរកឃើញប៉ុណ្ណោះ…។

(ចុចទស្សនាវីដេអូ – ២ព័ត៌មានក្នុងវីដេអូ១)

តួយ៉ាងដូចរូបមួយសន្លឹកនេះ ដែលជាផែនទីត្រូវបានគូសវាសដោយ តេឡេស្កូបអវកាស TESS របស់អង្គការ NASA ហើយលទ្ធផលទាំងអស់នេះស្មើតែមួយសសៃសក់នៃ Milky Way ប៉ុណ្ណោះ…។ មិនត្រឹមតែ TESS ប៉ុណ្ណោះទេ, ទិន្នន័យពីការប្រើប្រាស់ Machine Learning ឬយើងអាចហៅថា AI ក៏បាន បានដាក់ការសង្ស័យរហូតដល់ទៅជាង ១០,០០០ភពឯណោះ។ ឈប់សិន! ម្តេចក៏មានភពច្រើនម្ល៉េះ? ចម្លើយមានជាបន្តបន្ទាប់ដូចខាងក្រោម៖

១៖ បេក្ខភាពជាង ៥,០០០ភព ស្ថិតក្នុងរូបមួយសន្លឹក

មួយសន្លឹកនេះ គឺជាទិដ្ឋភាពផ្ទៃមេឃភពផែនដីទាំងមូលតែម្តង ដែលត្រូវបានគូសវាសចេញពីទិន្នន័យ នៃតេឡេស្កូបអវកាស TESS ដែលបានចេញប្រតិបត្តិការប្រមាញ់ភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanets) តាំងតែពីឆ្នាំ២០១៨។ តើអ្នកទាំងអស់គ្នាឃើញចំណុចអុចៗនៅក្នុងរូបភាពនេះទេ? ទាំងអស់នេះមានសរុបចំនួនជិត ៦,០០០ចំណុច ក្នុងនោះពណ៌ខៀវ (blue) មានចំនួន ៦៧៥ចំណុច តំណាងឲ្យភព Exoplanets ដែល TESS បានបញ្ជាក់វត្តមានជាផ្លូវការ និង ៥,១៦៥ចំណុចទៀតមានពណ៌ទឹកក្រូច (orange) តំណាងឲ្យបេក្ខភាពភព (candidates) កំពុងវង់ចាំការបញ្ជាក់វត្តមានពិតដោយ TESS និងបេសកកម្មអនាគត។

(Image Credit: NASA)

ជុំវិញសមិទ្ធផលរបស់ TESS នេះ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Rebekah Hounsell មកពីមជ្ឈមណ្ឌលអវកាស Goddard Space Flight Center នៃអង្គការ NASA បានគូសបញ្ជាក់នៅក្នុងខែឧសភា ឆ្នាំ២០២៦នេះថា «អំលុងពេល ៨ឆ្នាំមកនេះ TESS បានដើរតួជាប្រព័ន្ធលំហូរដ៏សកម្មនៃចំណេះដឹងចំពោះផ្នែកវិទ្យាសាស្ត្រ Exoplanet។ TESS បានជួយយើងឲ្យរកឃើញ ភពតូចធំក្នុងចំនួនដ៏ច្រើន រាប់ចាប់ពីភពតូចៗដែលស្រដៀងនឹងភពពុធ (Mercury) រហូតដល់ភពធំជាងភពព្រហស្បតិ៍ (Jupiter) របស់យើងទៅទៀត…។ អ្វីដែលកាន់តែពិសេស ភពខ្លះកំពុងស្ថិតក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ដោយអាចមានទឹកគ្របដណ្តប់លើផ្ទៃរបស់វា ព្រមទាំងអាចមានបរិយាកាសស្រដៀងភពផែនដី ដែលទាំងអស់នេះពិតជាកត្តាដ៏ចាំបាច់ក្នុងការជួយយើងឲ្យបន្តការស្វែងរក ទីឋានមានជីវិតនៅក្រៅភពផែនដី…»។

២៖ ភពជាង ១០,០០០ អាចកំពុងលាក់ខ្លួនក្នុងទិន្នន័យ NASA

បន្ថែមពីលើទិន្នន័យរបស់ TESS ខាងលើនេះ កម្មវិធីសិក្សា Machine Learning ឬយើងអាចចាត់ទុកថាជា AI ក៏បាន បានបង្ហាញថា ភពដែលស្ថិតនៅក្នុងការសង្ស័យ នៅក្នុងទិន្នន័យផ្តិតបានដោយតេស្តនោះអាចមានដល់ទៅ ១០,០៩១ភពឯណោះ។ ទោះជាបែបនេះក្តី វាត្រឹមជាទិន្នន័យសរុបចំពោះចំណុចនានាដែលស្ថិតក្នុងការសង្ស័យប៉ុណ្ណោះ ហើយប្រសិនបើការសិក្សាស្វែងរក ធ្វើឡើងចំពោះចំណុចសង្ស័យទាំងនោះ វាក៏នឹងមានលទ្ធភាពជាច្រើនអាចកើតឡើងដូចរាល់ដងផងដែរ នោះគឺចំណុចខ្លះអាចត្រឹមវត្ថុអ្វីផ្សេង, ខ្លះទៀតអាចជាភព Exoplanets ពិតមែន និងខ្លះទៀតត្រឹមជាចំណុចមិនច្បាស់ (noise) តែប៉ុណ្ណោះ។

៣៖ ចំនួនភពផ្លូវការសរុប និងផ្កាយដែល TESS បានសង្កេត

គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ ភព Exoplanets សរុប ៦,២៩១ភពហើយ ត្រូវបានបញ្ជាក់វត្តមានជាផ្លូវការ នៅក្នុងប្រព័ន្ធផ្កាយសរុបជាង ៤,៧០០ប្រព័ន្ធ ដែលតេឡេស្កូបអវកាស Kepler, Hubble, TESS និងតេឡេស្កូបលើកដីមួយចំនួនទៀតជាដើមបានធ្វើការសង្កេតរកឃើញ គិតចាប់តាំងពីឆ្នាំ១៩៩៥ នៃការរកឃើញភព Exoplanet ដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ យ៉ាងណាក៏ដោយ នៅក្នុងរយៈពេល ៨ឆ្នាំនៃប្រតិបត្តិការរបស់ TESS តេឡេស្កូបអវកាសនេះបានចោលកាណុងកាត់ផ្កាយសរុប ៨៣លានដួង នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ តែយើងទទួលបានលទ្ធផលត្រឹមភពប៉ុន្មានពាន់នេះ វាជាការបញ្ជាក់រួចទៅហើយពីសមត្ថភាពនៅមានកម្រិត ចំពោះមុខកាឡាក់ស៊ីដ៏មហាធំធេងរបស់មនុស្សលោក។

(Image Credit: NASA)

គួរបញ្ជាក់តាមការព្យាករណ៍ដោយអ្នកជំនាញអង្គការ NASA បង្ហាញថា នៅក្នុងកាឡាក់ស៊ី Milky Way ដែលមានអង្កត់ផ្ចិតជាង ១០០,០០០ឆ្នាំពន្លឺមួយនេះ អាចមានភព Exoplanets សរុបចាប់ពី ១០០ពាន់លាន ទៅ ១ទ្រីលានភពឯណោះ ខណៈផ្កាយវិញគឺអាចមានចំនួនចាប់ពី ១០០ពាន់លាន ទៅ ៤០០ពាន់លានដួង។ ការគណនានេះក៏មានន័យថា នៅជុំវិញប្រព័ន្ធផ្កាយនិមួយៗ អាចមានភពយ៉ាងហោចណាស់ជាមធ្យមគោចរជុំវិញពួកវា…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា) (ទំនាក់ទំនងទិញអត្ថបទ៖ 070 666 553)
ប្រភព៖ NASA via SPACE (ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦)

Comments (0)
Add Comment